(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard បានក្លាយជាប្រតិបត្តិករទូរគមនាគមន៍ដំបូងគេ នៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួន អាចប្តូររូបិយប័ណ្ណអេឡិចត្រូនិច ជាមួយនឹងទឹកប្រាក់ សម្រាប់បញ្ចូលប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន សែលកាត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
គំនិតច្នៃប្រឌិតថ្មីនេះ អាចលេចចេញជារូបរាងទៅបាន អាស្រ័យដោយការចង់ទំនាក់ទំនងជាដៃគូជាមួយ Electroneum ដែលជាក្រុមហ៊ុនបម្រើរូបិយប័ណ្ណអេឡិចត្រូនិច មានមូលដ្ឋាន នៅក្នុងចក្រភពអង់គ្លេស។ បច្ចុប្បន្ន Electroneum មានអ្នកប្រើប្រាស់ប្រមាណជាង៣៤០,០០០នាក់ នៅទូទាំងពិភពលោក។ ហើយមកទល់ពេលនេះ ប្រព័ន្ធកម្មវិធីរបស់ពួកគេ បានទាក់ទាញអ្នកប្រើប្រាស់ជាង៣,៥០០នាក់ នៅក្នុងប្រទេសកម្ពុជា។
អ្នកប្រើប្រាស់គ្រប់រូប សុទ្ធតែអាចទាញយកកម្មវិធី Electroneum មកប្រើប្រាស់បានទាំងអស់ ដោយវិធីដ៏សាមញ្ញបំផុតនោះ គឺការចុះឈ្មោះ ដើម្បីចាប់ផ្តើមដំណើរការ រូបិយប័ណ្ណ Electroneum ឬដើម្បីទទួលបាន ETN Rewards។ សម្រាប់អ្នកដែលតែងតែសកម្ម ក្នុងការប្រើប្រាស់ Electroneum នឹងអាចទទួលបាន ETN Rewards ដែលមានតម្លៃស្មើនឹង៣ដុល្លារ ក្នុងមួយខែ ហើយរង្វាន់នេះ អាចប្រើប្រាស់បាន សម្រាប់បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ ក្នុងប្រព័ន្ធសែលកាត។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីជួយផ្តល់ជូនអតិថិជន នូវតម្លៃបន្ថែមនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាជួយបង្កើនចំណេះដឹង ផ្នែកឌីជីថលដល់បងប្អូនពលរដ្ឋខ្មែរផងដែរ។
លោក Watson បានបន្តថា «ប្រាក់ចំនួន៣ដុល្លារ ក្នុងមួយខែគឺគ្រប់គ្រាន់ សម្រាប់អតិថិជនទូទៅអាចប្រើប្រាស់ ដើម្បីភ្ជាប់គម្រោងសម្រាប់ការហៅទូរស័ព្ទចេញ និងប្រើប្រាស់អ៊ីនធើណិត ដែលក្នុងនោះ មានដូចជាគម្រោងប្តូរលុយ Osja Xchange ជាដើម។ នេះគឺជាមធ្យោបាយមួយទៀត ដែលក្រុមហ៊ុនសែលកាត អាចតបស្នងជួយទៅដល់សហគមន៍វិញបាន ហើយក៏ដើម្បីផ្តល់នូវគុណតម្លៃ និងអត្ថប្រយោជន៍កាន់តែច្រើនឡើង ជូនដល់អតិថិជន ដែលកំពុងប្រើប្រាស់ បណ្តាញសែលកាត»។
លោក Watson បានថ្លែងទៀតថា គ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវតែមានភាពប្រាកដនិយម ចំពោះវិធីសាស្រ្តរបស់ពួកគេ ក្នុងការគិតគូរអំពីការបំពេញ តម្រូវការ នៃរបៀបរស់នៅ ក្នុងសម័យឌីជីថលរបស់អតិថិជន។
លោកថា «អាជីពដែលកូនចៅជំនាន់ក្រោយៗរបស់យើង ជ្រើសរើសយក ដើម្បីចិញ្ចឹមជីវិតនិងវិធីសាស្រ្តប្រើប្រាស់ សម្រាប់រកប្រាក់ចំណូល នឹងមានភាពខុសគ្នាឆ្ងាយ ជាមួយពេលបច្ចុប្បន្ននេះ។ ជំនួសឲ្យវិញ ពួកគេនឹងចូលរួមហើយក្លាយ ជាផ្នែកមួយនៃសេដ្ឋកិច្ចឌីជីថលសកល ដែលជាកន្លែងរូបិយប័ណ្ណ និងជំនាញឌីជីថល ត្រូវបានដោះដូរយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត នៅលើប្រព័ន្ធទីផ្សារសកល»។
លោក Richard Ellis នាយកប្រតិបត្តិ Electroneum បានឲ្យដឹងថា ក្រុមការងាររបស់លោក ពិតជាមានក្តីរំភើបរីករាយជាខ្លាំង ក្នុងការចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនសែលកាត នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនរបស់លោក បានដំណើរការដោយជោគជ័យ នៅក្នុងប្រទេសប្រេស៊ីល ទួរគី និងប្រទេសក្នុងតំបន់អាហ្វ្រិកចំនួន៤ទៀត។
លោក Ellis បានបន្តទៀតថា «យើងបានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់និងសហគមន៍ជាច្រើន អាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស ជាមួយការប្រើប្រាស់ Electroneum ជារូបិយប័ណ្ណប្រចាំថ្ងៃ ហើយយើងក៏រំពឹងទុកថាវិស័យសហគ្រាស នៅក្នុងប្រទេសកម្ពុជា នឹងអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សដូចគ្នា។
លោកបានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅអាស៊ី ដែលមានក្រុមហ៊ុនទូរគមនាគមន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងមានសមត្ថភាពឈានមុខគេ ដែលយើងពុំធ្លាប់បានជួបប្រទះកន្លងមក»។
នាយកប្រតិបត្តិ Electroneum បានឲ្យដឹងទៀតថា យើងប្រមើលមើលឃើញថា ការចាប់ដៃគូជាមួយក្រុមហ៊ុនសែលកាត គឺជាវិធីសាស្រ្តដ៏ល្អបំផុតមួយ ក្នុងការធានានូវការរួមបញ្ចូលប្រទេសកម្ពុជា ទៅក្នុងសេដ្ឋកិច្ចសកលដ៏ធំសម្បើម ហើយក៏ដើម្បីផ្តល់ការលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ ជាពិសេសយុវជន ដែលនឹងក្លាយជាអ្នកដឹកនាំសេដ្ឋកិច្ចឌីជីថល នាពេលអនាគតផងដែរ៕