(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតបំភ្លឺមួយ ដោយច្រានចោលលើការផ្សព្វផ្សាយបំភ្លៃដោយ Page Facebook មួយ កាលពីម្សិលមិញថា «សង្ស័យជនខិលខូចលួចប្រើឈ្មោះស្នងការរងខេត្តព្រះវិហារ យករថយន្តពណ៌ត្រីអ៉ី ដឹកឈើបម្រុងលោតឆ័ត្រ ត្រូវបានជាប់អន្ទាក់មេព្រៃស្រុកស្វាយលើ»។ នេះបើយោងតាមសេចក្តីបំភ្លឺ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
យោងតាមសេចក្តីបំភ្លឺនេះ រថយន្តនោះមិនមែនជាកម្មសិទ្ធិរបស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទេ។ ដោយឡែកឈើនៅក្នុងរថយន្តនោះ ក៏មិនពាក់ព័ន្ធនឹងស្នងការនគរបាលខេត្តដែរ។
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានព្រមាន និងស្នើសុំឲ្យអ្នកផ្សព្វផ្សាយបំភ្លៃនោះ កែសម្រួលអត្ថបទជាបន្ទាន់ ព្រោះអំពើនោះធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់អង្គភាព និងថ្នាក់ដឹកនាំគ្រប់គ្រង អង្គភាពខ្លាំងណាស់ និងពីព្រោះវាគ្មានការពិតអ្វីទាំងអស់។ បើមិនដូច្នេះស្នងការនគរបាលខេត្តព្រះវិហារ នឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន៕