(ភ្នំពេញ)៖ ដើម្បីគាំទ្រចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចលើកលែងពន្ធប្រថាប់ត្រា សម្រាប់ផ្ទះ និងខុនដូ ដែលមានតម្លៃចាប់ពីតម្លៃ៧ម៉ឺនដុល្លារ ចុះក្រោមរយៈពេល១ឆ្នាំ និងអំពាវនាវឲ្យម្ចាស់អភិវឌ្ឍន៍បញ្ចុះតម្លៃនោះ, នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់បុរី ឡេង ណាវ៉ាត្រា បានប្រកាសមិនយកការប្រាក់ សម្រាប់អតិថិជនចាស់ដែលបានទិញផ្ទះបង់រំលស់រយៈពេល១ឆ្នាំ។
លោកឧកញ៉ ឡេង ណាវ៉ាត្រា បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះថា «ដើម្បីគាំទ្រ និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលលើកលែងពន្ធប្រថាប់ត្រាសម្រាប់រយៈពេល១ឆ្នាំ ក្រុមហ៊ុនរបស់ខ្ញុំសម្រេចថានឹងមិនយកការប្រាក់ ការបង់រំលស់ផ្ទះរយៈពេល១ឆ្នាំ បានន័យថាអតិថិជនចាស់ទាំងអស់ ដែលពួកគាត់បានទិញដោយបង់រំលស់ គឺក្រុមហ៊ុនអត់គិតការប្រាក់រយៈពេល១ឆ្នាំ»។
លើសពីនេះទៅទៀតនោះ លោកឧកញ៉ាបញ្ជាក់ថា លោកកំពុងសិក្សាពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បីអាចបន្ធូរបន្ថយនូវតម្លៃ និងលក្ខណៈផ្សេងៗទៀត ដើម្បីជួយសម្រួលអតិថិជនដែលទិញផ្ទះពីបុរី ឡេង ណាវ៉ាត្រា គាំទ្រការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន។
សូមជម្រាបថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានចូលជួបពិភាក្សាជាមួយលោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ដើម្បីជម្រាបជូនអំពីគាំទ្ររបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ចំពោះការលើកលែងពន្ធ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បានស្នើដល់ក្រុមហ៊ុនដែលធ្វើការ អភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ពិនិត្យលទ្ធភាព ក្នុងការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះជាចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះផ្ទះដែលមានតម្លៃ៧ម៉ឺនដុល្លារចុះក្រោម រយៈពេល១ឆ្នាំ។
ការលើកលែងពន្ធប្រថាប់ត្រានេះ សម្រាប់តែក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលមានចុះបញ្ជីជាមួយក្រសួង និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ៕