(កំពង់ឆ្នាំង)៖ ដងទង់ដែលចាស់ៗនាំគ្នាហៅថា គឺជាដើមថ្កុលមាស ដែលមានអាយុកាលរាប់ពាន់ឆ្នាំមានទំហំ ២អោប និងប្រវែង ៣៣ម៉ែត្រ ដែលប្រជាពលរដ្ឋប្រទះឃើញនៅក្នុងបឹងដងទង់ កាលពីជិត ១០ឆ្នាំមុន ត្រូវបានអ្នកស្រុកយកមករក្សាទុកក្នុងវត្តសែនសិរី ហៅវត្តសំរោងសែន សម្រាប់ជាការគោរពបូជា។

វត្តសំរោងសែន មានទីតាំងស្ថិតនៅក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ តាំងពីយកដងទង់ដើមថ្កុលមាសមករក្សាទុកក្នុងវត្ត ក៏មានប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ មានជំនឿថា ពូកែស័ក្តិសិទ្ធ និងបានមកបន់ស្រន់សុំសម្រេចពីគោលបំណងផ្សេងៗ និងសុំសេចក្តីសុខ ពួកគេថែមទាំងបានជួយកសាងវត្តសំរោងសែននេះ ឲ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

ព្រះចៅអធិការវត្តសំរោងសែន ព្រះនាម យឺន យ៉ាន់ មានសង្ឃដីកាឲ្យដឹងថា ព្រះអង្គបានមកគង់នៅក្នុងវត្តសំរោងសែននេះរយៈពេលជាង ៥ឆ្នាំហើយ។ កន្លងមកបានឃើញប្រជាលរដ្ឋខ្លះនៅភ្នំពេញ ខ្លះនៅកំពង់ឆ្នាំង និងខេត្តផ្សេងៗ មកបន់ស្រន់ដើម្បីសុំឲ្យបារមីដើមថ្កុលមាស ជួយជាហូរហែរ ហើយអ្នកដែលបានមកបន់ស្រន់បានសម្រេច ខ្លះក៏បានយកដង្វាយមកថ្វាយ និងខ្លះទៀតក៏បានថ្វាយ ភ្លេងពិណ្យពាទ្យ ដល់បារមីដើមថ្កុលមាសខាងលើនេះផងដែរ។

ជាពិសេសទៀតនោះ ជារៀងរាល់ពិធីបុណ្យធំៗដូចជា បុណ្យភ្ជុំបិណ្ឌបុណ្យ កឋិនទាន បុណ្យចូលឆ្នាំខ្មែរ។ល។ ក៏អ្នកស្រុកក្នុងភូមិនិងចាស់ៗ ក្នុងស្រុកតែងថ្វាយភ្លេងសៀមដល់បារមីដើមថ្កុលមាស សុំសេចក្តីសុខដល់កូនចៅ និងដល់ភូមិស្រុករបស់ពួកគាត់។ អ្នកដែលមកបន់ស្រន់ និងមកថ្វាយដង្វាយទាំងនោះ ក៏តែងបានមកចូលរួមបច្ច័យកសាងវត្តជាបន្តបន្ទាប់ ទើបមកដល់ពេលនេះ វត្តសំរោងសែន មានការរីកចម្រើននូវសមិទ្ធផលជាច្រើនគួរជាទីពេញចិត្ត។

ទាក់ទងនឹងដងទង់ដែលចាស់ៗថា ជាដើមថ្កុលមាសនេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដើមឈើមួយដើមនេះគឺជាដងទង់ពីសម័យបូរាណ ដែលគេបោះជាសញ្ញាឲ្យដឹងជាចំណុចបឹងទន្លេសាប ហើយលោកមិនបានស្គាល់ថា គឺជាដើមអ្វីនោះដែរ។ ដើមឈើដងទង់ដ៏វែងមួយដើមនេះ ត្រូវបានប្រជាពលរដ្ឋជាអ្នកនេសាទប្រទះឃើញ នៅក្នុងបឹងដងទង់ដែលស្តិតនៅខាងត្បូងវត្តសំរោងសែន ៧គីឡូម៉ែត្រ ដោយឃើញដងទង់នេះមានទំហំ ២អោប មនុស្សចាស់ និងមានប្រវែង ៣៣ម៉ែត្រ កប់ដីនៅបាទបឹង។

ប៉ុន្តែនៅពេលអ្នកស្រុកនាំគ្នាធ្វើការសែនព្រេន និងនាំគ្នាលើកពីក្នុងទឹកបឹងមកលើគោក គឺសាច់ឈើស្រាយៗ នៃដើមឈើបានបាក់គាំពុកផុយរលុះជ្រុះអស់ ទៅនៅសល់តែខ្លឹមៗនៃតួរដើមឈើនេះ តែប៉ុណ្ណោះ ហើយអ្នកស្រុកក៏បាននាំគ្នាដង្ហែយកដងទង់បុរាណនេះមកតម្កល់ទុកនៅក្នុងវត្តសំរោងសែន ដើម្បីគោរពបូជានិងបាននាំគ្នាធ្វើបុណ្យ ៣ថ្ងៃ ៣យប់ នៅក្នុងវត្តដើម្បីសុំសេចក្តីសុខ ដល់អ្នកស្រុកក្នុងភូមិ។

លោក សុខ ធួក បានបញ្ជាក់ថា នៅថ្ងៃដែលប្រជាពលរដ្ឋក្នុងភូមិបានសុំលោក ដើម្បីលើកយកដើមឈើដងទង់បុរាណនេះមកតម្កល់នៅក្នុងវត្ត ដោយមានរៀបចំពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ផងនោះ ពេលនោះលោកមិនទាន់បានធ្វើការអនុញ្ញាតនៅឡើយទេ ដោយរង់ចាំសុំការអនុញ្ញាតិពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន ព្រោះដើមឈើនេះវាជាវត្ថុបុរាណ។ ស្រាប់តែនៅថ្ងៃនោះផងដែរ ក៏មានភ្លៀងធ្លាក់មួយមេយ៉ាងធំធ្វើឱ្យទឹកជន់នៅចំណុចខាងលើ ហើយដើមឈើមួយដើមនេះក៏បានអណ្ដែតឡើងធ្វើឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការយកដើមឈើនេះមករក្សាទុកនៅក្នុងវត្ត ដែលនេះវាជារឿងអភូតហេតុមួយផងដែរ។

លោកបានបន្តឲ្យដឹងទៀតថា នៅក្នុងចំណុចរណ្តៅដីនៃគល់ដងទង់បូរាណនេះ គេឃើញមានអដ្ឋិធាតុរបស់មនុស្សពីជំនាន់ដើមមានសម្ភារ ដូចជាក្អម ពូជពែងប៉ាន់ពីបុរាណ និងអង្កាំ។ នៅក្នុងរណ្ដៅដងទង់ដែលរលំនោះ ប្រៀបដូចជារណ្តៅឫសសីមារបស់ព្រះវិហារ។ ដូច្នេះអាចបញ្ជាក់បានថា ពីសម័យបុរាណកាលនៅចំណុចនោះជាកន្លែងគោរពបូជា និងជាទីកន្លែងសែនព្រេនរបស់ចាស់ៗបុរាណ និងក៏ជាកន្លែងចំណតនៃកប៉ាល់ ឬសំពៅពីជំនាន់ដើមផងដែរ៕