(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ បានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យចាត់ការតាមច្បាប់ ចំពោះ Facebook មួយដែលបានយកឈ្មោះរបស់លោកទៅប្រឌិតព័ត៌មាន ពាក់ព័ន្ធនឹងជំងឺកូរ៉ូណាថ្មី ឬ Covid-19 នៅក្នុងប្រទេសកម្ពុជា។
ការសម្រេចដាក់ពាក្យប្ដឹងនេះ បានធ្វើឡើងបន្ទាប់ពី Facebook ឈ្មោះ រិទ្ធីវង្ស ឡុង បានបង្ហោះព័ត៌មានមិនពិតមួយលើបណ្ដាញសង្គមរបស់ខ្លួន ដោយបំភ្លៃថា កម្ពុជាមានជំងឺកូរ៉ូណាថ្មីទៀត ដោយជននេះបានបង្ហោះភ្ជាប់ជាមួយនឹងការបង្ហោះរូបភាពជនជាតិបារាំងម្នាក់ដែលស្រវឹងស្រាដួល នៅម្ដុំវត្តសារាវន្ត។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ទាំងក្រុមប្រឆាំង និងជនអនាមិកជាច្រើន បានចាប់ផ្តើមបង្ហោះព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ពាក់ព័ន្ធជំងឺកូរ៉ូណាថ្មី ដោយពួកគេបំផុសបំផុលថា កម្ពុជាមានអ្នកកើតជំងឺកូរ៉ូណាថ្មីច្រើន ប៉ុន្តែរដ្ឋាភិបាលបានបិទមិនឱ្យផ្សព្វផ្សាយ។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គឺរហូតមកទល់ពេលនេះ កម្ពុជាមិនទាន់មានវត្តមាននៅជំងឺកូរ៉ូណាថ្មី ទៀតឡើយ ក្រៅតែពីបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចេញពីក្រុងវូហាន ប្រទេសចិន ហើយចូលមកកម្ពុជា កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២០ ប៉ុន្តែទោះជាយ៉ាងនេះក្តីជនជាតិចិនរូបនោះ ត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅកាន់ប្រទេសចិនវិញផងដែរ៕