(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេសចម្រុះ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ លើវិស័យមីន នាថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា វិស័យមីននៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានយកចិត្តទុកដាក់ ខ្ពស់បំផុត ចំពោះការងារសកម្មភាពមីននៅកម្ពុជា ដើម្បីនាំមកនូវសុខសុវត្ថិភាព ការសង្រ្គោះជីវិត និងការអភិវឌ្ឍប្រទេសជាតិ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា គឺជាអ្នកបរិច្ចាគថវិកាច្រើនជាងគេ ក្នុងការបោសសម្អាតមីននៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសម្របសម្រួលវិស័យមីន ដែលបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនាពេលកន្លងមក។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូបន្ថែមទៀត លើវិស័យសកម្មភាពមីន ដើម្បីឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការងារបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥ខាងមុខនេះ ស្របតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន។

លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យគ្រប់ក្រសួង/ស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាមុន មុននឹងចាប់ផ្ដើមអនុវត្តន៍ផែនការវិនិយោគរបស់ខ្លួន។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ កម្ពុជានៅសល់ ២.១២៨ថ្ងៃ (៥ឆ្នាំ ៩ខែ ២៩ថ្ងៃ) និងត្រូវការថវិកាប្រមាណ ៣៨០ លានដុល្លារអាមេរិក៕