(ភ្នំពេញ)៖ មន្ត្រីយោធាម្នាក់ បានទាញកាំភ្លើងបាញ់មួយប្រាវ ចំនួន៣គ្រាប់ ហើយរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ដែលបណ្ដាល ឲ្យត្រូវចំបងថ្លៃរបស់ខ្លួន រងរបួសយ៉ាងទម្ងន់ និងត្រូវបញ្ជូនទៅសម្រាកព្យាបាល សង្គ្រោះអាយុជីវិតយ៉ាងបន្ទាន់ នៅមន្ទីរពេទ្យកាលម៉ែត។
ការរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិត ដោយសារគ្រាប់កាំភ្លើង៣គ្រាប់នេះ គឺបណ្ដាលមកពីជនរងគ្រោះជាបងថ្លៃ ស្ទុះទៅឃាត់ប្អូនថ្លៃ ដែលជាមន្ត្រីយោធា នៅពេលកំពុងកើតជម្លោះយ៉ាងខ្លាំង ហើយបង្កទៅជាអំពើហិង្សា ជាមួយភរិយារបស់ខ្លួន។
ករណីហិង្សារវាងភរិយា បង្កឡើងដោយស្វាមី ជាមន្ត្រីយោធា ដែលបានបាញ់ចំនួន៣គ្រាប់ ទៅលើបងថ្លៃបណ្ដាលឲ្យរងរបួស ដេកពេទ្យកាលម៉ែតសង្គ្រោះបន្ទាន់ ខាងលើនេះ គឺបានផ្ទុះឡើងយ៉ាងខ្លាំង ស្ថិតនៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាវេលាម៉ោងប្រមាណជា៤៖៤០នាទីល្ងាច ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រភពច្បាស់ការមួយ ដែលអ្នកយកព័ត៌មាន Fresh News ទទួលបានពីមន្ត្រីជាន់ខ្ពស់មួយរូប លួចបង្ហើបប្រាប់ គឺក្នុងពេលនេះ កម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងអាវុជហត្ថ រាជធានីភ្នំពេញ បាននិងកំពុងតែបន្តតាមស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យជាមន្ត្រីយោធា កំពុងរត់គេចខ្លួនហើយ បន្ទាប់ពីកើតជម្លោះទាស់ពាក្យសំដី បង្កទៅហិង្សាជាមួយភរិយារបស់ខ្លួន និងបានបាញ់ចំនួន៣គ្រាប់ បណ្ដាលឲ្យបងថ្លៃរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលទៅជួយឃាត់ (ប្ដី-ប្រពន្ធ)។
មន្ត្រីជាន់ខ្ពស់ដដែលនេះ បានបញ្ជាក់ថា ជនបង្កឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា ជាអនុសេនីយ៍ឯក ស្នាក់នៅកន្លែងកើតហេតុ (រត់គេចខ្លួនបាត់ហើយ)។ ឯជនរងគ្រោះជាបងថ្លៃឈ្មោះ ប៊ន តុលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ (រងរបួសដៃទាំងសងខាង ត្រកៀកខាងឆ្វេង និងខ្នង)៕