(សៀមរាប)៖ ពិធីបើកព្រឹត្តិការណ៍ «ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០ បានរៀបចំនៅសណ្ឋាគារអប្សរា ផាឡេស នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ ក្រោមអធិបតីរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងវត្តមានរបស់លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប, លោកបណ្ទិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, គណៈប្រតិភូជាអ្នកទិញ និងអ្នកលក់អន្តរជាតិ ដែលអញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ រួមនិងវត្តមានភ្ញៀវកិត្តិយសជាតិ និងអង្គផងដែរ។
លោក ប៉ាក់ សុខុម ក្នុងនាមលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្នុងនាមលោកផ្ទាល់ លោកបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ដែលបានបង្កើតឱ្យមានព្រឹត្តិការណ៍ «ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ឆ្នាំ២០២០» នេះឡើង ដែលជំនួបពាណិជ្ជកម្មទេស ចរណ៍លើកទី១កាលពីឆ្នាំ២០១៨, លើកទី២ ឆ្នាំ២០១៩ ហើយជំនួបលើកទី៣នេះ គឺមានវត្តមានគណៈប្រតិភូជាអ្នកទិញ និងអ្នក លក់អន្តរអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ និងការចូលរួមរបស់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលសបញ្ជាក់ឲ្យឃើញពីការគាំទ្រយ៉ាងសកម្មជាមួយក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងបណ្តាប្រទេសនៃ អាស៊ីប៉ាស៊ីហ្វិច។
លោកបានរំលឹកថា ទោះបីជាស្ថិតនៅក្នុងពេលមានវិបត្តិជំងឺ Covid-19 ក៏ដោយ ក៏ពិព័រណ៍ទេសចរណ៍ PATA ដែលជាវេទិកាដ៏សំខាន់សម្រាប់ផ្សព្វផ្សាយផលិតផលទេសចរណ៍ ក្នុងអាស៊ីប៉ាស៊ីហ្វិក ផ្លាស់ប្តូរបទពិសោធន៍ក្នុងធុរកិច្ចទេសចរណ៍ និងពិភាក្សាគ្នាដោយស្មារតីសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព នៅតែត្រូវបានរៀបចំឡើងដោយរលូន និងប្រកបដោយជោគជ័យ នេះគឺជាការ ខិតខំប្រឹងប្រែងប្រកបដោយស្មារតីមុះមុតរបស់អ្នករៀបចំ និងអ្នកឧបត្ថម្ភគាំទ្រ។ ខណៈដែរពិព័រណ៍ទេស ចរណ៍អន្តរជាតិ International Tourism Borse (ITB) 2020 នៅទីក្រុង Berlin ប្រទេសអាឡឺម៉ង់ ដែល ជាពិព័រណ៍មួយដ៏ធំក៏ត្រូវបានលុបចោលដែរ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ក្នុងអំឡុងពេលវិបត្តិ Covid-19។ សម្តេច គឺជាមេបញ្ជាការដែលមានវីរភាពសម្រាប់ប្រជាជនកម្ពុជា និងបានបង្ហាញពិភពលោកទាំងមូលអំពីមិត្តភាពកិច្ចសហប្រតិបត្តិការ និងមនុស្សធម៌ ដោយគ្មានការរើសអើងជាតិសាសន៍ ក្នុងស្ថានភាពលំបាក។
ការអនុញ្ញាតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឱ្យនាវាទេសចរណ៍ «Westerdam» ចូលចតនៅខេត្តព្រះសីហនុ បានឆ្លុះបញ្ចាំងឲ្យឃើញថា «កម្ពុជាតូច តែបេះដូងទូលាយ, Cambodia is small but her heart is big»។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាក អន្តរជាតិ (អំពីសប្បុរសធម៌ និងមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា) បានចូលរួមផ្សព្វផ្សាយទេសចរណ៍ កម្ពុជាទៅកាន់ពិភពលោកប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត និងជាគំរូមួយសម្រាប់វិស័យទេសចរណ៍ ពិភពលោក ដូចក្នុងសារអរគុណ និងកោតសរសើររបស់ឯកឧត្តម ZURAB POLOLIKASHVILI អគ្គលេ ខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) និងឯកឧត្តម BRUNO BODARD អគ្គនាយកនៃ អង្គការឆ្នេរស្អាតជាងគេលើពិភពលោក។
យើងត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះ សេចក្តីសម្រេច ការណែនាំ និងវិធានការអាទិភាពនានារបស់រាជរដ្ឋាភិបាល រួមមានវិធានការគោល៤ ដែលមាន៩០សកម្មភាព ដើម្បីសម្រាលបញ្ហាលំបាក និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។
*ទី១ ៖ ជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក (រួមមានទេសចរផ្ទៃក្នុងនិងភ្ញៀវបរទេសក្នុងកម្ពុជា) អនុវត្ត «កញ្ចប់ទេសចរណ៍លើកទឹកចិត្ត» ដែលមានការសម្រួលថ្លៃកញ្ចប់ទស្សនាទាំងផ្នែកសាធារណៈ និងឯកជននៅតាមគោលដៅទេសចរណ៍ និងគាំទ្រ «ប័ណ្ណកម្សាន្តក្នុងស្រុកដែលមានតម្លៃសមរម្យ» ការបង្កើតព្រឹត្តិការណ៍ និងវិធានការផ្សព្វផ្សាយយ៉ាងសកម្ម ដោយមានការចូលរួមពីបណ្តាញផ្សព្វផ្សាយនានា។
*ទី២ ៖ ជំរុញអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មទេសចរណ៍ ជំរុញសកម្មភាពវិនិយោគសាធារណៈ និងឯកជន សំដៅធ្វើឲ្យគោលដៅទេសចរណ៍កម្ពុជាកាន់តែរស់ រវើកចំពោះភ្ញៀវជាតិ និងអន្តរជាតិ។ រាជរដ្ឋាភិបាល បានរៀបចំប្លង់មេអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ សៀមរាប មណ្ឌលគិរី និងកែប បានវិនិយោគទុនរាប់រយលានដុល្លាលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ នានានៅក្រុងព្រះសីហនុ និងបានបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋនៅតំបន់ឆ្នេរ និងតំបន់ដែលមានសក្តា នុពលផ្សេងទៀត។ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ ឆ្នេរសមុទ្រកម្ពុជា។
*ទី៣ ៖ ទាក់ទាញភ្ញៀវពីប្រទេសជិតខាងក្នុងតំបន់ និងអន្តរជាតិដែលទទួលរងផលប៉ះពាល់តិច (ក្នុង នោះមានបងប្អូនខ្មែររស់នៅបរទេស) តាមវិធានការត្រួតពិនិត្យ ទប់ស្កាត់បង្ការ និងធានាការទស្សនាដោយគ្មានការភ័យខ្លាចពី Covid-19 ឬករណីអវិជ្ជមានផ្សេងទៀត ព្រមទាំងប្រើប្រាស់ឱកាសនៃការ ទស្សនាសម្រាប់ជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដូចការអនុញ្ញាតឲ្យនាវា Westerdam ដ៏ល្បីល្បាញ ចូលកម្ពុជា។
*ទី៤ ៖ ជួយសម្រាលការលំបាកនៃឧស្សាហកម្មទេសចរណ៍ ពិសេសនៅខេត្តសៀមរាប ខេត្តព្រះ សីហនុ ដោយលើកលែងពន្ធដារមួយរយៈ សម្រួលសំបុត្រចូលអង្គរ និងផ្តល់សេវាគាំទ្រហិរញ្ញវត្ថុមួយផ្នែកដល់ការបណ្តុះបណ្តាលបុគ្គលិក និងនិយោជិតដែលបាត់បង់ទាំងស្រុង ឬមួយផ្នែកនៃការងារ ដោយ សារការថយចុះនូវភ្ញៀវ។
លោកបន្តឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ឲ្យអនុវត្តស្តង់ដា «វិថីលក់ម្ហូបអាហារកម្ពុជា» និងស្តង់ដារ «តូបលក់ម្ហូបអាហារតាមដងផ្លូវកម្ពុជា» តាមយុទ្ធនាការ គ្រប់ក្រុង/ខណ្ឌ បេក្ខភាព នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតទាំងអស់ ត្រូវមានវិថីលក់ម្ហូបអាហារយ៉ាងហោចណាស់មួយ ព្រោះ ទេសចរណ៍ម្ហូបអាហារ ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសំរាប់ទីផ្សារនាពេលបច្ចុប្បន្ន។ កំពតជាខេត្តគំរូមុនគេ ក្នុងការរៀបចំវិថីលក់ម្ហូបអាហារតាមស្តង់ដា។
រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺ Covid-19 ដែលភ្ញៀវទេសចរអន្តរជាតិអាចថយប្រមាណ ១០% ទៅ ១៥% (ភ្ញៀវចិននឹងថយច្រើន តែភ្ញៀវអន្តរជាតិនានាអាចថយតិចតួច) ស្របពេលដែលទេសចរផ្ទៃក្នុងនឹងកើនឡើងមិនលើស១០% ដើម្បីសម្រាលការលំបាកនៃឧស្សាហកម្មទេសចរណ៍។
ក្នុងនោះក្រសួងទេសចរណ៍ មានគំនិតផ្តួចផ្តើមសំខាន់ៗ ដើម្បីជំរុញលំហូរទេសចរមកកម្ពុជា៖
*ទី១ ៖ ស្នើបើកកំពង់ផែទឹកជ្រៅខេត្តកំពត ដើម្បីអនុញ្ញាតឲ្យនាវាទេសចរណ៍កាន់តែច្រើនចូលកំពង់ផែ សមុទ្រ។
*ទី២ ៖ ស្នើបន្ថយថ្លៃទិដ្ឋាការពាក់កណ្តាល សម្រាប់ទេសចរមកតាមនាវាទេសចរណ៍សមុទ្រដែលចូល ចតក្រោម២៤ម៉ោង និងផ្តល់ទិដ្ឋាការរួមតាមបញ្ជីឈ្មោះភ្ញៀវទេសចរ។
*ទី៣ ៖ សម្រួលទេសចរថៃមកទស្សនាខេត្តសៀមរាប ដោយប្រើប័ណ្ណព្រំដែន។
*ទី៤ ៖ អនុញ្ញាតឲ្យបិទប័ណ្ណសំគាល់អត្តសញ្ញាណចូល-ចេញ លើរថយន្តទេសចរណ៍ផ្ទាល់ខ្លួនចូលកម្ពុជា ស្របច្បាប់។
*ទី៥ ៖ ជំរុញនគរបាលទេសចរណ៍រៀបចំជំនួយទេសចរ នៅតាមច្រកព្រំដែនអន្តរជាតិ។
*ទី៦ ៖ ស្តារនិងដាក់ឲ្យដំណើរការឡើងវិញនូវអាកាសយានដ្ឋានខេត្តបាត់ដំបង ដើម្បីសម្រួលការធ្វើ ដំណើរ និងទេសចរណ៍៕