(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីប្រមូល និងចែករំលែកព័ត៌មានជូនដល់ ពលករ និងពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងជំងឺកូរ៉ូណាថ្មី ឬ Covid-19។
ទំព័រ Facebook របស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា បន្ទាប់ពីបានទៅប្រជុំជាច្រើនដងជាមួយអាជ្ញាធកូរ៉េ តាមរយៈក្រសួងការបរទេសកូរ៉េ នៅព្រឹក ថ្ងៃសៅរ៍ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថានទូតបានកោះប្រជុំជាមួយលោកគ្រូ អ្នកគ្រូដែលធ្វើការនៅតាមមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលពួកគាត់ធ្វើការដោយផ្ទាល់ជាមួយបងប្អូនពលករ ងាយស្រួលក្នុងការប្រមូល និងចែករំលែកព័ត៌មានដល់ពលរដ្ឋខ្មែរ។
ស្ថានទូតកម្ពុជាបានបន្តថា ក្រុមការងារពិសេស និងចំពោះមុខដែលមានសមាសភាពដូចជាមន្ត្រីទូតទាំងអស់ ព្រមទាំងអ្នកដែលធ្វើការនៅតាមមជ្ឈមណ្ឌលគាំពារពលករ គាំពារស្ត្រី (គ្រប់តំបន់ទូទាំងប្រទេសកូរ៉េ) និងប្រធានសមាគមខ្មែរ ត្រូវបានស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបង្កើតឡើងដើម្បីធ្វើការ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍ តាមរយៈបណ្តាយសង្គម និងលេខទូរស័ព្ទពិសេស។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០២០នេះ នៅប្រទេសកូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូរ៉ូណាថ្មី បានកើនដល់ចំនួន៣១៥០នាក់ហើយ ក្នុងនោះបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន១៦ នាក់ផងដែរ។ ដោយឡែក នៅថ្ងៃសៅរ៍នេះ នៅប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមានអត្រាឆ្លងលំដាប់ទី២ បន្ទាប់ពីប្រទេសចិន ក៏មានអ្នកឆ្លងថ្មីចំនួន២១៩ នាក់ថែមទៀត៕