(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានពន្យល់អំពីផលប៉ះពាល់ ចំពោះវិស័យទេសចរណ៍នៅកម្ពុជា ដោយសារតែការផ្ទុះនៃវីរុស Covid-19 ឬកូរ៉ូណា ដែលបង្កឲ្យធ្លាក់ចុះភ្ញៀវទេសចរ។
ថ្លែងឲ្យដឹងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា «ការប៉ះពាល់ពីជំងឺ Covid-19 បានធ្វើឲ្យវិស័យទេសចរណ៍ ទទួលរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ពេលដែលមានការផ្ទុះឡើងភ្លាមយើងឃើញថា មួយថ្ងៃៗឃើញក្រុមហ៊ុនទេសចរណ៍ មានការរវល់ជាងមុន មិនមែនរវល់ដោយសារតែការទទួលភ្ញៀវទេ តែរវល់ដោយសារការលុបចេញការកក់ ការដោះដូរ ហើយខាងផ្នែករៀបចំទស្សនកិច្ច ក៏មានការសាកសួរច្រើន និងលុបចេញជាច្រើនដូចជា ការស្នាក់នៅ, សណ្ឋាគារ, ការដឹកជញ្ជូន, លុបចោលមគ្គុទ្ទេសក៍ជូនភ្ញៀវជាដើម»។
លោកស្រីបានបន្ដថា «យើងឃើញថា មានផលប៉ះពាល់តគ្នា ព្រោះកាលណាលុបចោលហើយ ខាងសណ្ឋាគារ, ខាងដឹកជញ្ជូនអត់មានភ្ញៀវ ដូច្នេះគាត់ក៏អត់បានកុម៉្មង់ទិញនូវរបស់ផ្សេងៗ មកផ្គត់ផ្គង់ភ្ញៀវទេសចរនោះទេ ហើយក៏ប៉ះពាល់ដល់អ្នកផ្គត់ផ្គង់ដើម ដែលជាអ្នកដាំបន្លែ, អ្នកផលិតស្រូវ អ្នកនាំចូលនូវអ្វីៗផ្សេងៗទៀត អ្នកផលិតផលិតផលក្នុងស្រុក សុទ្ធតែប៉ះពាល់ទាំងអស់»។
អ្នកស្រី ឆាយ ស៊ីវលីន បន្ថែមថា ចំពោះភ្ញៀវទេសចរចិន មានការលុបចេញដល់៩០%, ភ្ញៀវអឺរ៉ុបលុបចោល៦០% ក្នុងរយៈពេល២ខែនេះ យើងឃើញមានភ្ញៀវអឺរ៉ុបខ្លះ ដោយសារតែភ្ញៀវខ្លះបានកក់លុយរួចទៅហើយ ដូច្នេះគាត់មិនអាចលុបចោលបាន ទើបធ្វើដំណើរមក។ បច្ចុប្បន្នយើងកំពុងតែបារម្ភអាចនឹង២-៣ខែក្រោយទៀត តើមានអ្វីអាចឈរជើងបានព្រោះថា ការលុបចោលម្រាប់ខែក្រោយៗនេះ មានជាបន្ដបន្ទាប់ព្រមទាំងមិនមានកក់ថ្មីៗឡើយ។
លោកស្រីបញ្ជាក់ថា មុនពេលផ្ទុះនៃជំងឺ Covid-19 វិស័យទេសចរណ៍ក៏ធ្លាប់មានវិបត្តិបន្ដិចហើយ ក្នុងឆ្នាំ២០១៩ ដែលមានស្ទើរតែពេញមួយឆ្នាំ បើគិតពីតួលេខឃើញថា មានការកើនឡើងយើងទទួលស្គាល់ ប៉ុន្ដែសម្រាប់ខែសៀមរាប មានការថយចុះ បូករួមនឹងការផ្ទុះនៃវីរុស Covid-19 គឺធ្វើឲ្យវិស័យទេសចណ៍ធ្លាក់ខ្លាំងតែម្ដង។ ដូច្នេះហើយទើបមានការត្អូញត្អែ និងការឈរជើងមិននឹងនរ ក្នុងនោះផងដែរក៏ឃើញថា ក្នុងខេត្តសៀមរាបនេះ មានសណ្ឋាគារជាង២០បានបិទទ្វារ ហើយយើងក៏បារម្ភខ្លាចសណ្ឋាគារដទៃទៀត អាចនឹងបិទទ្វារបន្ដទៀត ប្រសិនបើមិនមានអ្វីទប់ស្កាត់។
លោកស្រី ឆាយ ស៊ីវលីន មិនមែនមានផលប៉ះពាល់ តែតំបន់សៀមរាបទេដែលប៉ះពាល់ តំបន់ផ្សេងៗទៀតក៏មានផលប៉ះពាល់ផងដែរ ព្រោះភ្ញៀវទេសចរមិនចូលមកសៀមរាប កន្លែងផ្សេងៗទៀតក៏មិនអាចទៅដែរ។
ជាមួយគ្នានេះលោកស្រី បានសាទរយ៉ាងខ្លាំង ចំពោះការដាក់ចេញនូវវិធានការបន្ទាន់របស់រាជរដ្ឋាភិបាល ក្នុងការលើកលែងពន្ធសម្រាប់វិស័យសណ្ឋាគារ និងផ្ទះសំណាក់ សម្រាប់រយៈពេល៤ខែចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។
យ៉ាងណាលោកស្រី ក៏បានបង្ហាញពីក្តីបារម្ភថា ឥទ្ធិពលជំងឺកូរ៉ូណានេះ អាចនឹងអូសបន្លាយពេលយូរ ដែលនឹងជះឥទ្ធិពលបន្ថែមដល់វិស័យទេសចរ និងសំណូមពរឲ្យរាជរដ្ឋាភិបាល បន្ថែមការអនុគ្រោះពន្ធបន្ថែមទៀត៕