(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានក្រើនរំលឹកដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវពិនិត្យវាយតម្លៃអំពីសមត្ថភាពការងារនារី ដើម្បីផ្តល់ឱកាសឲ្យនារីទទួលបានឋានន្តរស័ក្ដិ និងតួនាទីសមស្របទៅនឹងតម្រូវការភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ។
ការក្រើនរំលឹករបស់នាយឧត្តមសេនីយ៍ ធ្វើឡើងនៅក្នុងឱកាសដែលអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ»។
នាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ពីគុណតម្លៃស្រ្តីនៅក្នុងការចូលរួមកិច្ចការសង្គម ក្នុងនោះស្រ្តីជាកងយោធពលខេមរភូមិន្ទ បានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព ការពារបូរណភាពទឹកដី និងសេចក្ដីសុខសាន្តរបស់ប្រជាជន។ ដោយហេតុនេះហើយ ទើបកន្លងទៅ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានយកចិត្តទុកដាក់រៀបចំស្រ្តីឲ្យមានតួនាទីគ្រប់លំដាប់ថ្នាក់ក្នុងជួរថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង។ ល។ និងនៅអគ្គបញ្ជាការដ្ឋាន មានស្រ្តីជាអគ្គមេបញ្ជាការរង នាយសេនាធិការរង និងជាមេបញ្ជាការរងតាមបណ្ដាកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអំពាវនាវដល់គ្រប់កងឯកភាព ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាស និងបង្កលក្ខណៈឲ្យនារីបានចូលរួមគ្រប់សកម្មភាព ដើម្បីឲ្យនារីបានបង្កើននូវសមត្ថភាព ចំណេះដឹង និងបំពេញតួនាទី ភារកិច្ចកាន់តែប្រសើរ។
នៅក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់យោធិននារីគ្រប់រូប បន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ តាមរយៈការលើកកម្ពស់សីលធម៌សង្គម ការចូលរួមទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសជួញដូរស្រ្តី និងកុមារ៕