(ព្រះវិហារ)៖ អាជ្ញាធរបានសម្រេចសាងសង់ស្ពានដែកបាឡេត៍ ចូលទៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក បន្ទាប់ពីស្ពានឈើចូលទៅដែនជម្រកសត្វព្រៃនេះ ត្រូវបានភ្លើងឆេះជាបន្តបន្ទាប់ ដោយសារតែភ្លើងឆេះព្រៃ និងគេលួចដុតនោះ។ ស្ពាននេះស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ថវិកាសម្រាប់ដំណើរការសាងសង់ស្ពានដែកនេះ ទទួលបានការជួយឧបត្ថម្ភពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។ នេះបើតាមការបញ្ជាក់របស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន។
តាមរយៈអង្គភាពព័ត៌មាន Fresh News, លោក សំ លាងទ្រី បានគោរពថ្លែងអំណរគុណជាអនេកចំពោះលោកទេសរដ្ឋមន្ត្រី មាស សុភា, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោក សាយ សំអាល់ និងលោក ប្រាក់ សុវណ្ណ ដែលបានឧបត្ថម្ភថវិកា និស្មារតីជួយដល់ការសាងសង់ស្ពាននេះ។
លោក សំ លាងទ្រី បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ផ្តើមដំណើរការសាងសង់ស្ពានដែកនេះហើយ។ ស្ពាននេះអាចនឹងសាងសង់ចប់សព្វគ្រប់ក្នុងរយៈពេលប្រមាណ ៧ថ្ងៃ។ លោក សំ លាងទ្រី បានឱ្យដឹងផងដែរថា ស្ពាននេះមានប្រវែងប្រមាណ ៤៨ម៉ែត្រ ទទឹងជាង ៤ម៉ែត្រ។ សសរ និងតួស្ពានធ្វើពីដែក និងក្រាលឈើ។
សូមបញ្ជាក់ថា មុនឈានដល់ការសាងសង់ស្ពានបាឡេត៍នេះ នៅកន្លែងត្រូវបានសាងសង់ដោយស្ពានឈើ តែត្រូវបានឆេះជាបន្តបន្ទាប់។ ការឆេះនេះអ្នកខ្លះថា បណ្តាលមកពីភ្លើងឆេះព្រៃ ខណៈអ្នកខ្លះទៀតអះអាងថា ក្រុមអ្នកប្រព្រឹត្តបទល្មើសសត្វព្រៃជាអ្នកលួចដុត។
សូមបញ្ជាក់ផងដែរថា ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងខេត្តសៀមរាម មានទំហំផ្ទៃដីសរុប ៤២,០៩៧ហិកតា។ ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពកនេះ ត្រូវបានអះអាងថា សម្បូរទៅដោយសត្វព្រៃ និងធនធានធម្មជាតិជាច្រើន។
លោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីចំនួនជាង៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះច្រើនប្រភេទ។ ទន្ទឹមនឹងផ្តល់កិច្ចសហការអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាន និងសង្គម បានផ្តល់កញ្ចប់ថវិកាចំនួន ២ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១៩ ដើម្បីលោក បេន ដាវីស ប្រើប្រាស់ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពកនេះ។
ក្នុងរយៈពេលប្រមាណ ២ឆ្នាំចុងក្រោយនេះ ស្ពានឈើចំនួន៤ ត្រូវបានក្រសួងបរិស្ថានសាងសង់សម្រាប់ឆ្លងចូលទៅដែនជម្រកសត្វភ្នំត្នោតភ្នំពកនេះ។ ស្ពាននីមួយៗមានប្រវែងប្រមាណ៥០ម៉ែត្រ ឬវែងជាងនេះ៕