(រតនគិរី)៖ អភិបាលខេត្តរតនគិរីលោក ថង សាវុន បានចាត់ទុកបងប្អូនស្រ្តីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារផងដែរ។
ការថ្លែងរបស់លោកបែបនេះ ក្នុងឱកាសជួបសំណេះសំណាលបងប្អូននារីជាភរិយាថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជុំវិញខេត្តជានារីប្រមាណ ៣០០នាក់ ដើមី្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត។
លោក ថង សាវុន បានសំណូមដល់បងប្អូនស្ត្រីទាំងអស់ ឲ្យខិតខំក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិ សំខាន់ឲ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាពផុលផុសជាងមុន ដែលកត្តាទាំងនេះហើយធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកល លិ្បចបោកបញ្ឆោតរបស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ង់ប៉ងបំផ្លាញនូវសន្តិភាពនៅកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងស្វែងរកទាំងលំបាកអស់រយៈពេលជាច្រើន ឆ្នាំមកនោះ។
លោកអភិបាលខេត្ត បានលើកពីប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រជាពិសេស វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជម្រុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
ក្នុងនោះដែរ លោកបានគូសបញ្ជាក់ថា កម្ពុជានាពេលបច្ចុប្បន្ននេះបានកំពុងឆ្ពោះទៅមុខ លើកិច្ចអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងនៅក្នុងភូមិសាស្ត្រនៃខេត្តរតនគិរី គ្រប់ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ មានការរីកចំរើនតាំងពីទីប្រជុំជនទៅដល់ជនបទទាំងផ្លូវ ទឹក ភ្លើង មណ្ឌលសុខភាពសាលារៀន។ សមិទ្ធិផលនេះស្តែងចេញមកពីកត្តាសន្តិភាព និងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។
ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរឹងមាំបានធានាឲ្យកម្ពុជាបន្តសម្រេចបានលទ្ធផលធំៗថ្មីៗទៀតក្នុងដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារសង្គម និងកែលំអរជីវភាពរស់នៅរបស់ប្រជាជន ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើនយ៉ាងឆាប់រហ័ស។
ក្នុងឱកាសនេះលោក ថង សាវុន និងលោកស្រី បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ជូនដល់បងប្អូននារីក្នុងម្នាក់ៗ ទទួលបានក្រណាត់ហូល, ផាមួងក្នុងម្នាក់១ ក្បិន និងថវិកា ១០ម៉ឺនរៀលផងដែរ៕