(មណ្ឌលគិរី)៖ ដើម្បីឆ្ពោះទៅសម្រេចបាននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា, លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានចាត់ទុកស្រ្តី គឺជាឆ្អឹងខ្នងដំសំខាន់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ការលើកឡើងបែបនេះរបស់លោក ស្វាយ សំអ៊ាង បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ដោយមានការចូលរួមពីសំណាក់លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំដែលជាស្រ្តី នៅតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស ប្រមាណជា២០០នាក់ ដែលប្រព្រឹត្តទៅនៅផ្ទះសំណាក់ពេជ្រដា ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ។
លោក ស្វាយ សំអ៊ាង បានលើកឡើងពីប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ក្នុងគោលបំណងបន្តរំលេចពីតម្លៃ នៃសន្តិភាព និងអរគុណសន្តិភាព ដែលបានប្រែក្លាចប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងមានការចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តា ប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក។
លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេស វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញ ឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ ឯកឧត្តម បន្ថែមថា កម្ពុជានាពេលបច្ចុប្បន្ននេះ បានកំពុងឆ្ពោះទៅមុខ លើកិច្ចអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែង នៅខេត្តមណ្ឌលគិរី មានការរីកចម្រើនលើគ្រប់វិស័យ ហើយសមិទ្ធិផលទាំងនេះ ស្តែងចេញមកពីកត្តាសន្តិភាព និងសន្តិសុខផងដែរ។
លោកអភិបាលខេត្ត ក៏បានណែនាំដល់ស្រ្តី ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការចូលរួមកិច្ចការងារ សង្គមជាតិ និងធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ក្នុងកិច្ចការបម្រើជាតិ និងប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងក៏បានអំពាវនាវដល់យុវជនទាំងអស់ ត្រូវចូលរួមថែរក្សាប្រពៃណីវប្បធម៌របស់ខ្លួនឱ្យបានល្អ ចៀសវាងការហូរចូលនូវវប្បធម៌បរទេស ប៉ះពាល់ទៅលើសីលធម៌សង្គម។
បើតាមលោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឱ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែងគ្រប់ក្រសួង ស្ថាប័ន និងការគាំទ្រពីអង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ និងសមិទ្ធផលជាច្រើនបានកើតឡើងលើគ្រប់វិស័យ រួមមានទី១៖ ស្រ្តីក្មេងស្រី និងការសិក្សាអប់រំ, ទី២៖ ស្រ្តី និងសេដ្ឋកិច្ច, ទី៣៖ ស្រ្តី និងសុខភាព, ទី៤៖ កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តី, ទី៥៖ ស្រ្តី និងការធ្វើសេចក្តីសម្រេចចិត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ធ្វើឱ្យសមាមាត្រស្រ្តីជាថ្នាក់ដឹកនាំនៅខេត្តមណ្ឌលគិរី មានសមាជិកក្រុមប្រឹក្សាខេត្តជាស្រ្តី ០៣រូប អភិបាលរងខេត្តជាស្រ្តី ១រូប ប្រធានមន្ទីរជាស្រ្តី ២រូប អនុប្រធានមន្ទីរជាស្រ្តីចំនួន ១៩រូប សមាជិកក្រុមប្រឹក្សាក្រុង/ស្រុកជាស្រ្តីចំនួន ០៩រូប អភិបាលរងក្រុង/ស្រុក ជាស្រ្តីចំនួណ០៥រូប មេឃុំជាស្រ្តីចំនួន ០៣រូប ជំទប់ទី១ ជាស្រ្តីចំនួន ០២រូប ជំទប់ទី២ជាស្រ្តីចំនួន ០២រូប និងសមាជិកឃុំជាស្រ្តីចំនួន ១៣រូប និងទី៦៖ យេនឌ័រ និងបម្រែបម្រួលអាកាសធាតុ។
នាឱកាសនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកស្រី បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់ថ្នាក់ដឹកនាំដែលជានារី ក៏ដូចជាបងប្អូននារី រួមទាំងសិស្សានុសិស្សចំនួន ២០០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ហូល,ផាមួងក្នុងម្នាក់១ និងថវិកាចំនួន ៣ម៉ឺនរៀលផងដែរ៕