(សៀមរាប)៖ ខណៈប្រទេសកម្ពុជា ក៏ដូចជាពិភពលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដោយសារបញ្ហាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងបញ្ហា EBA លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជានាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានក្រោមឱវាទ យកចិត្តទុកដាក់ប្រើប្រាស់ថវិកាជាតិ ដោយប្រយ័ត្នប្រយែងចំគោលដៅ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ដ្រី វេង សាខុន អញ្ជើញជាអធីបតីភាព ក្នុងពិធីបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ នីតិកម្មកសិកម្មប្រចាំ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ និងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីរាជការយ៉ាងច្រើនកុះករ។
បន្ថែមពីនោះទៀត ដើម្បីចូលរួមអនុវត្តទិសដៅការងារបន្ត ឲ្យទទួលបានលទ្ធផលល្អ ក្នុងការគ្រប់គ្រងសម្ភារកសិកម្ម ជាពិសេសការជំរុញ ការអនុវត្តច្បាប់ស្ដីពីការ គ្រប់គ្រងថ្នាំ និងជីកសិកម្មឲ្យមានប្រសិទ្ធភាព លោករដ្ឋមន្ត្រី វេង សាខុន បានផ្ដល់នូវអនុសាសន៍មួយចំនួន ដល់អង្គពិធីទាំងមូល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ យកទៅអនុវត្តបន្តដូចតទៅ៖
ទី១៖ បន្តរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងត្រូវសហការសម្របសម្រួល ជាមួយអង្គភាពជំនាញ ក្នុងការរៀបចំពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត។
ទី២៖ ត្រូវបន្តជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់ ជាពិសេសត្រូវយកចិត្ត ទុកដាក់ទប់ស្កាត់ចំពោះ ការហូរចូលថ្នាំកសិកម្ម និងជីកសិកម្មខុសច្បាប់ ក្លែងបន្លំសំបកវេចខ្ចប់ ស្លាកសញ្ញាព័ត៌មាន ទម្ងន់ និងគុណភាព។
ទី៣៖ បន្ដលើកកម្ពស់ការយល់ដឹង អំពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេស ក្នុងការគ្រប់គ្រងការធ្វើពាណិជ្ជកម្ម ឲ្យបានទូលំទូលាយ តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍»។
ទី៥៖ ត្រូវលើកកម្ពស់ ការយល់ដឹងអំពីផលវិបាក នៃការប្រើប្រាស់សម្ភារៈកសិកម្ម មិនត្រូវតាមបច្ចេកទេស។ ត្រូវណែនាំដល់កសិករឲ្យជីធម្មជាតិ ដាំដំណាំឆ្លាស់ ដើម្បីបង្កើនគុណភាពដី និងការប្រើថ្នាំកសិកម្មដែលលាយផ្សំ ពីរុក្ខជាតិធម្មជាតិដែលអាចរកបាន និងមានស្រាប់នៅក្នុងមូលដ្ឋាន ដើម្បីផលិតផលិតផលសរីរាង្គ។
ទី៦៖ ត្រូវលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការបម្រើសេវាសាធារណៈ ប្រកបដោយតម្លាភាព ដោយត្រូវពង្រឹងឆន្ទៈការងារ និងប្រកាន់ខ្ជាប់នូវវិន័យថ្លៃថ្នូរ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមគោលការណ៍ និងនីតិវិធីពាក់ព័ន្ធជាធរមាន។
ទី៧៖ ស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសយើង ក៏ដូចជាពិភពលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋ កិច្ចដោយសារបញ្ហាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងបញ្ហា EBA លោករដ្ឋមន្ត្រីបាន ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជានាយកដ្ឋាន រដ្ឋបាល និងអគ្គនាយកដ្ឋានក្រោមឱវាទ ត្រូវគិតគូយកចិត្តទុកដាក់ប្រើប្រាស់ថវិកាជាតិដោយប្រយ័ត្នប្រយ៉ែង ចំគោលដៅ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
ទី៨៖ គ្រប់អង្គភាពទាំងអស់ រួមទាំងមន្ទីរ ត្រូវយកចិត្តទុកដាក់អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការពង្រឹងប្រសិទ្ធភាពទប់ស្កាត់ការនាំចូលសត្វ ផលិតផលកសិកម្ម និងសម្ភារកសិកម្មខុសច្បាប់៕