(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះថា កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមរកម្ចាស់ Facebook មួយឈ្មោះ «Sdam Husen» ដែលបន្តប្រឌិតព័ត៌មានជាបន្តបន្ទាប់អំពីជំងឺកូរ៉ូណាថ្មី បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។
ការស្វែងរកម្ចាស់ហ្វេសប៊ុកខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវដោយ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ដោយលោកស្រីអំពាវនាវឱ្យសមត្ថកិច្ចចាប់ខ្លួនជននេះមកផ្ដន្ទាទោសតាមច្បាប់ ដោយសារតែជននេះបានបំភ្លៃព័ត៌មានច្រើនលើកច្រើនសារ ដើម្បីបង្កឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសមានការភ័យខ្លាច។
បេីតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គឺរហូតមកទល់ពេលនេះកម្ពុជាមិនទាន់មានវត្តមាននៅជំងឺកូរ៉ូណាថ្មី ទៀតឡើយ ក្រៅតែពីបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចេញពីក្រុងវូហាន ប្រទេសចិន ហើយចូលមកកម្ពុជា កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២០ ប៉ុន្តែទោះជាយ៉ាងនេះក្តីជនជាតិចិនរូបនោះ ត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅកាន់ប្រទេសចិនវិញផងដែរ៕