(សៀមរាប)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់ថា ការបំពេញកាតព្វកិច្ចរបស់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ លើការដាក់លិខិតប្រកាសពន្ធ គឺជាវិធានការប្រមូលទិន្នន័យ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការជំនាញរបស់រដ្ឋ ក្នុងការលើកបង្ហាញឱ្យដឹងថា អំពីការចំណាយថវិការបស់រាជរដ្ឋាភិបាល លើការលើកលែងពន្ធរយៈពេល៤ខែ សម្រាប់វិស័យសណ្ឋាគារ និងផ្ទះសំណាក់។

លោក គង់ វិបុល បានបញ្ជាក់ថា ការលើកលែងពន្ធនេះ ជាគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការជួយឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប បន្តនិរន្តរភាពរបស់ខ្លួន និងជាឱកាសនៃការដាក់ចេញតម្លៃសេវាកម្មទាក់ទាញភ្ញៀវទេសចរផងដែរ។

ការពន្យល់បែបនេះរបស់លោក គង់ វិបុល បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានអញ្ជើញបើកសិក្ខាសាលា ស្តីពីវិធានការណ៍សម្រួល ផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់ លើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យអចលនទ្រព្យ ព្រមទាំងផ្សព្វផ្សាយអំពីពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការប្រកាសពន្ធតាមអនឡាញ និងវិធានវិក្កយបត្រទម្រង់ថ្មី បានរៀបចំធ្វើនៅសណ្ឋាគារសុខា ក្រុងសៀមរាប នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ។

លោក គង់ វិបុល បានថ្លែងថា វិធានការសម្រួលផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់ លើវិស័យសណ្ឋាគារ-ផ្ទះសំណាក់ គឺជាប្រធានបទសំខាន់មួយ ក្នុងចំណោមប្រធានបទសំខាន់ផ្សេងៗទៀតនៃអង្គសិក្ខាសាលា ដែលរៀបចំឡើងអគ្គនាយកដ្ឋានពន្ធដារ គឺជាកិច្ចការដ៏បន្ទាន់បំផុត ដែលអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានយកចិត្តទុកដាក់ បន្ទាប់ពីមានសេចក្តីប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីការដាក់ចេញនូវវិធានការ ដើម្បីជួយដល់វិស័យទេសចរណ៍ ដោយការលើកលែងមិនយកពន្ធផ្ទះសំណាក់ និងសណ្ឋគារ ក្នុងរយៈពេល៤ខែ ដោយចាប់ផ្ដើមពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០នេះ ហើយការមិនយកពន្ធនេះ រាជរដ្ឋាភិបាលជាអ្នកបង់ជំនួស។

លោកថា ការមិនយកពន្ធនេះ គឺដើម្បីជួយកាត់បន្ថយផលប៉ះពាល់ នៃស្ថានភាពជម្ងឺឆ្លង Covid-19 ដែលធ្វើឱ្យភ្ញៀវទេសចរចិនធ្លាក់ចុះយ៉ាងខ្លាំងនោះ។ យ៉ាងណាក៏ដោយ បើទោះជាមានការលើកលែងនេះក៏ដោយ ក៏ប៉ុន្តែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដាក់លិខិតប្រកាសពន្ធ ដូចដែលធ្លាប់បានអនុវត្តកន្លងមក។

លោក គង់ វិបុល បានបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទឆ្នាំ២០២០នេះ យើងនឹងពុំមានការធ្វើសវនកម្មពេញលេញនោះទេ ហើយជាមួយនឹងការមិនធ្វើសវនកម្មនេះ សូមឱ្យវិស័យឯកជន ដែលជាអ្នកជាប់ពន្ធ ប្រើប្រាស់កាតព្វដាក់លិខិតប្រកាសពន្ធ ក្នុងភាពស្មោះត្រង់ជាមួយគ្នា រួមចំណែកទាំងអស់គ្នា ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះវិធានការរបស់រាជរដ្ឋាភិបាល លើការលើកលែងពន្ធ គ្រប់ប្រភេទប្រចាំខែ សម្រាប់សណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យអចលនទ្រព្យ ព្រមទាំងផ្សព្វផ្សាយ អំពីលើប្រាក់ចំណូលប្រចាំឆ្នាំ ការប្រកាសពន្ធអាជីវកម្មតាម អនឡាញ (E-Filing) ក្នុងខេត្តសៀមរាប បានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល ៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។

លោក ទៀ សីហា បានបន្តថា ប្រទេសកម្ពុជាបានទទួលរងនូវផលប៉ះពាល់ បើទោះបីជាយើងនៅមិនទាន់មានករណីឆ្លងវីរុស ដ៏កាចសាហាវនេះក្តី ក៏យើងត្រូវមានវិធានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីនេះដែរ ព្រោះការរីករាលដាលនេះ ធ្វើឱ្យវិស័យទេសចរណ៍ និងវិស័យអចលទ្រព្យរបស់កម្ពុជា ក៏បានជួបប្រទះនូវបញ្ហាជាច្រើន ហើយចំនួនភ្ញៀវទេសចរបានធ្លាក់ចុះយ៉ាងគំហុក។

លោក ទៀ សីហា ក៏បានសំណូមពរដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ដោយរក្សាឱ្យបាននូវគុណភាពសេវា និងតម្លៃជូនភ្ញៀវទេសចរ ដែលអញ្ជើញមកស្នាក់នៅ និងមកលំហែកម្សាន្ត ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ រដ្ឋបាលខេត្តសៀមរាប នឹងសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ឆ្នាំ២០២០ សម្រាប់អបអរសាទរ ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹងឈានមកក្នុងពេលដ៏ខ្លីខាងមុខនេះ៕