(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
ពិធីប្រគល់សញ្ញាបត្រធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលបានសញ្ញាបត្រនេះរួមមាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតអាស៊ីអឺរ៉ុប៖
* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងឯកជន បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណភាពអប់រំ នៅតែជាចំណុចស្នូលដែលត្រូវយកចិត្តទុកដាក់សម្រាប់វិស័យអប់រំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសិក្សាត្រូវធ្វើឡើងពេញមួយជីវិត មិនមែនបានសញ្ញាបត្របរិញ្ញា អនុបណ្ឌិត ឬបណ្ឌិតហើយ ត្រូវដើរពើងទ្រូងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា រស់នៅក្នុងសង្គមទាមទារឱ្យតាមដានជាប់ជាប្រចាំចំពោះបញ្ហាទាំងឡាយនៅក្នុងសង្គមទាំងក្នុងប្រទេស និងលើពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន អរគុណសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានផ្តល់អាហារូបករណ៍សម្រាប់សម្តេច។ ចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០១៩-២០២០ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបផ្តល់អាហារូបករណ៍ជូនសម្តេចចំនួន ១២៥៣កន្លែង។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងមួយខែសម្តេចឧបត្ថម្ភថវិកា និងអង្ករដល់និស្សិតក្រីក្រតាមសាកលវិទ្យាល័យចំនួន៥ សរុបជាង ៥ពាន់ដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពន្យាពេលកិច្ចប្រជុំកំពូលរវាងអាមេរិក-អាស៊ាន នៅសហរដ្ឋអាមេរិក មានតែអាមេរិកប៉ុណ្ណោះអាចបញ្ជាក់ពីមូលហេតុពិត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចជឿថា ការប្រយុទ្ធប្រឆាំងជំងឺ COVID19 ជាមូលហេតុនាំឱ្យអាមេរិកពន្យារពេលកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិក មិនបានចូលរួមប្រជុំពេញលេញជាមួយអាស៊ានរយៈពេល៣ឆ្នាំជាប់គ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពន្យារពេលកិច្ចប្រជុំអាមេរិក-អាស៊ាន នាំឱ្យសម្តេចកែប្រែកម្មវិធីចេញទៅក្រៅប្រទេសផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បំណងពង្រឹងទំនាក់ទំនងរវាងអាមេរិក-អាស៊ាន ជារឿងពិត។ តែការពន្យារនេះ ព្រោះតែបញ្ហា COVID19។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា ម៉ាឡេស៊ី នឹងមានស្ថេរភាពនយោបាយ ខណៈនយោបាយក្នុងប្រទេសនេះកំពុងមានបញ្ហា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសក្នុងតំបន់អាស៊ានសុទ្ធតែមានបញ្ហារៀងៗខ្លួន តែសម្រាប់បញ្ហានៅកម្ពុជា ជារឿងអនុវត្តន៍ច្បាប់សុទ្ធសាធ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងអស់សំណើចសម្រាប់អ្នកនិយាយអត្ថាធិប្បាយថាកម្ពុជាមានវិបត្តិនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកនយោបាយម្នាក់ សម្តេចងាយស្រួលប្រើ។ ក្នុងនោះមានទាំងការកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០ បូក១ សម្រាប់សំឡេងឆ្នោតគណបក្សនយោបាយដែលឈ្នះទៅដឹកនាំរាជរដ្ឋាភិបាលផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របបនយោបាយនៅកម្ពុជា គឺជារបបបោះឆ្នោត មិនមែនជារបបតែងតាំងតំណែងតពីបុគ្គលមួយ ទៅបុគ្គលមួយទៀតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគាំទ្រចំពោះការសម្រេចរបស់លោក ដូណាល់ ត្រាំ ក្នុងការពន្យារពេលកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផលប៉ះពាល់ដោយជំងឺ COVID19 មានទំហំធំធេងណាស់។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្រើសការពារខ្លួនជារឿង តែកុំជ្រើសយកការភ័យខ្លាចហួសហេតុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនជ្រើសយកវិធានការឃុំខ្លួន១៤ថ្ងៃពេលត្រឡប់ពីចិន គឺដើម្បីចៀសវាងការបង្កភាពភ័យខ្លាចហួសហេតុដល់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនាវា Westerdam ចូលកម្ពុជា សម្តេចមានភាពតក់ស្លុតចំនួនួពីរ ទី១៖ តក់ស្លុតពេលម៉ាឡេស៊ីប្រកាសថា ស្រ្តីជនជាតិអាមេរិកចុះពីនាវាមានមេរោគ COVID19 និងទី២៖ តួកគី បដិសេធមិនឱ្យយន្តហោះតួកគី ដឹកអ្នកដំណើរពីនាវាជាង ២០០នាក់ ចុះចត ជាហេតុបង្ខំឱ្យយន្តហោះទៅចុះចតនៅហូឡង់។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកក្រុមមនុស្សបំពុលព័ត៌មានរឿង COVID19 ជាក្រុមភេរវកម្ម។
* សម្តេចតេជោ ហ៊ុន សែន ចោទសួរក្រុមជនទុច្ចរិតបំពុលព័ត៌មាននេះថា បានអ្វីមកវិញ? គឺបានត្រឹមបង្កភាពភ័យខ្លាចប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រោគសញ្ញានៃជំងឺ COVID-19 គឺមិនបណ្តាលឱ្យមនុស្សដួលស្លាប់ភ្លាមៗនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យធ្វើជាសកម្មជនប្រឆាំងព័ត៌មានក្លែងក្លាយពាក់ព័ន្ធករណី COVID-19។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយយោងតាមទិន្នន័យរបស់អង្គភាពពិភពលោកឱ្យដឹងថា ក្នុងមួយឆ្នាំមនុស្សលើពិភពលោកមិនតិចជាង ២៥ម៉ឺននាក់ទេ ដែលស្លាប់ដោយសារជំងឺផ្តាសាយធំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅគ្រប់ច្រកតាមព្រលានយន្តសុទ្ធតែមានបំពាក់ឧបករណ៍ចាប់កំដៅក្នុងខ្លួនមនុស្ស ដើម្បីតាមដានជំងឺ COVID19។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅព្រះសីហនុរោងចក្រពីរ មានកម្មករជាង៣០០នាក់ បានព្យួរការងារ ព្រោះខ្វះវត្ថុធាតុដើមសម្រាប់ផលិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាបង្កដោយជំងឺ COVID19 នាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លាំងជាងគេ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកចូលចិត្តដើរលេងក្រៅស្រុក សូមបង្វែមកលេងនៅក្នុងស្រុក ដើរឱ្យស្គាល់គ្រប់កន្លែងកម្សាន្តនៅក្នុងស្រុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរទៅលេងរមណីយដ្ឋានអង្គរ គួរប្រើមគ្គទ្ទេសក៍ទេសចរណ៍ ដើម្បីបានយល់ដឹងពីប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់អ្នកមគ្គទ្ទេសក៍។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងទេសចរណ៍គិតគូរលើបញ្ហានេះ។ សម្តេចតេជោបន្ថែមថា ការធ្វើបែបនេះមិនមែនជាការចាប់បង្ខំនោះទេ គ្រាន់តែជាការរួមគ្នាជួយដល់មគ្គទ្ទេសក៍ទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន ស្នើសុំកុំឱ្យមានការរើសអើង ចំពោះអ្នកដែលមានជំងឺនេះ ឬជំងឺនោះ ព្រោះតែការសង្ស័យមានជំងឺ COVIDI19។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកវិធានការរបស់នាយករដ្ឋមន្ត្រីម៉ុងហ្គោលី ដែលឃុំខ្លួនឯង និងគណៈប្រតិភូ ក្រោយត្រឡប់ពីទស្សនកិច្ចនៅចិនជារឿងមួយខុសឆ្គង។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់គោលការណ៍ថែទាំអនាម័យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជារឿងដែលត្រូវព្រួយបារម្ភព្រោះសម្លាប់មនុស្សរាល់ថ្ងៃ មិនមែនរឿង COVID19 នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់តារាបង្ហាញមុខនៅតាមកញ្ចក់ស្ថានីយទូរទស្សន៍កុំឱ្យស៊ិចស៊ីខ្លាំងពេក។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកដែលរិះគន់សម្តេចរឿងអំពាវនាវកុំឱ្យស្លៀកស៊ិចស៊ី ទៅមើលច្បាប់ជួញដូរមនុស្ស និងច្បាប់និយាយពីទំនៀមទម្លាប់វប្បធម៌ប្រពៃណីរបស់ខ្មែរ។
* សម្តេចបានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១០៖០១នាទីនាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០៕