(កំពង់ស្ពឺ)៖ លោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូជាច្រើននាក់ ដែលជាម្ចាស់ជំនួយ អង្គការអភិរក្សព្រៃឈើ និងសត្វព្រៃ, វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ទៅធ្វើទស្សនកិច្ច នៅសហគមន៍ព្រៃឈើប្រាំបីមុម ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សហគមន៍ព្រៃឈើនេះ បានបង្កើតឡើងនៅឆ្នាំ២០០៣ ដែលមានប្រជាជន ចូលរួមសរុបចំនួន៦៧៨គ្រួសារ ស្មើនឹង២២៦៩នាក់ (ស្រ្ដីចំនួន១៣៧២នាក់) ដើម្បីធ្វើការគ្រប់គ្រងព្រៃសហគមន៍ទំហំ៩៣៧ហិកតា ដែលជាប្រភេទព្រៃល្បោះរេចរិល។ សហគមន៍ព្រៃឈើ បានទទួលប្រកាសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ និងបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ព្រៃសហគមន៍នេះ ជាតំបន់ទេសភាពខ្ពង់រាប និងភ្នំដ៏ស្រស់ត្រកាល និងសំបូរដោយធនធានសត្វព្រៃ ជ្រូកព្រៃ ឆ្កែចចក ជាពិសេសសំបូរដោយសត្វទន្សោង និងជាសក្ដានុពលដ៏ធំផ្នែកទេសចរណ៍ធម្មជាតិ។
ក្នុងឱកាសនោះ លោកបណ្ឌិត កែវ អូម៉ាលីស្ស បានបញ្ជាក់ថា «គោលបំណងសំខាន់ ដែលរដ្ឋបាលព្រៃឈើ នាំប្រតិភូមកទស្សនកិច្ចសហគមន៍ព្រៃឈើប្រាំបីមុម ដើម្បីអញ្ជើញវិស័យឯកជន ម្ចាស់ជំនួយ អង្គការក្នុងស្រុក និងក្រៅស្រុក រួមទាំងនិស្សិតផងដែរ ដើម្បីឲ្យពួកគាត់បានមើលឃើញដោយផ្ទាល់ អំពីភាពជោគជ័យ របស់សហគមន៍ព្រៃឈើរបស់យើង ដែលបានការពារទាំងព្រៃឈើ និងសត្វព្រៃ ពិសេសគឺសត្វទន្សោងតែម្តង ដែលជាប្រភេទជិតផុតពូជ បានយ៉ាងល្អ ដោយមិនបានពឹងផ្អែកលើជំនួយណាមួយ គឺធ្វើការអភិរក្សដោយស្ម័គ្រចិត្តដោយខ្លួនឯង ហើយមិនមានថវិកានោះទេ ប៉ុន្តែភាពជោគជ័យយ៉ាងធំធេង»។
លោកបន្តថា ដោយសារតែភាពជោគជ័យ របស់សហគមន៍ព្រៃឈើប្រាំបីមុមនេះហើយ ទើបរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែជំរុញនូវការងារជីវភាពសហគមន៍ ដោយប្រមូលជាកម្លាំងជួយដល់សហគមន៍នេះ ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជន១៦លាននាក់របស់កម្ពុជា ដែលនរណាៗក៏អាចអញ្ជើញមកមើលសត្វព្រៃនៅទីនេះបាន។
ជាមួយគ្នានេះ លោកប្រធានរដ្ឋបាលព្រៃឈើ បានបន្តថា ទោះបីជាកន្លងមកមានការចូលរួម ឧបត្ថម្ភគាំទ្រពីអង្គការដៃគូ និងសប្បុរសជនមួយចំនួន តែសហគមន៍នៅមានកង្វះនូវសម្ភារៈ និងថវិកាដើម្បីបម្រើដល់ការគ្រប់គ្រងព្រៃសហគមន៍។ ដូចនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ រដ្ឋភិបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធ្វើការគាំទ្រសកម្មភាពមួយចំនួនដូចជា៖ ១៖សាងសង់អគារថ្មស្នាក់ការសហគមន៍, ២៖ផ្ដល់ឡានដឹកទឹក សម្រាប់ពន្លត់ភ្លើងឆេះព្រៃ, ៣៖ឧបត្ថម្ភប្រាក់ សម្រាប់អ្នកដើរល្បាតព្រៃ, ៤៖ជីកប្រឡាយទឹក, ៥៖ផ្ដល់សូឡាបូមទឹក, ៦៖ផ្ដល់ស៊ីទែនស្ដុកទឹក, ៧៖ផ្ដល់ GPS, ៨៖ផ្ដល់អាវយឺតជាដើម។
លោកបន្តថា រដ្ឋបានព្រៃឈើ នឹងទទួលយកនូវការចូលរួមឧបត្ថម្ភគាំទ្រពីអង្គការដៃគូ និងសប្បុរសជនានា ក្នុងការចូលរួមចំណែក ដល់ការគ្រប់គ្រងព្រៃសហគមន៍ប្រាំពីមុម ឲ្យមាននិរន្ដរភាព និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុំ បញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះអ្នកល្បាតការពារព្រៃឈើ និងសត្វព្រៃ ក្នុងសហគមន៍មានចំនួន១៦នាក់ ដោយធ្វើការល្បាតទាំងយប់ទាំងថ្ងៃ បំពេញការងារដោយស្ម័គ្រចិត្តចាប់តាំងពីឆ្នាំ២០០៣មក ដើម្បីការពារសត្វព្រៃ។
លោក សឿន ឡាយ បញ្ជាក់ថា «តំបន់នេះយើងមានសត្វទន្សោងមានប្រមាណ៨០ក្បាល មានសត្វជ្រូកព្រៃ សត្វឈ្លួស ឆ្កែចចក សត្វក្ងោក ដែលជាសត្វជិតផុតពូជ បើយើងមិនធ្វើការអភិរក្សវាទេនោះ»។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន សប្បុរសជននានា សូមបន្តជួយគាំទ្រ និងឧបត្ថម្ភដល់សហគមន៍ ដើម្បីបន្តសកម្មភាពការពារសត្វព្រៃ និងព្រៃឈើឲ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអ្នកជំនាន់ក្រោយ។
សូមជម្រាបថា ក្នុងឱកាសដឹកនាំប្រតិភូចុះធ្វើទស្សនកិច្ចនៅសហគមន៍ព្រៃឈើប្រាំបីមុមនោះ លោកបណ្ឌិត កែវ អូម៉ាលីស្ស បាននាំយកនូវអំណោយជាថ្នាំពេទ្យ សម្លៀកបំពាក់ និងថវិកាមួយចំនួនឧបត្ថម្ភដល់សហគមន៍ និងបានរៀបចំពិធីក្រុងពាលី សាងសង់ទីស្នាក់ការរបស់សហគមន៍ ដែលមានតម្លៃជាង៣ម៉ឺនដុល្លារ ជាអំណោយរបស់លោកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP គ្រុបផងដែរ៕