(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងសំណល់សំរាមនៅក្នុងខេត្តសៀមរាប ជាពិសេសនៅតំបន់ឧទ្យានជាតិអង្គរ រួមទាំងតំបន់ប្រាង្គប្រាសាទផ្សេងៗ គឺធ្វើការរៀបចំបានយ៉ាងល្អ ដូច្នេះ រមណីយដ្ឋានឧទ្យានជាតិអង្គរ ត្រូវតែមានបរិស្ថានល្អ និងពុំមានការបំពុលដោយប្លាស្ទិក ស្របតាមពាក្យស្លោក «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ»។
ការវាយតម្លៃបែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកដបទឹកដល់សិស្សានុសិស្ស នៅវិទ្យាល័យបន្ទាយស្រី ដើម្បីកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី។
លោក នេត្រ ភក្ត្រា បានបន្តថា ចំណុចនេះ ជាការលើកទឹកចិត្ត និងសូមគាំទ្រសកម្មភាពទាំងអស់នេះ ជាពិសេសសូមឱ្យអាជ្ញាធរ បង្កើនការយកចិត្តទុកដាក់លើការរក្សាសំណល់សំរាម ហើយអីឡូវនេះ ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា នៅខេត្តសៀមរាប បានចុះមកផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារសំណល់ប្លាស្ទិក ដល់ប្រជាសហគមន៍ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីគ្រប់គ្រងសំណល់សំរាមឱ្យបានត្រឹមត្រូវ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការបដិសេធការប្រើប្រាស់ប្លាស្ទិកដូចជា ថង់យួរដៃ ដបទឹកបរិសុទ្ធ ជាដើមនេះ វាជួយមានបរិស្ថានស្អាត គ្មានការបំពុលដោយសំរាមប្លាស្ទិក ខណៈសំណល់ផ្នែកនេះត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថាន ដោយសារតែវាត្រូវការពេលវេលាជាច្រើនរយឆ្នាំ ដើម្បីធ្វើការបំបែកធាតុ ឬរលួយនៅលើផែនដី។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបន្ថែមទៀតថា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងហើយបោះចោល គឺប្រជាពលរដ្ឋចាំបាច់ត្រូវកែប្រែទម្លាប់ដោយរួមគ្នា កាត់បន្ថយប្លាស្ទិក ព្រោះសំណល់ប្លាស្ទិក គឺជាបញ្ហាគំរាមកំហែងចម្បងចំពោះប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍមនុស្សទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា តំបន់រមណីយដ្ឋានអង្គរ គឺជាទីតាំងរមណីយដ្ឋានដ៏ល្បីដែលមានទេសចរគ្រប់ជាតិសាសន៍ចូលទៅទស្សនា ដែលការណ៍នេះទាមទារនូវបរិស្ថានស្អាត គ្មានការបំពុលដោយសំណល់ប្លាស្ទិក។
បើតាមលោក នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ប្រជាសហគមន៍ថា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងហើយបោះចោល គឺប្រជាពលរដ្ឋចាំបាច់ត្រូវកែប្រែទម្លាប់ដោយរួមគ្នា កាត់បន្ថយប្លាស្ទិក ព្រោះសំណល់ប្លាស្ទិក គឺជាបញ្ហាគំរាមកំហែងចម្បងចំពោះប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍមនុស្សទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា បានកត់សម្គាល់ថា ក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់ចំពោះគម្រោងនិងសកម្មភាពរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដែលបានផ្តួចផ្តើមគំនិតអនុវត្តគម្រោងការអប់រំអំពីប្លាស្ទិក ក្នុងគោលបំណងផ្លាស់ប្តូរផ្នត់គំនិតប្រជាពល រដ្ឋលើទម្លាប់នៃការប្រើប្រាស់ប្លាស្ទិកដោយអនុវត្តតាមគោលការណ៍ ៤អ៊ែរ៖ កាត់បន្ថយការប្រើប្រាស់ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងការបដិសេធប្រើប្រាស់ប្លាស្ទិក។ អង្គការនឹងចែកចាយដបទឹកចំនួន ៤០០០០ ដបជូនដល់ អនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ ៥៦ នៅជុំវិញទីរួមខេត្តសៀមរាបក្នុងរយៈពេល ២ឆ្នាំ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការសហការចូលរួមរបស់អង្គការ CRST ក្នុងការបង្រៀនមេរៀនពីបរិស្ថានដល់សិស្សានុសិស្ស អំពីបរិស្ថាន ការកាត់បន្ថយប្លាស្ទិក ចែកដបទឹកបរិស្ថានសកម្មភាពនេះមានគោលបំណងដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋអោយចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន កុំចោលសំរាមផ្តេសផ្តាស យកចិត្តទុកដាក់លើផាសុខភាព។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានអនុវត្តគម្រោងគ្មានប្លាស្ទិកដោយសហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរផ្នត់គំនិតប្រជាពល រដ្ឋលើទម្លាប់នៃការប្រើប្រាស់ប្លាស្ទិកដោយអនុវត្តតាមគោលការណ៍ ៤អ៊ែរ៖ កាត់បន្ថយការប្រើប្រាស់ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងការបដិសេធប្រើប្រាស់ប្លាស្ទិក។
ចំណែកលោក Aviv Palti ស្ថាបនិកមកពីប្រទេសអូស្ត្រាលី ដែលបានបង្កើតអង្គការជឿជាក់លើសិស្សជនបទកម្ពុជា នៅខេត្តសៀមរាប បានឲ្យដឹងថា ដបទឹកធ្វើពីអាលុយមីញ៉ូមចំនួន៤០.០០០ដប បាននឹងកំពុងចែកចាយដល់សិស្ស និងលោកគ្រូ អ្នកគ្រូនៅអនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ៥៦ នៅជុំវិញទីរួមខេត្តសៀមរា ក្នុងរយៈពេល២ឆ្នាំទៅមុខ៕