(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង សូមបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកទល់យប់ថ្ងៃអាទិត្យ ទី០១ ខែមិនា ឆ្នាំ២០២០នេះ នៅប្រទេសកូរ៉េខាងត្បូង មិនទាន់មានប្រជាពលរដ្ឋ ឬពលករខ្មែរណាម្នាក់ឆ្លងជំងឺកូរ៉ូណាថ្មី ឬ COVID-19 ឡើយ។

ទោះជាយ៉ាងនេះក្តី លោកអគ្គរាជទូតកម្ពុជាបានអះអាងថា ស្ថានទូតបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងគំហុកនៃជំងឺកូរ៉ូណាថ្មីនៅប្រទេសកូរ៉េខាងត្បូង។

បើតាមរបាយការណ៍ដែលបង្ហាញដោយស្ថានទូតកម្ពុជា គិតត្រឹមរសៀលថ្ងៃអាទិត្យទី០១ ខែមីនា ឆ្នាំ២០២០ នេះ អាជ្ញាធរកូរ៉េបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ទូទាំងប្រទេសចំនួន ៣,៧៣៦នាក់, អ្នកស្លាប់កើនដល់១៨នាក់, អ្នកកំពុងព្យាបាលដាច់ដោយឡែក​ ៣,៦៨៨នាក់ ,​ អ្នកជាសះស្បើយ​៣០នាក់​, អ្នកជំងឺសង្ស័យ​៩៥,១៨៥នាក់​ ,​ អ្នកកំពុងពិនិត្យ ៣៣,៣៦០នាក់​ និងអ្នកពិនិត្យរួចលទ្ធផលអវិជ្ជមាន​៦១,៨២៥ នាក់​ ។

របាយការណ៍បានបន្តថា នៅព្រឹកមិញ នៅក្នុងខេត្តកាងវ៉ុនដូ (ខាងជើងឆៀងខាងកើតទីក្រុងសេអ៊ូល) មានអ្នកឆ្លងថ្មី៨នាក់ទៀតហើយ ដែលចំនួនអ្នកឆ្លងសរុបកើនដល់១៥នាក់ ហើយអ្នកទាំង៨នាក់នោះ មាននិស្សិតចិន ដែលរៀននៅសាលាកាតូលីកក្វាងដុង ក្នុងក្រុងកាងនឹង ដែលទើបចូលក្នុងប្រទេសកូរ៉េនៅថ្ងៃទី២៨ កុម្ភះ ១នាក់ វិហារស៊ីនឆន់ជីនៅក្រុងកាងនឹង (១នាក់) អ្នកវិហារស៊ីនឆន់ជីនៅក្រុងវ៉ុនជូ(៤នាក់) បុគ្គលិកមន្ទីរពេទ្យនៅកាងនឹង(១នាក់) និងស្ត្រីដែលរស់នៅក្រុងកាងនឹង(១នាក់)។

ស្ថានទូតបានទំនាក់ទំនងទៅនិស្សិតខ្មែរ ឈ្មោះ ឆាយ លីហួរ ដែលកំពុងសិក្សានៅ សកលវិទ្យាល័យ Gangneung-Wonju National នៅកាងវ៉ុន ដែលបច្ចុប្បន្នមាននិស្សិតខ្មែរ ៨ នាក់នៅទីនោះ តែមិនទាន់មាននរណាម្នាក់ឆ្លងមេរោគនេះនៅឡើយ។ និស្សិត លីហួរ ស្នើសុំម៉ាសនិងទឹកលាងដៃសម្រាប់ក្រុមនិស្សិតគាត់ទាំងប្រាំបីនាក់ដែរដោយសារនៅទីនោះក៏ដាច់ស្តុកម៉ាសដែរ។
ជាការឆ្លើយតប ស្ថានទូតយើងនឹងផ្ញើជូន ម៉ាសចំនួន ៥០ និងទឹកលាងដៃចំនួន ៣០ ដបតូចទៅពួកគាត់ទាំង ៨ នាក់នេះក្នុងសប្តាហ៍ថ្មីក្រោយ។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់។

សម្រាប់វិធានការណ៍ចំពោះមុខដែលដាក់ចេញដោយស្ថានទូតនេះរួមមានដូចជា៖

១៖ ស្ថានទូតបានបង្កើតក្រុមការងារពិសេស និងចំពោះកិច្ច ដែលមានសមាសភាពមន្រ្តីស្ថានទូតទាំងអស់ និងបណ្តាប្រធានមូលនិធិសមាគមនានាទាំងជាង៣០ ព្រមទាំងបុគ្គលិកនៅតាមបណ្តាមជ្ឈមណ្ឌលគាំពារស្រ្តី និងពលករបរទេសតាមតំបន់ទាំងអស់នៅកូរ៉េ ដែលជា network of communication ដើម្បីសហការជួយប្រមូលព័ត៌មាន ចែករំលែក ផ្សព្វផ្សាយនិងរាយការណ៍អំពីវឌ្ឍនភាពនៃជំងឺនេះមកពីគ្រប់កន្លែង និងគ្រប់ពេលវេលា។

២៖ ស្ថានទូតបានបង្កើតលេខទូរស័ព្ទពិសេស ០១០ ៤៨៨៨ ៧៨៤៨ ដែលបម្រើការ២៤ម៉ោង លើ២៤ម៉ោងសម្រាប់ទទួលរាយការណ៍អំពី COVID-19។

៣៖ ស្ថានទូតបានស្នើសុំជំនួយទាំងសំភារៈនិងថវិកា ពីសប្បុរសជនទាំងនៅកូរ៉េ និងកម្ពុជាបានប្រមាណជា២ម៉ឺនដុល្លារសម្រាប់ការទិញម៉ាស និងទឹកលាងដៃផ្គត់ផ្គង់ដល់សហគមន៍ខ្មែរនៅកូរ៉េ ពិសេសនៅតំបន់ដែលផ្ទុះមេរោគ COVID-19ខ្លាំង គឺនៅទីក្រុងថេហ្គូ និងក្យ៉ុងសាន ដែលគ្រោងនឹងចែកជូនក្រុមជនគោលដៅជាអាទិភាពមាននិស្សិត ពលករ និងស្រ្តីដែលមានគ្រួសារនៅប្រទេសកូរ៉េជាដើម តាមរយៈប្រៃសនីយ៍៕