(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញសារសំខាន់ៗ ដើម្បីផ្សព្វផ្សាយក្នុងយុទ្ធនាការ អបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ»។
សារសំខាន់ៗ របស់ក្រសួងកិច្ចការនារី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ រួមមាន៖
១៖ អរគុណ សម្តេចតេជោនាយករដ្ឋមន្ដ្រី ដែលបានដឹកនាំកម្ពុជា ឲ្យមានសន្តិភាព
២៖ អរគុណ សន្តិភាព ដែលធ្វើឲ្យប្រទេសជាតិរីកចម្រើនរុងរឿង
៣៖ រួមគ្នាថែរក្សាសន្តិភាព ធានាបានសមភាពយេនឌ័រ ប្រកបដោយបរិយាប័ន្ន
៤៖ វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព
៥៖ ស្រ្តីរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ
៦៖ មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ។
ក្រសួងកិច្ចការនារី គឺជាយន្តការជាតិមួយ សម្រាប់លើកកម្ពស់ស្ថានភាពស្ត្រី នៅក្នុងប្រទេសកម្ពុជា។ ក្រសួងត្រូវបានបង្កើតឡើង ដើម្បីធ្វើការដឹកនាំ សម្របសម្រួល និងជំរុញកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដើម្បីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី នៅក្នុងប្រទេសកម្ពុជា។
ក្រសួងកិច្ចការនារី ដើរតួនាទីជាអ្នកជំរុញ (កាតាលីករ) ស្វែងរកការគាំទ្រមតិ ដើម្បីលើកទឹកចិត្តក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល ព្រមទាំង វិស័យឯកជនក្នុងការបញ្ចូល សមភាពយេនឌ័រ ទៅក្នុងគោលនយោបាយ និងកម្មវិធីនានារបស់ខ្លួន។
ក្រសួងកិច្ចការនារី ក៏ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ អំពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រដ្ឋាភិបាល សំដៅធ្វើឱ្យសម្រេចបាននូវសមភាពយេនឌ័រ។ ក្រសួង មានប្រភពចេញមកពី លេខាធិការដ្ឋានកិច្ចការនារី ដែលបានបង្កើតនៅ ក្នុងឆ្នាំ១៩៩៣។
លេខាធិការដ្ឋាននេះ ត្រូវបានជំនួស ដោយក្រសួងកិច្ចការនារី នៅក្នុងខែមករា ឆ្នាំ១៩៩៦ នឹងបន្ទាប់មកទៀត មានឈ្មោះថា ក្រសួងកិច្ចការនារី និងអតីតយុទ្ធជនពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០៤។ នៅពេលដែលរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតនៅក្នុងខែកក្កដា ឆ្នាំ២០០៤ ក្រសួងនេះ ត្រូវបានប្តូរឈ្មោះមកជា ក្រសួងកិច្ចការនារី វិញ។
ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៩ ក្រសួងកិច្ចការនារី និងអតីតយុទ្ធជនបានបោះពុម្ភផ្សាយជាលើកដំបូង នូវផែនការយុទ្ធសាស្ត្រជាតិរយៈពេល ៥ឆ្នាំស្តីពីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី (ផែនការនារីរតនៈ ទី១)៕