(សៀមរាប)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ម្ចាស់សហគ្រាសទាំងអស់ នៅខេត្តសៀមរាប ពិសេសម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលទទួលបានការលើកលែងពន្ធ និងការធ្វើសវនកម្ម សូមប្រកាសពន្ធដោយស្មោះត្រង់។
ការស្នើនេះធ្វើឡើង ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «វិធានការសម្រួលផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់ លើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យអចលនទ្រព្យ» ព្រមទាំងផ្សព្វផ្សាយអំពី «ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (E-Filing) និងវិធានវិក្កយបត្រទម្រង់ថ្មី» នៅខេត្តសៀមរាប ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានរបស់ពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានដកស្រង់សំដីលោក គង់ វិបុល យ៉ាងដូច្នេះថា «សហគ្រាសទាំងអស់ ត្រូវពង្រឹងអនុលោមភាពសារពើពន្ធ ក្នុងនោះស្មោះត្រង់ក្នុងការប្រកាសជូនរដ្ឋបាល ក្នុងអំឡុងពេលលើកលែងពន្ធពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០ ទោះបីដឹងថាសហគ្រាសរួចផុត ពីការធ្វើសវនកម្មពេញលេញ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០»។
ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងស្ថានការ នៃផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងទ្រទ្រង់នូវកំណើនសេដ្ឋកិច្ច លោក គង់ វិបុល បានស្នើឱ្យគ្រប់សហគ្រាសទាំងអស់ អនុវត្តតាមយន្តការដូចខាងក្រោម៖
១៖ ទោះពីទទួលបានការ លើកលែងការបង់ពន្ធ-អាករប្រចាំខែគ្រប់ប្រភេទ សហគ្រាសទាំងអស់នៅតែត្រូវដាក់លិខិតប្រកាសប្រចាំខែ និងប្រើប្រាស់ប្រព័ន្ធ E-VAT ជាធម្មតា ដែលតាមរយៈយន្តការនេះ គឺបង្ហាញអំពីការបន្តចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធ និងម៉្យាងវិញទៀតអាចឱ្យវាស់វែងបាន នូវទំហំនៃចំណាយរបស់រាជរដ្ឋាភិបាល សម្រាប់គាំទ្រឧបត្ថម្ភដល់វិស័យនេះ។ អគ្គនាយកដ្ឋានពន្ធដារ បានកែសម្រួលនិងបច្ចុប្បន្នភាពប្រព័ន្ធ E-VAT រួចរាល់សម្រាប់ការអនុវត្តវិធានការនេះ។
២៖ ប្រើប្រាស់រយៈពេលនៃការធ្លាក់ចុះនៃភ្ញៀវទេសចរ (Low Season) ដើម្បីកែលម្អរហេដ្ឋរចនាសម្ព័ន្ធរបស់ខ្លួន (Hotel Facility Re-innovation) ជាជាងធ្វើឡើងក្នុងពេលណាក្រោយ ដែលស្ថិតនៅក្នុងរដូវកាលដែលមានភ្ញៀវច្រើន (High Season)។
៣៖ ពង្រឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងស្មើរភាព (Fair Competition) ដោយជៀសវាងការប្រើប្រាស់ ការធ្វើសង្គ្រាមថ្លៃ (Price War) ជាយុទ្ធសាស្ត្រប្រកួតប្រជែងដណ្តើមទីផ្សារ និងទាក់ទាញអតិថិជន ហើយអគ្គនាយកដ្ឋានពន្ធដារតែងតែគាំទ្រ ការការអនុវត្តច្បាប់ និងជាពិសេស ពង្រឹងការប្រកួតប្រជែងដោយស្មើរភាព (Level Playing Field) ដែលជាមុំមួយនៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ។
៤៖ បន្ថែមពីលើការទទួលបាននូវការលើកលែងពន្ធប្រថាប់ត្រា សូមអំពាវនាវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ទាំងអស់បញ្ចុះថ្លៃផ្ទះទៅតាមលទ្ធភាពអាចធ្វើទៅបាន ហើយកត្តាដែលជួយទាក់ទាញ និងជំរុញកំណើនលក់ផងដែរនោះគឺ ការបន្ថយអត្រាការប្រាក់ ចំពោះកម្ចីទិញអចលនទ្រព្យនេះផងដែរ ព្រោះកន្លងមកមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន មានសកម្មភាពអាជីវកម្ម ឬភាគីពាក់ព័ន្ធក្នុងការផ្តល់កម្ចី ឬការបង់បណ្តាក់ដោយគិតការប្រាក់ ដែលមានអត្រាមួយសូវទាក់ទាញ។
៥៖ ក្រើនរំលឹកដល់សហគ្រាសទាំងអស់ ដែលបានចូលរួមថា ត្រូវធ្វើការបែងចែកឱ្យដាច់ចំពោះស្ថានភាពអាជីវកម្មឆ្នាំ២០១៩ ពីស្ថានភាពក្នុងឆ្នាំ ២០២០ នេះ ព្រោះឆ្នាំ២០១៩ ជាឆ្នាំដែលកម្ពុជាមានកំណើនសេដ្ឋកិច្ច ហើយស្ថានភាពអាជីវកម្មក្នុងខេត្តសៀមរាប គឺមានភាពរីកចម្រើន និងទទួលបានលទ្ធផលល្អប្រសើរ ដូចនេះ ត្រូវបំពេញកាតព្វកិច្ចពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០១៩ ដោយប្រកាស និងបង់ពន្ធឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ចៀសវាងនូវការទទួលរងនូវពិន័យទោសទណ្ឌនានា ជាយថាហេតុ។
៦៖ ចង់ឃើញសហគ្រាសទាំងអស់មានអនុលោមភាព មានភាពស្មោះត្រង់ និងប្រកួតប្រជែងដោយស្មើរភាព ហើយមិនចង់ឃើញសហគ្រាសណាមួយ ទទួលរងនូវពិន័យទោសទណ្ឌឡើយ ហើយក្នុងករណីមិនយល់ស្រប ចំពោះលទ្ធផលសវនកម្ម សូមធ្វើការតវ៉ាតាមនីតិវិធីច្បាប់។
៧៖ ដើម្បីទទួលបានការឆ្លើយតបបានឆាប់រហ័សនិងទាន់ពេលវេលាលើចម្ងល់នានា សូមលើកទឹកចិត្តឱ្យប្រើប្រាស់សេវាជូនអ្នកជាប់ពន្ធ តាមរយៈ Call Center 1277 ដោយមិនគិតថ្លៃ, និង GDT Live Chat ដែលមានកំណើនប្រើប្រាស់គួរឱ្យកត់សម្គាល់ និងពេញនិយមសម្រាប់អ្នកជាប់ពន្ធ និងសាធារណជន ក៏ដូចជា E-mail, Facebook និងការជួបពិគ្រោះផ្ទាល់ជាមួយមន្ត្រីជំនាញ។
លោកក៏បានគូសបញ្ជាក់ដែរថា អគ្គនាយកដ្ឋានពន្ធដារ បានកំពុងរៀបចំ និងសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗជាបន្តបន្ទាប់ ដែលបានដាក់ចេញ និងគ្រោងដាក់ឱ្យអនុវត្តនាពេលឆាប់ៗខាងមុខនេះ ក្នុងគោលដៅពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ក៏ដូចជាឆ្លើយតប និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលបានលើកឡើងដោយផ្នែកឯកជន រួមមាន៖
១៖ ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មី សម្រាប់អ្នកជាប់ពន្ធចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះតទៅ ដែលតាមរយៈប្រព័ន្ធ E-Filing នេះនឹងជួយសម្រួលដល់ការដាក់លិខិតប្រកាសប្រចាំខែ ដោយអ្នកជាប់់ពន្ធអាចបញ្ចូលបញ្ជីទិញ-លក់ ព័ត៌មានពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស ពន្ធលើអត្ថប្រយោជន៍បន្ថែម និងពន្ធ-អាករផ្សេងៗ តាមប្រព័ន្ធអនឡាញ ព្រមទាំងកាត់បន្ថយពេលវេលា និងការលំបាកក្នុងការបំពេញលិខិត ប្រកាសដោយដៃ ជំនួសដោយការបោះពុម្ពរបាយការណ៍ ប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ដោយឡែកសម្រាបអ្នកជាប់ពន្ធតូច គឺអគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍកម្មវិធីប្រកាសពន្ធ សម្រាប់អ្នកជាប់ពន្ធតូចតាមទូរស័ព្ទដៃ ដែលសាមញ្ញា និងងាយស្រួលក្នុងការប្រកាស និងបង់ប្រាក់ពន្ធ។ ជារួមផលិតផលថ្មី នៃសេវាជូនអ្នកជាប់ពន្ធនឹងកាន់តែងាយស្រួលជាងមុន និងចំណេញពេលវេលា សម្រាប់ការប្រកាសនិងបង់ប្រាក់ពន្ធ។
២៖ ដាក់ចេញនូវវិធានវិក្កយបត្រថ្មី ដែលកំណត់ច្បាស់លាស់អំពីវិធី ឬបែបផែននៃការប្រើប្រាស់វិក្កយបត្រ ឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវប្រសិទ្ធិភាព និងតម្លាភាពក្នុងការប្រមូលពន្ធ-អាករនានា ដោយអគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងលេខ ៣២១៨ អពដ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការអនុវត្តប្រកាសលេខ ៧២៣សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការប្រើប្រាស់ នៃវិធានវិក្កយបត្រថ្មីនេះ។
៣៖ វិធានការដោះស្រាយបញ្ហាប្រឈម សម្រាប់អាជីវកម្មជាភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ដោយតាមរយៈប្រកាសលេខ ២០៤ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ ស្តីពីកាតព្វកិច្ចសារពើពន្ធចំពោះសហគ្រាស ប្រកបអាជីវកម្មជាភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ដោយបានដាក់ចេញនូវវិធានការអនុវត្តពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក និង VAT ចំពោះភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមកន្លងមករួមមាន ការចេញវិក្ក័យបត្រ, ការទទួលស្គាល់ចំណូលដុល ចំពោះក្រុមហ៊ុនទេសចរណ៍ នាំភ្ញៀវទៅកំសាន្តនៅបរទេស និងចូលមកក្នុងស្រុក (Package Tour) និងមូលដ្ឋានសម្រាប់គិតអាករនិងប្រាក់រំដោះពន្ធ។
ជាមួយគ្នានេះ លោកអគ្គនាយកពន្ធដារសង្ឃឹម និងជឿជាក់ថាតាមរយៈវិធានការបន្ទាន់ របស់រាជរដ្ឋាភិបាលក្នុងការសម្រួលផ្នែកពន្ធដារនេះ សហគ្រាសក្នុងវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងអចលនទ្រព្យដែលទទួលរងផលប៉ះពាល់ នឹងរក្សាបាននូវនិរន្តរភាពនិងពង្រឹងខ្លួន ដើម្បីបន្តជំហានទៅមុខ ព្រមទាំងចូលរួមចំណែក ក្នុងការទាក់ទាញភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ដោយបន្តពង្រឹងគុណភាព និងសេវាទេសចរណ៍ ជូនភ្ញៀវទេសចរ ដែលអញ្ជើញមកស្នាក់នៅ និងលំហែកម្សាន្តនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ៕