(អាមេរិក)៖ ក្រុមការងារក្រសួងទេសចរណ៍ ដឹកនាំដោយលោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការ និងលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តការអន្តរជាតិ បានចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន (ATF2021) ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីទាក់ទាញទេសចរ និងវិនិយោគិនពីអាមេរិកមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត តាមរយៈការចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ (Travel and Adventure Show) ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅទីក្រុងអាត្លង់តា រដ្ឋចចជា សហរដ្ឋអាមេរិក។
នាឱកាសនោះ គណៈប្រតិភូក្រសួងទេសចរណ៍បានអះអាងចំពោះភ្ញៀវទេសចរ និងដៃគូអន្តរជាតិយ៉ាងដូចនេះថា «កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព មានសុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅ ចំពោះភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់គ្នា ពិសេសគ្មានការឆ្លងជំងឺ Covid-19 និងផ្ដល់ឱកាសពិសេសៗយ៉ាងច្រើនសម្រាប់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចគ្រប់គ្នា»។
លោក ថោង រដ្ឋសក្តិ បានឱ្យដឹងថា ព្រឹត្តិការណ៍ Travel & Adventure Show ជាពិព័រណ៍ទេសចរណ៍ធំជាងគេបង្អស់របស់សហរដ្ឋអាមេរិក ដែលប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំនៅទីក្រុងចំនួន ១០ ផ្សេងគ្នា ដែលឆ្នាំនេះជាលើកទី១ សម្រាប់ទីក្រុងអាត្លង់តា ដោយមានអ្នកចូលរួមតាំងពិព័រណ៍ប្រមាណជាង ៥០០ស្ថាប័ន មកពីប្រមាណ ៦០ប្រទេស ក្នុងនោះពន្លាក្រសួងទេសចរណ៍ បានរៀបចំតុបតែងយ៉ាងស្អាត និងមានភាពទាក់ទាញដោយទទួលបានភ្ញៀវចូលទស្សនា និងសាកសួរព័ត៌មានយ៉ាងផុលផុស។
លោកបានបន្តថា ក្នុងព្រិត្តិការណ៍នោះក្រុមការងារក៏បានជួបប្រជុំជាមួយនឹងលោក John Spooner និងលោក Jonathan Goazlic ដែលជាអ្នករៀចចំកម្មវិធី ដើម្បីពិភាគ្សាពីការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអាមេរិកទាំងមូល ជាពិសេសនៅតាមបណ្ដារដ្ឋនិងទីក្រុងធំៗ ដូចជា San Francisco, San Diego រដ្ឋ California, ទីក្រុង Philadelphia រដ្ឋ Pennsylvania, ទីក្រុង Denver រដ្ឋ Colorado, ទីក្រុង Tampa Bay និង Miami រដ្ឋ Florida, ទីក្រុង Chicago រដ្ឋ Illinois ដែលជាទីផ្សារធំៗរបស់សហរដ្ឋអាមេរិក ជាពិសេសផ្ដោតទៅលើទីផ្សារ Cruise Tourism hubs និងរៀបចំកម្មវិធីសិក្សាទីផ្សារកម្ពុជាទៅកាន់គោលដៅទាំងអស់នេះ តាមរយៈ CoronaVirus Recover Campaigns និង Roadshows ដូចជា តាមប្រព័ន្ធ Digital Flatforms របស់ Travel and Adventure Show ផងដែរ និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ព្រមទាំងរៀបចំអោយមានកម្មវិធី Special Familirization Trip ជាមួយនឹងក្រុមអ្នកសារព័ត៌មានរបស់ពួកគាត់មកកាន់កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងាររបស់ក្រសួងទេសចរណ៍កម្ពុជា ក៏បានចុះពិនិត្យក្នុងរបៀបជា Study Tour & Research នៅ Studio 7 របស់បណ្តាញស្ថានីយទូរទស្សន៍អន្តរជាតិ CNN ក្នុងទីក្រុងអាត្លង់តា ដើម្បីបន្តកិច្ចសហប្រតិបត្តការណ៍ផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍កម្ពុជា ក្នុងភាពជាដែគូយូអង្វែង។
យោងតាមស្ថិតិក្រសួងទេសចរណ៍ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអាមេរិកប្រមាណជិត ២៥ម៉ឺននាក់ ឈនៅក្នុងលំដាប់ទ៦ នៃទីផ្សារកំពូលទាំង១០របស់កម្ពុជា៕