(ប៉ៃលិន)៖ លោក ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍនជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រាប់ប្រជាពលរដ្ឋខ្មែរ និងខ្មែរឥស្លាមជាង ៦០០នាក់ នៅឃុំអូរអណ្ដូង ស្រុកសាលាក្រៅថា «កុំខ្លាចបញ្ហាមេរោគCOVID-19 កុំជឿព័ត៌មានបំពុល ព្រោះកម្ពុជាយើងគ្មានបញ្ហាទាំងនេះទេ ពិសេសការផ្សព្វផ្សាយព័ត៌មានមិនពិត នាំផលអវិជ្ជមាន ហើយបងប្អូនកុំជឿ, ជឿតែលើស្ថាប័ណធំៗទៅបានហើយ ព្រោះគេជំនាញផ្សាយតែព័ត៌មានពិត ផ្សាយព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវ»។

លោក ហាប់ អូម៉ាលី បានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលលោកដឹកនាំមន្ត្រីជាច្រើន ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនាពេលថ្មីៗនេះ ដែលមានវត្តមានផងដែរពីអនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះស្រុកសាលាក្រៅ រួមទាំងលោកអភិបាលរងស្រុក ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកទាំងអស់។

លោក ហាប់ អូម៉ាលី បន្តថា «អរគុណសន្តិភាព» អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យស្រុកទេសយើងមានសុខសន្តិភាពបរិបូណ៍ មានការរីកចំរើនស្ទើរគ្រប់វិស័យ មានសេដ្ឋកិច្ចរីកចំរើន មានមុខមាត់លើឆាកអន្តរជាតិ ពិសេសពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ ដែលនេះសបញ្ជាក់ពីស្នាដៃដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំដឹកនាំប្រទេសកម្ពុជាយើង ពីបាតដៃទទេរហូតមកដល់ប្រទេសថ្កុំថ្កើនមកដល់សព្វថ្ងៃ និងបន្តរីកចំរើនលូតលាស់ទៅមុខជានិរន្តន៍បន្តទៀត។

លោបន្តទៀតថា នៅកម្ពុជា ទោះបីគ្មាន EBA ក៏ដោយក៏កម្ពុជាយើងនៅតែបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍនសេដ្ឋកិច្ចជាតិបានដែរ ព្រោះ EBA នេះគង់តែគេកាត់ផ្តាច់ដដែលទេ ដោយសារគេសម្លឹងឃើញស្រុកយើងមានការរីកលូតលាស់ទៅមុខ ហើយ EBA នេះ មិនមាននិរន្តរភាពឡើយចំពោះប្រទេសដែលកំពុងរីកចំរើន តួយ៉ាងដូចជាកម្ពុជាយើងជាដើម ហើយវាគង់តែបាត់បង់ដដែលទេ បើសិនប្រទេសយើងក្លាយជាប្រទេសអភិវឌ្ឈន៍នៅថ្ងៃខាងមុខ៕