(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានលើកឡើងអំពីប្រទេសម៉ាឡេស៊ី ដែលជាសមាជិកអាស៊ាន ដូចកម្ពុជាដែរនោះថា បានកំពុងជួបវិបត្តិនយោបាយ ក្នុងការរើសយកអ្នកកាន់តំណែងនាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើទោះបីជានៅថ្ងៃម្សិលមិញ មានការស្បថចូលកាន់តំណែងនូវនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី ប៉ុន្តែបញ្ហានយោបាយក៏មិនទាន់ចប់ទេ ត្រូវឆ្លងកាត់សភានៅសប្តាហ៍នេះ ខណៈមានសញ្ញាកើតឡើងនូវបាតុកម្មតាមដងផ្លូវនៅប្រទេសម៉ាឡេស៊ីផងដែរ។
តែយ៉ាងណាក្តីសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសង្ឃឹមថា ប្រទេសម៉ាឡេស៊ី នឹងឲ្យអាចដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនបានល្អឡើងវិញ ក្នុងពេលឆាប់ៗ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា គ្រប់ប្រទេសសុទ្ធតែមានបញ្ហារៀងៗខ្លួនត្រូវដោះស្រាយ ដូចប្រទេសថៃជាដើម ដែលទើបរំលាយគណបក្សមួយចោល និងហាមប្រាមអ្នកយោបាយ មិនឲ្យធ្វើនយោបាយ១០ឆ្នាំផងដែរ ដែលមានឲ្យការប្រមូលផ្តុំធ្វើបាតុកម្ម។
ចំពោះនៅកម្ពុជា បើទោះមិនចុចឲ្យចំឈ្មោះក្តី តែគេអាចដឹងថា ចង់សំដៅដល់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយនោះ និងអតីតថ្នាក់ដឹកនាំរបស់គណបក្សនោះ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គឺការអនុវត្តន៍ច្បាប់សុទ្ធសាធ មិនមានរឿងអ្វីផ្សេងពីនេះឡើយ។
ការបញ្ជាក់លើកឡើងយ៉ាងដូច្នេះរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមិនលូកលាន់ការងារផ្ទៃក្នុងរបស់ម៉ាឡេស៊ីទេ ប៉ុន្តែរឿងរ៉ាវកើតឡើងពេញមួយអាទិត្យកន្លងមកនេះ ពិតជានឹកស្មានមិនដល់។ ម្សិលមិញមានការស្បថចូលកាន់តំណែងនូវនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី ក៏ប៉ុន្តែរឿងនេះមិនទាន់ចប់ទេ ដោយសារតែថា នឹងត្រូវឆ្លងកាត់សភា នៅថ្ងៃទី០៩ ខែមីនាខាងមុខនេះ ប៉ុន្តែហាក់ដូចមានសញ្ញាចេញមកតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មនោះក៏ចាប់ផ្តើមហើយដែរ យើងនឹងតាមដានលើបញ្ហានេះតទៅទៀត ហើយសង្ឃឹមថាម៉ាឡេស៊ី នឹងមានស្ថិរភាព»។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «ចំពោះបញ្ហានៅម៉ាឡេស៊ីនេះ ក៏សុំផ្តាំទៅឲ្យអ្នកដទៃថា មិនមែនមានតែបញ្ហានៅកម្ពុជាទេ គ្រប់តែប្រទេសទាំងអស់មានរឿង នៅបាងកកក៏មានបញ្ហា បន្ទាប់ពីមានការរំលាយគណបក្សអនាគតថ្មី ក៏មានផ្ទុះឡើងនៅបាតុកម្ម សង្ឃឹមថាឯកឧត្តម ប្រាយុទ្ធ ច័ន្ទអ៊ូចា នឹងគ្រប់គ្រងបាននូវសភាពការណ៍នោះ ប៉ុន្តែសម្រាប់ប្រទេសរបស់យើង រឿងមួយផ្សេងទៀតគឺជាការអនុវត្តន៍ច្បាប់តែប៉ុណ្ណោះ ដែលនៅប្រទេសដទៃ អ្នកឈ្នះទៅជាធ្វើបក្សប្រឆាំង អ្នកចាញ់ត្រូវទៅធ្វើរដ្ឋាភិបាល រឿងអាស៊ានយើងមិនលូកដៃទេ»។
ជាមួយគ្នានេះសម្តេចតេជោ ក៏បានផ្តាំដល់មនុស្សមួយចំនួន កុំចេះតែបំភ្លៃថា កម្ពុជាជួយវិបត្តិនយោបាយ ដោយសម្តេចចោទជាសំនួរថា ប្រសិនបើកម្ពុជាមានវិបត្តិនយោបាយពិតមែន ថាតើកម្ពុជាមានសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរឬទេ?៕