(បន្ទាយមានជ័យ)៖ ព្រះវិហារបុរាណមួយដែលមានអាយុកាល ២៦១ឆ្នាំ ក្នុងវត្តសុវណ្ណក្ខាសត្ថារាមទានខ័ណ្ឌ (ហៅវត្តទានកាំ) ស្ថិតនៅឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទទួលបានការជួសជុលឡើងវិញ ក្នុងតម្លៃជាង ៨ម៉ឺនដុល្លារ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ពិធីសម្ពោធព្រះវិហារខាងលើនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។
នាឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងរម្លឹកពីរបបសាហាវយង់ឃ្នងប្រល័យពូជសាសន៍ ពីឆ្នាំ១៩៧៥-១៩៧៩ វត្តទានកាំដែលមានអាយុកាល ២៦១ឆ្នាំ មួយនេះ ត្រូវបានបំផ្លិចបំផ្លាញមិនខុសពីវត្តអារាមនានាដែរ ដែលត្រូវពួកខ្មែរក្រហម ប៉ុល ពត រុះរើយកទៅធ្វើរោងបាយសហករ ហើយព្រះវិហារនេះត្រូវបានយកធ្វើជាជង្រុកស្រូវ។
លោកបានបន្តថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ទើបបានរស់រាន និងរីកចម្រើននៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមកិច្ចខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍ពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន ហើយការរីកចម្រើនវិស័យព្រះពុទ្ធសាសនា គឺបានបង្ហាញឱ្យឃើញពីការរីកចម្រើនធូរធា នៃជីវភាពរស់នៅរបស់ប្រជាពុទ្ធបរិស័ទ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងពាំនាំបណ្តាំសួរទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងក្នុងមូលដ្ឋានភូមិសាស្រ្តស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋទាំងអស់គ្នា ដែលបានរួមគ្នាស្រលាញ់សន្តិភាព ថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិ ដើម្បីមានឱកាសអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើនរុងរឿងលឿនទៅមុខ។
ជាទ្រនាប់ដៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី បានពាំនាំនូវអំណោយជាថវិកា និងសម្ភារៈផ្តល់ជូន យាយជី តាជី ៥០នាក់ ម្នាក់ៗទទួលបានក្រណាត់ ១ដុំ សារុង ១ ថវិកា ១ម៉ឺនរៀល សិស្សានុសិស្ស ១០០នាក់ ម្នាក់ៗទទួលបានប៊ិច សៀវភៅ សារុង ១ ថវិកា ៥ពាន់រៀល ប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបានសារុង ១ នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ក្រុមគ្រូពេទ្យ ក្នុង១អង្គភាពៗទទួលបានថវិកា ៥០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ២១នាក់ ម្នាក់ៗទទួលបានសារុង ១ និងថវិកា ២ម៉ឺនរៀល។
ក្នុងពិធីនោះក៏មានបំពាក់មេដាយស្ថាបនាជាតិ និងគ្រឿងឥស្សរិយយសជូនសប្បុរសជន ព្រះសង្ឃ និងគ្រហស្ថ ដែលបានចូលរួមបវិច្ចាកនូវធនធានចូលរួមកសាងនូវអារាមនេះផងដែរ៕