(ភ្នំពេញ)៖ លោក ជា លីសែ តំណាងលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ បាននាំថវិកាចំនួន ៣៨លានរៀល របស់សប្បុរសជន នៅកូរ៉េខាងត្បូង យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារមួយនេះ ខណៈមន្ទីរពេទ្យត្រូវការចំណាយជិត៥០លានដុល្លារ ក្នុងមួយឆ្នាំៗ។

ថវិកាទាំងនេះត្រូវបានលោក ជា លីសែ និងក្រុមការងារ យកទៅប្រគល់ជូនលោក នង ពិសិដ្ឋ អនុប្រធានមូលនិធិគន្ធបុប្ផា លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា និងសមាជិករបស់ CEO Master Club ជាច្រើននាក់ផងដែរ។

លោក ជា លីសែ បានឲ្យដឹងថា ការបង្កើតឲ្យមានមូលនិធិនេះ គឺផ្តើមចេញពីអង្គសិក្ខាសាលា ដែលមានការចូលរួមពីសមាជិករបស់ CEO Master Club បានថវិកាចំនួនជាង ៣៨លានរៀល ដើម្បីយកថវិកាទាំងនេះ មកបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ហើយសកម្មភាពនេះធ្វើឡើងក្នុងមួយឆ្នាំពីរដង តាមរយៈសិក្ខាសាលា។

លោក ជា លីសែ បញ្ជាក់ថា «ការប្រមូលថវិកានេះយើងប្រើប្រាស់រយៈពេលខ្លី ទទួលបានថវិកាចំនួន ៣៨លានរៀល ហើយការងារមនុស្សធម៌នេះ ក្រុមការងាររបស់ស្ថានទូតដូចជាសមាជិករបស់ CEO Master Club នឹងបន្តសកម្មភាពមនុស្សធម៌នេះបន្តទៀត ដើម្បីចូលរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា»

ឆ្លៀតក្នុងឱកាសនោះដែរ លោក ជា លីសែ ក៏បានអំពាវនាវបន្ថែមទៅបងប្អូនមិត្តភ័ក្ត ជាពិសេសអ្នកនៅកូរ៉េ និងធ្លាប់នៅប្រទេសកូរ៉េ សូមចូលរួមសកម្មភាពមនុស្សធម៌នេះជាមួយគ្នា។

លោក នង ពិសិដ្ឋ អនុប្រធានមូលនិធិគន្ធបុប្ផា ដែលជាអ្នកទទួលថវិកាមនុស្សធម៌ខាងលើនេះ បានឲ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា បានបង្កើតមូលនិធិគន្ធបុប្ផា ឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងលោក ព័ន្ធ មុនីរ័ត្ន ជាប្រធានក្រុមប្រឹក្សា ហើយក្រោយពីបានបង្កើតនូវមូលនិធិនេះ យើងកសាងសមាជិកបានចំនួនជាង ៥ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាង ១៦លាននាក់ ដែលចំនួននេះបានបង្ហាញថា សមាជិករបស់មូលនិធិគន្ធបុប្ផាមានចំនួនតិចតូចនៅឡើយ។

លោកសូមឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមជាសមាជិកឱ្យបានច្រើន ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធៈបុប្ផា ដោយសារមន្ទីរពេទ្យនេះបានជួយសង្គ្រោះដល់កុមារកម្ពុជានៅទូទាំងប្រទេសដោយ
ក្នុងមួយថ្ងៃៗ មានកុមារកម្ពុជាចូលទៅព្យាបាលនៅមន្ទីរពេទ្យនេះមិនតិចជាង ២០០០នាក់ឡើយ ហើយក្នុងមួយឆ្នាំៗ ក៏បានចំណាយថវិកាសម្រាប់ទ្រទ្រង់មិនក្រោម ៥០លានដុល្លារនោះដែរ។

ជាចុងក្រោយ ជួសមុខឲ្យមូលនិធិ លោកសូមថ្លែងអំណរគុណដល់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ លោកគ្រូ អោម សេងបូរ៉ា លោកគ្រូ ឃីម សុខហេង សមាជិករបស់ CEO Master Club និងក្រុមការងាររៀបចំគ្រប់ផ្នែក ដែលបានជំរុញឲ្យមានអង្គសិក្ខាសាលាខាងលើកើតឡើងរហូតទទួល បានថវិកាចំនួនជាង ៣៨លានរៀល ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ៕