(ភ្នំពេញ)៖ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។ ចំណែកបក្ខពួកផ្សេងទៀតដែលក្នុងនោះមាន៧នាក់ ត្រូវបានគេស្គាល់ឈ្មោះ ត្រូវបានចោទប្រកាន់ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ។

ទោះជាយ៉ាងនេះក្តីក្នុងចំណោមអ្នកដែលត្រូវចោទប្រកាន់ទាំងនោះ មានតែ៣រូបប៉ុណ្ណោះ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈអ្នកផ្សេងទៀតស្ថិតនៅក្រៅឃុំនៅឡើយ។ មនុស្ស៣នាក់នោះ រួមមានទី១៖ ឡុង ដារ៉ា អាយុ៣៥ឆ្នាំ, ទី២៖ ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ និងទី៣៖ ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ។

ជនទាំង៣នាក់ខាងលើនេះ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធរឿងលួចលក់ដីអ្នកដទៃមានទំហំ ២២៩០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៨ កន្លងទៅ។ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមជនសង្ស័យទាំង៣រូបនេះ មកកាន់តុលាការ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

ដីការបស់ព្រះរាជអាជ្ញា សយ ណូរ៉ា បានសម្រេចចោទប្រកាន់បើកការស៊ើបសួរលើមនុស្សចំនួនដូចខាងក្រោម៖

ទី១៖ លោក ស ថាវី  អាយុ៥៣ឆ្នាំ (ក្រៅឃុំ)
ទី២៖ លោក ឡុង ដារ៉ា ហៅ ណាង (មានខ្លួន)
ទី៣៖ លោក ប៉ូច ថេន អាយុ៥២ឆ្នាំ (មានខ្លួន)
ទី៤៖ លោក ឡូញ រស់ អាយុ៤០ឆ្នាំ (មានខ្លួន)
ទី៥៖ លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ (ក្រៅឃុំ)
ទី៦៖ លោក យិន អ៉ិម (ក្រៅឃុំ)
ទី៧៖ លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ (ក្រៅឃុំ)
ទី៨៖ លោកស្រី យស់ ម៉ាលីណា (ក្រៅឃុំ)
ទី៩៖ និង គូកន (ក្រៅឃុំ)

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ (១៥ម៉ឺនដុល្លារអាមេរិក) ហើយបានចែកលុយនោះឲ្យទៅមេធាវីចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យលោក យិន អ៉ឺម ចៅសង្កាត់សំរោង ៤ម៉ឺនដុល្លារ ជាថ្លៃធ្វើឯកសារលក់ដីខាងលើ និងចែកមនុស្សមួយចំនួនទៀត។ ឈ្មោះ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី។

ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថកិច្ចថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមាន លោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុ ភក្តី ជាអ្នករៀបចំឡើង៕