(ស្ទឹងត្រែង)៖ ដើម្បីបន្តដោះស្រាយ តម្រូវការទឹកស្អាតប្រើប្រាស់ នៅតាមទីជនបទដាច់ស្រយាល នៅថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាត មាតាបិតាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងក្រុមការងារ បានប្រគល់អណ្តូងទឹកស្អាតចំនួន ២០ ជូនដល់គ្រួសារយោធិន និងប្រជាពលរដ្ឋខ្វះខាតទឹក ប្រើប្រាស់ជិត៤០០គ្រួសារ នៅស្រុកសៀមប៉ាង និងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជាតំបន់ឆ្ងាយ ដាច់ស្រយាល ប្រឈមនឹងកង្វះទឹក ក្នុងរដូវប្រាំង ក្នុងនោះ មានអណ្តូងរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ចំនួន៥ និង អណ្តូង អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងឧបាសិកា ឌី ប៉ុក ចំនួន១៥អណ្តូង។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឲ្យដឹងថា អណ្តូងទឹកស្អាតទាំងនេះ គឺជាអំណោយមូលនីធិ របស់មាតាបិតាបង្កើត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែគិតគូរ ពីសុខភាពរបស់ប្រជាពលរដ្ឋ រស់នៅតាមទីជនបទដាច់ស្រយាល ដែលខ្វះទឹកស្អាតប្រើប្រាស់ នៅរដូវប្រាំង។
ប្រជាពលរដ្ឋ ដែលរស់នៅស្រុកទាំងពីរខាងលើ បានឲ្យដឹងថា តំបន់នេះ នៅពេលដែលរដូវប្រាំង ចូលមកដល់ គឺខ្វះខាតទឹកប្រើប្រាស់ខ្លាំងណាស់ ដែលតម្រូវ ឲ្យពួកគាត់ទៅរកទឹកនៅកន្លែងឆ្ងាយៗ រឺទិញទឹកគេ។ ម្យ៉ាងទៀត ទឹកទាំងនោះគ្មានសុវត្ថិភាពទៀតផង។
ប្រជាពលរដ្ឋ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខក្នុងការរស់នៅរបស់ពួកគាត់។
ឆ្លៀតក្នុងឱកាសប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋនេះដែរ លោកស្រីប្រធានមូលនីធិ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ពិនិត្យ ពិគ្រោះ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។
លើសពីនោះទៀត បើមានប្រជាពលរដ្ឋ ដែលមានជំងឺធ្ងន់ធ្ងរ លោកស្រីប្រធានមូលនីធិ និងបញ្ជូនមកព្យាបាលនៅភ្នំពេញ ក្រោមការឧបត្ថម្ភដល់ថ្លៃថ្លា ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។
សូមបញ្ជាក់ដែរថា គិតចាប់តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០២០នេះ មូលនីធិអណ្តូងទឹកស្អាតមាតាបិតាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដោះស្រាយបញ្ហាទឹកស្អាត ជូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅទូទាំងប្រទេស តាមរយៈការធ្វើអណ្តូងទឹកស្អាត បានចំនួនជាង៨០០អណ្តូងហើយ និងបានដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ បានជិត៦០០អណ្តូង៕