(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន មានការសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងក្រុមហ៊ុន បុកសៀផាយ បានចុះពិនិត្យវឌ្ឍនភាព នៃការបុកស៊ីផាយ និងស្ថានភាពសំរាមនៅប្រឡាយបឹងត្របែក ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបុកបានប្រហែល ៦០% ស្មើនឹង ១៥៣ដើម។
លោក ថេង សុថុល បានឲ្យដឹងថា ការចុះត្រួតពិនិត្យស្ថានភាពកាបុកស៊ីផាយប្រឡាយបឹងត្របែកនាពេលនេះ គឺក្នុងបំណងចង់ដឹងថា ក្រោយមានការយល់ព្រមចូលរួមរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើមាត់ប្រឡាយ ព្រមរុះផ្ទះស្នាក់នៅចេញពីមាត់ប្រឡាយនេះ និងពិនិត្យថា តើមានអ្វីដែលរាំងស្ទះ ក្នុងនាមរដ្ឋបាលខណ្ឌចំការមនត្រូវដោះស្រាយភ្លាមៗ សំខាន់ធ្វើយ៉ាងណាឲ្យដំណើរការស្ថាបនាបុកស៊ីផាយ ស្ថាបនាប្រឡាយមានទាន់តាមគម្រោងរបស់សាលារាជធានី។
ជាមួយគ្នានេះ លោក ថេង សុថុល ក៏បានប្រាប់ពីមូលហេតុ ដែលនាំឲ្យសំរាមកកស្ទះនេះ គឺដោយសារក្នុងប្រឡាយពុំមានទឹក ដែលអាចហូរនាំយកសំរាមដល់ស្ថានីយ៍បូមទឹក ដើម្បីកម្មករប្រមូលកើប ។ លោកបន្តថា ជាវិធានការ គឺយើងមិនបូមទឹកចេញទេ ទុកឲ្យទឹកជោជន់ឡើង ទើបយើងដាក់គ្រឿងចក្រចុះកាយប្រមូលសំរាមដឹកចេញតែម្តង។
លោក ថេង សុថុល បានបញ្ជាក់ថា បើតាមគម្រោងការបុកស៊ីផាយប្រើរយៈពេលប្រមាណ ២០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចំងាយ ២៧១ម៉ែត្រ។ លោកថា នេះជាជោគជ័យដ៏ធំមួយសម្រាប់ដំណើរការងារបុកស៊ីផាយ ដោយមិនប្រើរយៈពេលវែងទេ ព្រោះរហូតមកដល់ពេលយើងបានធ្វើរួចរាល់បាន ៦០ភាគរយហើយ ស្មើ១៥៣ដើម៕