(ភ្នំពេញ)៖ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី! ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានពិធីចុះហត្ថលេខាលើលិខិតទំនួលខុសត្រូវ លើគោលដៅអាជីវកម្ម ប្រចាំឆ្នាំ២០២០ និងពិធីជប់លៀងប្រចាំឆ្នាំ២០១៩។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក Qiu Guoxing ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប លោក Li Min នាយកប្រតិបត្តិ លោក Ruan Bin នាយកប្រតិបត្តិរង អ្នកនាង Ding Li ជំនួយការប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិរង រួមជាមួយនឹងប្រធាននាយកដ្ឋាននានា នាយកគ្រប់គ្រងទូទៅ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ តំណាងនៃសមាគមមិត្តភាព សភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា តំណាងនៃអង្គភាពជាដៃគូសហការ ព្រមទាំងមិត្តអ្នកសារព័ត៌មានជាច្រើនបានចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ពិធីចុះហត្ថលេខាលើលិខិតទំនួលខុស ត្រូវលើគោលដៅអាជីវកម្ម ប្រចាំឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅក្នុងពិធីនេះ ការណែនាំនិងតម្រូវការសំខាន់ៗ សម្រាប់ការងារនៅឆ្នាំ២០២០ ត្រូវបានលើកឡើងព្រមទាំងបានធ្វើការចុះហត្ថលេខា លើលិខិតទំនួលខុសត្រូវលើគោលដៅអាជីវកម្មប្រចាំ ឆ្នាំ២០២០ ផងដែរ។
ក្រឡេកមើលទៅឆ្នាំ ២០១៩ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ក៏ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ ក្នុងការអភិវឌ្ឍអចលនទ្រព្យ សណ្ឋាគារ ក្លឹបកម្សាន្ត ផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗទៀត។ សម្រាប់ឆ្នាំ ២០២០ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នឹងយក «ការកសាងជីវិតឲ្យកាន់តែប្រសើរ» ជាទស្សនអាជីវកម្មរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវស្មារតីក្រុមហ៊ុន «បេសកកម្ម ទំនួលខុសត្រូវការគោរព ក្ដីស្រឡាញ់ និងការច្នៃប្រឌិត» ហើយចាប់យកនូវឱកាស និងប្រឈមមុខនឹងការប្រកួតប្រជែងថ្មីៗ ដោយភាពស្វាហាប់ ព្រមទាំងបន្តដំណើរឆ្ពោះទៅមុខប្រកបដោយភាពក្លាហាន ដើម្បីបើកទំព័រថ្មីនៃភាពរុងរឿង។
លោក Qiu Guoxing បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ ការគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុននឹងផ្តោតសំខាន់លើការលើកកម្ពស់៤ ចំណុច គឺការគ្រប់គ្រងមូលធន ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងថ្លៃដើម និងការរៀបចំលើសមិទ្ធផលការងារ ព្រមទាំងធ្វើការបង្កើតយន្តការគ្រប់គ្រង សហគ្រាស ដែលមានលក្ខណៈជាប្រព័ន្ធនិងស្តង់ដារ ដើម្បីលើកកម្ពស់គុណភាពជាបន្តបន្ទាប់។
លោក Qiu Guoxing បានបន្តថា នៅឆ្នាំ២០២០ ជា «តំណភ្ជាប់» មួយយ៉ាងសំខាន់ទៅនឹងអនាគត ដោយនឹងតភ្ជាប់ និងរួមបញ្ចូលនូវភាព ខ្ចាត់ខ្ចាយ ឱ្យមកប្រមូលផ្តុំគ្នាវិញ ហើយក៏ធ្វើការតភ្ជាប់នូវបណ្តាញត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនផងដែរ។ ក្រុមហ៊ុននឹងបន្តបង្កើន គុណភាពផលិតផលឱ្យសមស្របទៅតាមស្ថានភាពជាក់ស្តែង។ ចាប់ពីការប្រកួតប្រជែងរហូតដល់រីកចម្រើនរួមគ្នា ចាប់ពីការវិភាគទិន្នន័យ រហូតដល់កម្មវិធីគ្រប់គ្រងទិន្នន័យ ឱ្យតែទីណាមានតម្រូវការរបស់អតិថិជន នោះព្រំដែននៃអាជីវកម្មរបស់យើងគឺនៅទីនោះ ដូច្នេះ យើងក្នុងនាម ជាអ្នកត្រួសត្រាយផ្លូវ និងជាក្រុមហ៊ុនគំរូនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តដំណើរឆ្ពោះទៅមុខ ដើម្បីសម្រេចសុបិនឱ្យក្លាយជាការពិត។
នៅឆ្នាំ២០១៩ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ជម្នះរាល់ឧបសគ្គ និងការលំបាកទាំងឡាយ ហើយតស៊ូព្យាយាមឆ្ពោះទៅមុខជានិច្ច។ នៅឆ្នាំ២០២០ ក្រុមហ៊ុននឹងបន្តបំពេញនូវទំនួលខុសត្រូវ និងធ្វើការសាមគ្គីប្រកបដោយភាពស្មោះត្រង់ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលកាន់តែប្រសើរ។
ក្រោមបរិយាកាសកក់ក្តៅនេះ លោក Qiu Guoxing បានបញ្ជាក់ថា ដោយការខិតខំប្រឹងប្រែងឆ្ពោះទៅមុខរួមគ្នារបស់បុគ្គលិកទាំង ១,១៨៩រូប ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធនានា ព្រមទាំងអង្គការមូលនិធិសប្បុរសធម៌ បានទទួលនូវការអភិវឌ្ឍ គួរឱ្យកត់សម្គាល់នៅលើគ្រប់វិស័យ។
គិតត្រឹមដំណាច់ឆ្នាំ២០១៩ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានអភិវឌ្ឍគម្រោងចំនួន១០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ចំនួន ៦គម្រោង និងស្ថិតនៅខេត្តព្រះសីហនុចំនួន ៤គម្រោង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងនោះតំបន់គ្រប់គ្រងអចលនទ្រព្យរបស់ក្រុមហ៊ុនព្រីនស៍ ប្រផឹធី (ខេមបូឌា) មេនេចម៉ិន បានឈានដល់ ១,៨លានម៉ែត្រក្រឡា។
ផ្សារទំនើបព្រីនស៍ សូភើ ម៉ាឃីត ក៏បានបើកសាខាចំនួន ១០ហាងនៅរាជធានីភ្នំពេញផងដែរ។ សណ្ឋាគារព្រីនស៍ ថាម ហូថេល ទទួលបានរង្វាន់ទាំង ក្នុងស្រុកនិងក្រៅស្រុកជាច្រើន។ ចំណែកអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានបន្តប្រកាន់ខ្ជាប់ នូវទំនួលខុសត្រូវសង្គម ហើយបានរៀបចំសកម្មភាពសប្បុរសធម៌ជាង ៤០លើក ដែលជួយដល់ប្រជាជនជាង ៣៨៧០០ នាក់ ដោយមានការឧបត្ថម្ភ និងបរិច្ចាគថវិកា និងសម្ភារគិតជាទឹកប្រាក់សរុបជាង ១,៧លានដុល្លារ ដើម្បីផ្សព្វផ្សាយនូវសេចក្តីស្រឡាញ់ និងសប្បុរសធម៌ទៅគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា។ នៅឆ្នាំ២០២០ ក្រុមហ៊ុននឹងមិនបំភ្លេចនូវគោលគំនិតរបស់ខ្លួន ដោយបន្តការខិតខំប្រឹងប្រែងតស៊ូព្យាយាមទៅមុខ ដើម្បីរួមគ្នាកសាងអនាគតដ៏រុងរឿង សូមជូនពរឱ្យលោកអ្នកមានសុខភាពល្អនៅក្នុងឆ្នាំថ្មីនេះ និងសូមជូនពរឱ្យចំណងមិត្តភាពរវាងកម្ពុជា និងចិនកាន់តែរឹងមាំ និងឋិតថេរ។
នៅក្នុងពិធីជប់លៀងនេះផងដែរ ក្រុមហ៊ុនបានរៀបចំនូវរង្វាន់ចំនួន១០ មានដូចជា «រង្វាន់អ្នកគ្រប់គ្រងឆ្នើម« «រង្វាន់សហការឆ្នើម» «រង្វាន់បុគ្គលិកលក់ឆ្នើម» «រង្វាន់ក្រុមការងារឆ្នើម» «រង្វាន់ភាពច្នៃប្រឌិត» «រង្វាន់សេវាកម្មឆ្នើម» «រង្វាន់បុគ្កលិកថ្មីឆ្នើម» «រង្វាន់ការងារឆ្នើម» «រង្វាន់សមិទ្ធផលឆ្នើម» និង «រង្វាន់បុគ្គលិកជំនាញ» ដើម្បីជាការសរសើរ និងការលើកទឹកចិត្តចំពេះបុគ្គលិក និងក្រុមការងារដែលទទួល បានលទ្ធផលការងារឆ្នើមក្នុងឆ្នាំ២០១៩។ កម្មវិធីចាប់ឆ្នោតដ៏រំភើប បាននាំឱ្យបរិយាកាស ក្នុងពិធីជប់លៀងឈានដល់កម្រិតកំពូលម្តង ហើយម្តងទៀត។ អ្នកមានសំណាងនីមួយៗ បានឡើងមកទទួលរង្វាន់នៅលើវេទិកា ដែលសំណាងទាំងនេះ គឺជាកម្មសិទ្ធិរបស់គ្រួសារព្រីនស៍ ដែលខិតខំប្រឹងប្រែងក្នុងការបំពេញការងារ។
ឆ្នាំ២០១៩ គឺជាឆ្នាំដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប។ នៅឆ្នាំ២០២០ ក្រុមហ៊ុននឹងបន្តការអភិវឌ្ឍឆ្ពោះ ទៅគោលដៅកាន់តែខ្ពស់ និងឆ្ងាយជាងនេះទៀត៕