(ភ្នំពេញ)៖ គម្រោង «សិល្បៈស្រុកយើង» ត្រូវបានបើកជាផ្លូវការ ដើម្បីស្វាគមន៍សាធារណជនទាំងជាតិ និងអន្តរជាតិ ឲ្យចូលទស្សនាស្នាដៃ សម្តែងរបស់ក្រុមសិល្បករខ្មែរដោយសេរី។
គម្រោងនេះត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីជំរុញឲ្យមហាជនទាំងអស់ងាកមកចាប់អារម្មណ៍ ព្រមទាំងលើកកម្ពស់ការចូលរួមគាំទ្រសិល្បៈ និងការសម្តែងផ្សេងៗរបស់ខ្មែរ។
«សិល្បៈស្រុកយើង» ប្រមូលផ្តុំក្រុមសិល្បករខ្មែរដែលនឹងសម្តែងសិល្បៈចម្រុះមានដូចជា ការសម្តែងរបាំប្រពៃណី ល្ខោនខោល ល្ខោនស្រមោលស្បែក របាំសហសម័យ ការប្រគុំតន្ត្រីនិពន្ធដោយខ្លួនឯង និងការដាក់បញ្ចាំងភាពយន្ត នៅរៀងរាល់ថ្ងៃសៅរ៍ចុងក្រោយនៃខែនីមួយៗ ដោយរាប់ចាប់ពីខែកុម្ភៈ នេះតទៅរហូតដល់ខែធ្នូ ឆ្នាំ២០២០ នៅក្នុងសាលប្រជុំដ៏ធំរបស់ រោងចក្រ ខ្មែ ប៊ែវើរីជីស។
លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងវិលត្រឡប់មករោងចក្រយើងម្តងទៀត ដើម្បីទស្សនាសិល្បៈនានាដែលនឹងដាក់សម្តែងប្រចាំខែ ហើយខ្ញុំក៏សង្ឃឹមថា អ្នកទាំងអស់គ្នានឹងជួយផ្សព្វផ្សាយបន្ថែមពីគម្រោងនេះទៅកាន់គ្រួសារ មិត្តភក្តិ និងជាពិសេសភ្ញៀវបរទេស ឲ្យមកចូលរួមគាំទ្រ «សិល្បៈស្រុកយើង»។
សូមបញ្ជាក់ថា គម្រោង «សិល្បៈស្រុកយើង» ត្រូវបានចូលរួមដោយក្រុមសិល្បករខ្មែរពី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សមាគមសិល្បករគោកធ្លក Epic Arts យុវជនល្ខោនខោលកម្ពុជា Mascot Cambodia & Arts និង Smallworld Smallband ក្រុមតូច៕