(សៀមរាប)៖ តាមរយៈ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ស្ថិតនៅជើងភ្នំគូលេន ស្រុកបន្ទាយស្ត្រី ខេត្តសរៀមរាប មន្ត្រីជំនាញបានប្រឹងប្រែងរកឃើញ និងបង្កាត់បានផ្កាកេសរកូលព្រៃ ឬផ្កាអ័រគីដេរ បានប្រមាណ ១៥០ប្រភេទហើយ ខណៈនៅក្នុងប្រទេសកម្ពុជា ត្រូវបានប៉ានប្រមាណថា មានផ្កាកេសរកូលអាចបង្កាត់ពូជបានរហូតដល់ទៅ ៥០០ប្រភេទ។
កេសរកូល ជាអំបូរដ៏ធំមួយនៅក្នុងរជ្ជរុក្ខជាតិ ដែលមានចំនួនរហូតដល់ជាង ២៥,០០០ប្រភេទ ក្នុងនោះជាង ១០,០០០ប្រភេទ ត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិច។ ជារៀងរាល់ឆ្នាំមានកេសរកូលព្រៃប្រភេទថ្មីៗរាប់រយប្រភេទ ត្រូវបានគេរកឃើញ និងដាក់ឈ្មោះ តាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។
នៅប្រទេសកម្ពុជា ក្រុមអ្នកសិក្សាស្រាវជ្រាវធនធានធម្មជាតិ បានកត់ត្រាកេសរកូលនៅក្នុងដែនធម្មជាតិ បានចំនួនប្រមាណ៣០០ប្រភេទ។ នេះជាចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដែលបានសិក្សាមុន ដូចជាប្រទេសថៃមានជាង ១,៥០០ប្រភេទ វៀតណាម មានជាង ៧០០ប្រភេទ និងឡាវ មានជាង ៥០០ប្រភេទ។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានដែលចុះទស្សនកិច្ចនៅ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» សប្តាហ៍កន្លងទៅនេះ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា ក្រុមជំនាញបរិស្ថានបន្តស្រាវជ្រាវរកពូជកេសរកូលព្រៃ ឬហៅថា អ័រគីដេ ដើម្បីជំរុញការអភិរក្ស និងកំណត់អត្តសញ្ញាណ ដែលឈានទៅទប់ស្កាត់ការធ្វើអាជីវកម្មខុសច្បាប់ បន្ទាប់ពីបានរកឃើញប្រភេទផ្កាប្រភេទនេះ ប្រមាណ១៥០ប្រភេទរួចហើយ ក្នុងចំណោមដែលត្រូវប៉ានស្មានថា មាននៅកម្ពុជា រហូតដល់ជាង៥០០ប្រភេទ។
លោក ស៊ុន គង់ បានថ្លែងថា កម្ពុជាអាចចាត់ទុកជាប្រទេសមួយដែលសម្បូរទៅដោយប្រភេទកេសរកូលព្រៃ រហូតដល់ជាង៥០០ប្រភេទ ហើយពូជខ្លះ ក៏ជាពូជកម្រផងដែរ។ ក្រុមជំនាញរបស់ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» បាននឹងកំពុងសិក្សាស្រាវជ្រាវរកប្រភេទកេសរកូលព្រៃ ដែលមាននៅក្នុងប្រទេសកម្ពុជា រួមទាំងប្រភេទកម្រ និងប្រភេទមិនទាន់បានកំណត់អត្តសញ្ញាណ ដើម្បីឈានទៅអភិរក្សប្រភេទផ្កាព្រៃប្រភេទនេះ ដែលកំពុងមានវត្តមាននៅកម្ពុជា និងកំពុងទទួលរងគ្រោះថ្នាក់ ដើម្បីស្តារឡើងវិញ ទៅក្នុងដែនជម្រកធម្មជាតិ។
សូមបញ្ជាក់ថា កម្ពុជាបានសម្រេចបង្កើត «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» កាលនៅចុងឆ្នាំ២០១៨ ស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មជ្ឈមណ្ឌលនេះបង្កើតដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse។
«មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» នេះ គឺដើម្បីរំឭកពីគុណបំណាច់ដ៏ថ្លៃថ្លា របស់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងលើកតម្កើងវិស័យទេសចរណ៍កម្ពុជា។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនេះនឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនដូចជា៖ រក្សា និងស្ដារពូជកេសរកូលព្រៃ ក្នុងស្រុកប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌ សម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្ត ពីកេសរកូលព្រៃ សម្រាប់មនុស្សជំនាន់ក្រោយ និងសួនកម្សាន្តជាដើម។
លោក នេត្រ ភក្ត្រា បានបន្តថា មជ្ឈមណ្ឌលនេះនឹងក្លាយជាទីតាំងប្រមូល ការពារ សង្គ្រោះ និងអភិរក្សប្រភេទកេសរកូលព្រៃ ដែលទទួលរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ និងការសិក្សាស្រាវជ្រាវបន្ត។ កេសរកូលទាំងអស់នេះ គឺយកមកពីតាមបណ្តាលខេត្តនានា នៅក្នុងប្រទេសកម្ពុជា ដូចជា៖ នៅខេត្តមណ្ឌលគិរី, ខេត្តកោះកុង, ខេត្តកំពង់ធំ, ខេត្តព្រះវិហារ ដែលត្រូវបានប្រផ្តុំនៅមជ្ឈមណ្ឌល ហើយកេសរកូលខ្លះជាប្រភេទជិតផុតពូជផងដែរ៕