(កំពង់ស្ពឺ)៖ ពលទាហានថ្មី បំពេញក្របខ័ណ្ឌទ័ពជើងគោក ត្រូវបានចូលបណ្តុះបណ្តាលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក ពេជ្រនិល ខេត្តកំពង់ស្ពឺ ដែលពិធីបើកវគ្គហ្វឹ្ហកហ្វឺនដល់ទ័ពថ្មីនេះ ស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈុន ឆេង នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ឈុន ឆេង បានសម្តែងការចូលរួមអបអរសាទរចំពោះក្មួយៗ យុវជន យុវនារីទាំងអស់ ដែលបានស្ម័គ្រចិត្ត ចូលបម្រើកងទ័ព ជាពិសេសការក្លាយខ្លួនពីជនស៊ីវិល ទៅជាពលទាហានមានសមត្ថភាព ក្នុងការបន្តវេនកងទ័ពជើងគោក ។

ឧត្តមសេនីយ៍ទោ ឈុន ឆេង បានបន្តថា ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងវិស័យខឿនការពារជាតិ។ រីឯកងទ័ពត្រូវបានការបណ្តុះបណ្តាល និងធ្វើទំនើបកម្មដើម្បបន្តវេន ដោយបានជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងទ័ព តាមរយៈការដាក់ពាក្យប្រឡងជានាយទាហាន និងតាមរយៈនៃការដាក់ពាក្យជ្រើសរើស របស់គណៈកម្មការជ្រើសរើសទ័ពបំពេញគ្របខ័ណ្ឌឱ្យកងទ័ពជើងគោក សម្រាប់យោធិនសោធន៍និវត្តន៍។

ឧត្តមសេនីយ៍ទោ ឈុន ឆេង បានបន្តទៀតថា យើងជាយុវជនត្រូវមានការសម្រេចចិត្តមួយយ៉ាងសំខាន់ ហើយការស្ម័គ្រចិត្តចូលបម្រើកងទ័ព នាពេលនេះ ថាជាការស្ម័គ្រចិត្ត និងសម្រេចចិត្តមួយយ៉ាងត្រឹមត្រូវ ហើយក៏ជាឱកាសមួយដែលក្មួយៗជាយុវជន និងយុវនារីត្រូវរៀបចំខ្លួន និងតាំងចិត្ត តាំងស្មារតីបម្រើជាតិ និងបម្រើប្រជាជន ក្នុងនាមជាអ្នកបវន្តវេន ហើយក៏ជាពេលវេលាដែលប្រទេសជាតិ ស្ថិតនៅក្នុងសុខសន្តិភាព សំរាប់ផ្តល់ឱកាសដល់កងទ័ពធ្វើការហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពផងដែរ។

ឧត្តមសេនីយ៍ទោ ឈុន ឆេង ក៏បានអរគុណក្មួយៗ ដេលបានចូលរួមការពារសុខសន្តិភាព អរគុណសន្តិភាព យើងត្រូវនាំគ្នាបន្តថែរក្សាសន្តិភាព ឱ្យគង់វង្ស យូរអង្វែង និងសម្តែងអំណរគុណ ចំពោះអាណាព្យាបាលដែលបានគាំទ្រ និងបានជំរុញឱ្យកូនៗ និងក្មួយៗ ចូលបម្រើក្នុងជួរកងទ័ព។

ឧត្តមសេនីយ៍ទោ ឈុន ឆេង បានផ្តាំផ្ញើរដល់ប្អូនៗ យុវជន យុវនារី ចូលដល់សាលានាពេលនេះ ត្រូវប្តេជ្ញាចិត្តខ្ពស់ ខិតខំហ្វឹកហាត់លត់ដំខ្លួន គោរពវិន័យ បទបញ្ជាសាលា មានសាមគ្គីភាពផ្ទៃក្នុងល្អ ប្រែក្លាយខ្លួនឱ្យជាកងទ័ពដ៏ល្អ និងជាអ្នកបន្តវេនមានសមត្ថភាព និងមានការសម្រេចចិត្តខ្ពស់ ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន។ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយសូមក្មួយៗ ត្រូវគិតថាពេលនេះក្មួយៗ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ មេបញ្ជាការ និងអង្គភាព គឺក្មួយៗ មិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់ឪពុក ម្តាយរបស់ក្មួយៗ នោះទៀតឡើយ៕