(ព្រៃវែង)៖ មានអគ្គិភ័យមួយឆាបឆេះផ្ទះជុសជុលម៉ូតូនៅជិតផ្សារករណ្តើត កាលវេលាម៉ោង១២៖៤៥នាទីថ្ងៃទី២ ខែមីនា ឆ្នា២០២០នេះ នៅចំណុចភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពងត្របែក ខេត្តព្រៃវែង បានបណ្តាលឱ្យក្មេងប្រុសម្នាកស្លាប់នៅក្នុងភ្នក់ភ្លើង និងបណ្តាលឱ្យរងរបួស ៣នាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។

នគរបាលស្រុកកំពង់ត្របែក បានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះរបស់ឈ្មោះ ឈួ ស្រ៊ុន អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានបណ្តាលឱ្យខ្លោចជញ្ជាំងអ្នកជិតខាង តែមិនបណ្តាលឱ្យឆេះនោះទេ ដោយសមត្ថកិច្ចចេញរថយន្តពន្លត់ ទាន់ពេលទប់ស្តាត់បាន។

នគរបាលបានបន្តថា ក្នុងករណីនេះធ្វើឱ្យស្លាប់មនុស្សម្នាក់ឈ្មោះ ឈួ ម៉េងជឺ អាយុ៥ឆ្នាំ និងរងរបួសម្នាក់ ឈ្មោះ ឈួ សៀវអេង ភេទស្រី អាយុ២ឆ្នាំ (ជាកូនបង្កើករបស់ ឈួ ស្រ៊ុន ផ្ទះដើមហេតុ) និងខូចខាតរបស់របរមួយចំនួនធំ នៅមិនទាន់ដឹងច្បាស់នៅឡើយ។

នៅក្នុងហេតុការណ៍នេះ បានចូលរួមសហការរថយន្តពន្លត់អគ្គីភ័យចំនួន ៥ស្រុក មានរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ស្រុកបាភ្នំ ស្រុកព្រះស្តេច ស្រុកមេសាង និងអធិការដ្ឋានស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ចំពោះហេតុការណ៍នេះមូលហេតុ បើតាមការបំភ្លឺពីសាក្សីផ្ទះជាប់គ្នា បានឱ្យដឹងថា បណ្តាលមកពីម្ចាស់ផ្ទះបញ្ឆេះធ្វើម៉ូតូរោទិ៍ ទៅឆាបឆេះដបសាំង ក្នុងផ្ទុះចេញជាអណ្តាតភ្លើងឆេះតែម្តង។ ចំណែកទំហំ នៃការខូចខាតនៅមិនទាន់សន្និដ្ឋានបានទេ។

លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែង បានបញ្ជាក់ថា មានអគ្គីភ័យឆាបឆេះផ្ទះ អាជីវភាពលក់គ្រឿងម៉ូតូ និងជុសជុលម៉ូតូ ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យប្តីប្រពន្ធរងរបួស ចំណែកកូនស្រីម្នាក់រងរបួសធ្ងន់ និងកូនប្រុសម្នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ ហើយអ្នករងបួសទាំងបីនាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិពន្លត់អគ្គិភ័យនេះ លោកបានដឹកនាំកម្លាំងផ្ទាល់ជាមួយលោកអធិការនគរបាលស្រុកកងកម្លាំងទាំងបីប្រភេទ ប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរភូមិ ដើម្បីបាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ទើបបានធ្វើឱ្យភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង២៖៣០នាទីរសៀលនេះ៕