(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានលើកឡើងថា ការបណ្តុះទម្លាប់អាន ជារឿងសំខាន់ដែលអាណាព្យាបាល និងអ្នកពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់លើកកម្ពស់។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន អញ្ជើញជាអធិបតីភាព ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំទិវាជាតិអំណាច លើកទី៥ ក្រោមប្រធានបទ «ការអានបណ្ដុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្ដន៍» នៅទីស្ដីការក្រសួងអប់រំ។

លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានបញ្ជាក់ថា «ការបណ្តុះទម្លាប់អានជារឿងសំខាន់ ដែលអាណាព្យាបាល និងអ្នកពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់លើកកម្ពស់ ជាពិសេស នៅតាមសាលារៀន ទូទាំងប្រទេសទាំងរដ្ឋ និងឯកជន ដោយបង្កើតឲ្យមានបណ្ណាល័យគ្រប់សាលា មានសៀវភៅគ្រប់គ្រាន់សម្រាប់ឲ្យសិស្សអាន»។

ជាក់ស្ដែងទិវាជាតិអំណាន នៅឆ្នាំ២០២០នេះ បានកំណត់យកថ្ងៃទី១១ ខែមីនា ដែលជាថ្ងៃខែកំណើតរបស់សម្តេចព្រះសង្ឃរាជ ជូន ណាត មកប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

ប្រធានបទឆ្នាំនេះ គឺ «ការអានបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍» ដើម្បីផ្សព្វផ្សាយដល់សាធារណៈ និងអ្នកពាក់ព័ន្ធឲ្យចូលរួមគាំទ្រ ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន និងលើកកម្ពស់ ការអានតែងនិពន្ធនៅកម្ពុជា។

លោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន បានឲ្យដឹងទៀតថា ទិវានេះ ត្រូវបានប្រារព្ធតាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ ដោយមានកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋអំណាច អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធដទៃទៀត។

លោករដ្ឋមន្ដ្រីបានលើកឡើងថា អំណានត្រូវបាន ចាប់ផ្តើមតាំងពីថ្នាក់ដំបូង ដូច្នេះដើម្បីឲ្យកុមារចូលចិត្តអាន ឪពុកម្តាយត្រូវបញ្ជូនកូន ទៅចូលរៀននៅសាលាមតេយ្យ បណ្តុះទម្លាប់អាននៅផ្ទះ និងរៀបចំឲ្យមានបណ្ណាល័យក្នុងផ្ទះ ដោយរៀបចំឲ្យមានសៀវភៅ ច្រើនប្រភេទ ដើម្បីឲ្យក្មេងៗយកមកអាន នៅពេលគេសម្រាកនៅផ្ទះ។

លើសពីនោះទៀត ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្រសួងបានកំណត់យកថ្ងៃទី០៦-០៨ ខែមីនា ឆ្នាំ២០២០ ធ្វើការសម្ពោធ និងតាំងពិព័រណ៌សៀវភៅ ដែល១០៤ស្តង់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បើកទូលាយសម្រាប់មហាជនចូលរួមទស្សនា។

ដោយឡែក នៅថ្ងៃទី៦ ខែមីនា ក៏មានសិក្ខាសាលា ស្តីពី អំណានថ្ងៃដំបូង មានបំណងជំរុញលើកកម្ពស់ និងទម្លាប់អានតាំងពីកុមារតូច មានធ្វើបទបង្ហាញ ដោយវាគ្មិន ជាអ្នកមានជំនាញៗ។ ថ្ងៃទី០៦-១៥ ខែមីនា យុទ្ធនាការ «តោះអានរាល់ថ្ងៃ» ក្នុងបំណងបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន និងលើកកម្ពស់ការអាន និងតែងនិពន្ធ។

ថ្ងៃទី០៨-១០ ខែមីនា មានពិធីប្រកួតប្រជែង និងការប្រកាសលទ្ធផលជ័យលាភី លើវិញ្ញាសារ អានអត្ថបទ ការស្មូតកំណាព្យ និងការតែងនិពន្ធ ព្រមទាំងប្រកួតប្រជែង បកស្រាយប្រធានបទ៖ តួនាទីអក្សរសិល្ប៍ក្នុងសង្គម, តួនាទីទស្សនាវដី្តកម្ពុជាសុរិយា ក្នុងការលើកកម្ពស់ អក្សរសិល្បខ្មែរ និងការតែងនិពន្ធ ក្នុងសម័យឌីជីថល៕