(បន្ទាយមានជ័យ)៖ អតីតយុទ្ធជន ១០៧គ្រួសារ តំបន់អភិវឌ្ឍន៍ការ៉េ២ ភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានទទួលដីបង្កបង្កើនផល ក្នុងមួយគ្រួសារ ១ហិកតា តាមរយៈការចាប់ឆ្នោត ក្រោមធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជាច្រើនរូបទៀត ដែលរៀបចំធ្វើឡើង នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។
ឆ្លើយតបសំណួរ លោកអគ្គលេខាធិការ គន់ គីម, បងប្អូនអតីតយុទ្ធជន បានឲ្យដឹងថា ក្រោយទទួលបានដីនេះ ពួកគាត់ដាំដំឡូង ព្រោះដីតំបន់ នឹងត្រូវនឹងដំណាំដំឡូង បងប្អូនទាំង១០៧គ្រួសារ សូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានផ្តល់ផ្ទះ និងដីបង្កបង្កើនផលជូនពួកគាត់។
ជាពិសេស លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក្នុងនាមសម្តេចបានសង់ផ្ទះ និងកសាងហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ សាលារៀន នៅពេលខាងមុខនេះ នឹងកសាង មណ្ឌលសុខភាពជូន និងផ្តល់ប្រាក់កម្ចី សម្រាប់ធ្វើទុនបង្កបង្កើនផល ដោយមិនយកការប្រាក់។ បងប្អូនអតីតយុទ្ធជន ប្តេជ្ញាថា គាំទ្រគណបក្សប្រជាជន និងបោះឆ្នោតជូនសម្តេចតេជោ ជារៀងរហូត។
នាយឧត្តមសេនីយ៍ គន់ គីម បានប្រាប់បងប្អូនថា ពេលបានដីត្រូវខំបង្កបង្កើនផល លើកស្ទួយជីវភាពខ្លួន ឲ្យប្រសើរឡើង នឹងត្រូវចេះជួយយកអាសារគ្នា ពេលមានធុរៈ និងសុំឲ្យអភិបាលខេត្ត ត្រូវចាត់ឲ្យតាមមន្ទីរជុំវិញខេត្ត បែងចែកគ្នាជួយបងប្អូនយើងនៅទីនេះ ទៅតាមសភាពជាក់ស្តែង ដើម្បីកាត់បន្ថយ ការលំបាកចំពោះមុខ របស់ពួកគាត់ក្នុងពេល ដែលមករស់នៅទីនេះថ្មីៗ៕