Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តព្រះវិហារ សន្យាកសាងសមិទ្ធផលនានា ជូនពលរដ្ឋដែលរស់នៅក្នុងព្រៃជាច្រើនឆ្នាំ នៅស្រុកឆែប

29-02-2020 21:04

(ព្រះវិហារ)៖ ដើម្បីបង្ខិតភូមិរណបមួយដែលមានប្រជាពលរដ្ឋរស់នៅក្នុងព្រៃជាច្រើនឆ្នាំ ឱ្យនៅកៀកក្បែរនឹងទីប្រជុំជននោះ ថ្ងៃនេះអាជ្ញាធរខេត្តព្រះវិហារដឹកនាំដោយលោក គោស៊ុំ ប៊ុនសឿត អភិបាលស្តីទីខេត្តព្រះវិហារ និងលោក សុក សាន្តតារា អភិបាលស្រុកឆែប នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះពិនិត្យដល់ទីតាំងភូមិផ្ទាល់ ដើម្បីស្វែងយល់ពីភូមិសាស្ត្រ និងជីវភាពរស់នៅជាក់ស្តែង។

លោក គោស៊ុំ ប៊ុនសឿត បានថ្លែងជម្រាបជូនប្រជាពលរដ្ឋថា ដោយសារកត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត និងអាចប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងស្រួល និងតាមតម្រូវការស្របតាមច្បាប់ ចំណែកប្រទេសជាតិក៏មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ តាំងពីទីប្រជុំជនរហូតដល់តំបន់ជនបទដាច់ស្រយាល ជាក់ស្តែងដូចជានៅខេត្តព្រះវិហារជាដើម។

លោកបន្តថា ក្រោមការណែនាំរបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ថ្ងៃនេះលោករួមជាមួយលោកអភិបាលស្រុកឆែប បានដឹកនាំសមត្ថកិច្ចពាក់ព័ន្ធចុះមកពិនិត្យដល់ទីតាំងរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិរណបនេះ ដើម្បីសិក្សាពីភូមិសាស្ត្រ និងជីវភាពរស់នៅជាក់ស្តែង និយាយរួមក្នុងគោលបំណងអភិវឌ្ឍន៍ភូមិរណបក្នុងព្រៃនេះ ឱ្យកៀកជាមួយនឹងទីប្រជុំជនស្រុកឆែប។

ម្យ៉ាងទៀត ការចុះមកពេលនេះគឺពិនិត្យមើលវឌ្ឍនភាពការកសាងអគារសិក្សាមួយខ្នងមាន ៣បន្ទប់ មានទំហំ ៦ម៉ែត្រ គុណ ២១ម៉ែត្រ ដែលគាំទ្រដោយរដ្ឋបាលស្រុកឆែប មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអង្កការទស្សនពិភពលោកប្រចាំស្រុកឆែប។ ជាមួយគ្នានោះ ក៏បាននាំអំណោយលោកទេសរដ្ឋមន្ត្រី មាស សុភា មានថវិកា និងសម្ភារៈមកចែកជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅទីនោះផងដែរ។

សូមបញ្ជាក់ថា ភូមិរណបនេះមាឈ្មោះថា ភូមិពញាចន្ទ របស់ភូមិម្លូរព្រៃ ឃុំម្លូរព្រៃមួយ ស្រុកឆែប។ ភូមិរណបនេះមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីទីរួមស្រុឆែប ហើយផ្លូវដែលអាចធ្វើដំណើរដល់ភូមិនេះ គឺមានតែផ្លូវរទេះប៉ុណ្ណោះ។

កាលដើមឡើយ ភូមិនេះមានប្រជាពលរដ្ឋរស់នៅប្រហែល ១០គ្រួសារ តែពេលនេះមាន ៣៣គ្រួសារ មានប្រជាជនសរុប ១៣៤នាក់ ក្នុងនោះស្រី ៧២នាក់។ ក្រោយទទួលបានសំណូមពរជាច្រើនពីប្រជាពលរដ្ឋរស់នៅភូមិរណបនេះ អាជ្ញាធរខេត្តនឹងអភិវឌ្ឍន៍ភូមិនេះ ធ្វើយ៉ាងណាឱ្យកៀកនឹងទីប្រជុំជន ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕