(ភ្នំពេញ)៖ កូនប្រុសតិរិច្ឆានម្នាក់ បន្ទាប់ពីផឹកស្រាបៀរអស់ចំនួន ៧កំប៉ុង បែរជាប្ដូរនិស្ស័យទៅជាមនុស្សថ្លើមធំពាសមេឃ ហ៊ានរករឿងដោយយកដំបងដែកវាយទៅលើម្ដាយរបស់ខ្លួនឡើងជាំថ្ពាល់ និងក្បាលពោះ ប៉ុន្តែលទ្ធផលជាប់ខ្នោះនគរបាលប៉ុស្ដិ៍ទួលសង្កែទី១ នៃអធិការដ្ឋាននគរនបាលខណ្ឌឫស្សីកែវ។
លោក នង សាប៊ុង នាយប៉ុស្ដិ៍ទួលសង្កែទី១ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ដែលជាកូនបង្កហិង្សា ដោយយកដំបងវាយទៅលើម្ដាយរបស់ខ្លួន បណ្ដាលឲ្យរងរបួសនេះ គឺបានអនុវត្តឡើងភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ស្ថិតនៅចំណុចកើតហេតុផ្ទះលេខ៩បេ ផ្លូវបេតុង ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង០៨៖៣០នាទី យប់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០។
លោកនាយប៉ុស្ដិ៍ទួលសង្កែទី១ បានឲ្យដឹងទៀតថា ជនសង្ស័យជាកូននេះឈ្មោះ តាំង វណា្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ។ រីឯជនរងគ្រោះជាម្ដាយឈ្មោះ អ៊ូ ចំណាប់ អាយុ៥៧ឆាំ្ន ជនជាតិខែ្មរ មុខរបរលក់ដូរ។ ជនសង្ស័យជាកូន និងស្ត្រីរងគ្រោះជាម្ដាយ ស្នាក់នៅផ្ទះជាមួយគ្នាចំណុចកើតហេតុ។
លោកនាយប៉ុស្ដិ៍ទួលសង្កែទី១ បានបញ្ជាក់ពីដំណើររឿង ក្រោយឃាត់ខ្លួនជនសង្ស័យជាកូន ដើម្បីសួរនាំ និងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីរងគ្រោះជាម្ដាយ នៅមុនពេលកើតហេតុ គឺជនសង្ស័យ ពិតជាបានផឹកស្រាបៀអស់ ចំនួន៧កំប៉ុង ដែលគេគ្រប់គ្នាតែងហៅថា «ទឹកប្ដូរនិស្ស័យ»។
បន្ទាប់ពីផឹកអស់ហើយ ជនសង្ស័យក៏ចាប់ផ្ដើមរករឿងឈ្លោះប្រកែកគ្នា ជាមួយម្តាយរបស់ខ្លួន ស្រាប់តែបង្កទៅជាហឹង្សា ហ៊ានវាយម្ដាយឡើងជាំថ្ពាល់ និងស្ទុះទៅយកដំបងដែកមកវាយលើម្តាយ បណ្ដាលឲ្យរងរបួសជាំត្រង់ក្បាលពោះបន្ថែមទៀត។ ភ្លាមៗ ដោយសារតែអ្នកក្បែរខាងឃើញហេតុការណ៍ ដ៍មិនគួរគប្បីបានកើតឡើងយ៉ាងដូច្នេះ ទើបសម្រេចទៅជួយឃាត់ និងរាយការទៅមសមត្ថកិច្ច និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាកូនតែម្ដង ជាមួយវត្ថុតាងដំបងដែក ចំនួន១ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕