(ព្រះវិហារ)៖ ដើម្បីលើកកម្ពស់ការផលិតបន្លែគ្រប់ប្រភេទរបស់ប្រជាកសិករ ក៏ដូចជាការផ្តល់នូវភាពជឿជាក់ដល់អតិថិជនសម្រាប់ទិញបន្លែសុវត្ថិភាព មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងរដ្ឋបាលស្រុកជ័យសែន បានបើកដំណើរការស្តង់លក់បន្លែសុវត្ថិភាពមួយកន្លែង ដើម្បីឱ្យប្រជាកសិករបង្កើនការលក់ដូរកាន់តែច្រើន។
ការបើកសម្ពោធដំណើរស្ដង់លក់បន្លែជាផ្លូវការ ត្រូវបានធ្វើឡើងនាថ្ងៃទី២៩ ខែកុម្ភៈ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក រស់ ហេង អភិបាលស្រុកជ័យសែន ស្ថិតនៅឃុំស្អាង ក្នុងស្រុកជ័យសែន។
លោក ពឹង ទ្រីដា បានថ្លែងថា ការបើកឱ្យមានស្ដង់លក់បន្លែសុវត្ថិភាពនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនបរិមាណការលក់បន្លែសុវត្ថិភាព ក្នុងស្រុកជួយដល់អាជីវករដើម្បី ពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។
លោកបន្តថា បើគេចង់ទិញបន្លែសុវត្ថិភាពក្នុងស្រុកយកទៅទទួលទាន គឺពិតណាស់គេនឹងមកទិញនៅស្តង់នៅទីនោះហើយ ដោយសារគេជឿជាក់ថាស្តង់របស់កសិករលក់បន្លែសុវត្ថិភាព បន្លែធម្មជាតិ ដែលដាំដុះដោយកសិករក្នុងស្រុកដោយមិនប្រើប្រាស់ជីគីមី។
លោក ពឹង ទ្រីដា បានបន្តឲ្យដឹងទៀតថា ស្តង់បន្លែសុវត្ថិភាពនេះ ជាស្តង់ទី២ នៃកម្មវិធីអាសស្ប៉ាយ បន្ទាប់ពីស្តង់ទី១ ដែលបានសាងសង់នៅស្រុកឆែប។
លោកថា ក្នុងឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត កម្មវិធីអាសស្ប៉ាយនៃមន្ទីរកសិកម្មខេត្តព្រះវិហារ មានផែនការពង្រីកការសាងសង់ស្តង់បន្លែទៅតាមឃុំ និងស្រុកដទៃទៀត ដែលមានបណ្តុំអាជីវកម្មបន្លែនៅទូទាំងខេត្ត ដោយសហការជាមួយអ្នកប្រមូលទិញ និងអាជីវករដទៃទៀត ដើម្បីពង្រីកទីផ្សារបន្លែសុវត្ថិភាព ដែលដាំដុះដោយកសិករក្នុងតំបន់ឱ្យបានទូទាំងខេត្តព្រះវិហារ។
ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរកសិកម្មខេត្ត ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមលើកទឹកចិត្តដល់ប្រជាកសិករ ដែលដាំដុះបន្លែធម្មជាតិ ដោយអញ្ជើញទៅទិញបន្លែនៅស្តង់បន្លែសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពក្រុមគ្រួសារ៕