(កណ្តាល)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង មូលដ្ឋាន ស្រុកពញាឮ នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤២ អណត្តិទី៥ នៅស្នាក់ការបក្ស ក្នុងស្រុកពញាឮ ខេត្តកណ្តាល។
អង្គពិធី មានការចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកពញាឮ គណៈកម្មាធិការគណបក្ស ស្រុក ឃុំ យ៉ាងច្រើនកុះករ ។
ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ លោក លឹម គានហោ បានលើកឡើងនូវខ្លឹមសាររបស់អង្គមហាសន្និបាត ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនអង្គប្រជុំជ្រាប និងលើកឡើងអំពីផែនការការងារ ព្រមទាំងបានដាក់ទិសដៅ សម្រាប់ក្រុមការងារគ្រប់លំដាប់ថ្នាក់ យកទៅអនុវត្តនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជូនបក្ស និងប្រជាជន។
លោក លឹម គានហោ បានបញ្ជាក់ថា អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណសន្តិភាព មានសន្តិភាពទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ។
បន្ទាប់មកលោករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យការសាងសង់ ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ដែលបានធ្វើការសាងសង់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០២០ គិតមកដល់ថ្ងៃនេះ សម្រេចបានប្រមាណ ៣០% និងការងារស្ថាបនាផ្លូវក្រាលកៅស៊ូជាង១០គីឡូម៉ែត្រ ឆ្លងកាត់ឃុំភ្នំបាត ជ្រៃលាស់ និងឃុំឈ្វាំង ជំហានទី ១ សម្រេចបានប្រមាណ៧០% ហើយ៕