(គូឡាឡាំពួ)៖ លោក មូហ៍យីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) អាយុ៧២ឆ្នាំ ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស បឺសាទូ (Bersatu) របស់បណ្ឌិត មហាធៀ មហាំម៉ាត់ គឺជាអ្នកនយោបាយជើងចាស់មួយរូប ដែលទើបត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី សម្រេចព្រះទ័យជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីថ្មី នៃសហព័ន្ធម៉ាឡេស៊ី ហើយលោកនឹងត្រូវស្បថឡើងកាន់តំណែងនេះ ជាផ្លូវការនៅវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។
១៖ ជីវប្រវត្តិសង្ខេបរបស់លោក Muhyiddin Yassin
* ឈ្មោះពេញ៖ មូហ៍យីដឌីន ប៊ីន ហាជី មហាម៉ាត់ យ៉ាសស៊ីន (Muhyiddin bin Haji Muhammad Yassin)
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៤៧ (អាយុ៧២ឆ្នាំ)
* ស្រុកកំណើត៖ ក្រុងទេសចរដ៏ល្បីល្បាញ មូអារ (Muar) នៃរដ្ឋចូហរ (Johor)
* ភរិយា៖ លោកស្រី ណូអូរ៉ៃនី អាប់ឌុល រ៉ាហ៍មែន (អាយុ ៤៨ឆ្នាំ)
* កូន៖ សរុបចំនួន ០៦នាក់
២៖ កម្រិតវប្បធម៌របស់លោក Muhyiddin Yassin
* ចាប់តាំងពីធំដឹងក្តីលោក Muhyiddin បានទទួលការសិក្សានៅសាលារៀនក្នុងក្រុង Muar របស់រដ្ឋ Johor ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យ។
* បន្ទាប់មកទៀត លោក Muhyiddin បានចូលរៀនសាកលវិទ្យាល័យម៉ាឡាយ៉ា (University of Malaya) នៅទីក្រុងគូឡាឡាំពួ។
* នៅឆ្នាំ១៩៧១ លោក Muhyiddin ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងការសិក្សាអំពីជាតិម៉ាឡេ (Malay Studies)។
៣៖ បទពិសោធន៍ការងារក្រោយបញ្ចប់ការសិក្សារបស់លោក Muhyiddin Yassin
* បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ លោក Muhyiddin បានចូលបម្រើការងារ ឲ្យផ្នែកសេវាកម្មសាធារណៈក្នុងនាមជាជំនួយការផ្នែកហ្វឹកហ្វឺន និងអាហារូបករណ៍។
* នៅឆ្នាំ១៩៧៤ លោកត្រូវបានតែងតាំងជាជំនួយការក្នុងការិយាល័យក្រុង (ADO) នៅក្នុងក្រុង Muar ដែលលោករស់នៅតែម្តង។
* ជាបន្តបន្ទាប់មកទៀតលោក Muhyiddin បានប្តូរពីការបម្រើការងាររដ្ឋទៅបម្រើការងារឯកជនវិញ និងធ្លាប់បានធ្វើជាថ្នាក់ដឹកនាំក្នុងក្រុមហ៊ុនមួយចំនួន ចាប់ពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ១៩៧៨។
៤៖ ការឈានជើងចូលឆាកនយោបាយរបស់លោក Muhyiddin Yassin
* ការពិតទៅលោក Muhyiddin មានទំនោរទៅរកឆាកនយោបាយ តាំងតែពីទើបបញ្ចប់ការសិក្សានៅឆ្នាំ១៩៧១ ដោយលោកបានចូលរួមជាសមាជិក នៃចលនានយោបាយមួយ (គណបក្ស) មានឈ្មោះថា UMNO ក្នុងឆ្នាំដដែលនោះ។
* នៅឆ្នាំ១៩៧៦ លោក Muhyiddin ត្រូវបានតែងតាំងជាប្រធានយុវជន នៃចលនា UMNO និងក្រោយមកលោកក៏បានក្លាយជាប្រធានយុវជនរបស់ UMNO ប្រចាំរដ្ឋ Johor។
* តំណែងរបស់លោក Muhyiddin បានហក់ឡើងយ៉ាងលឿន និងជាបន្តបន្ទាប់ នៅក្នុងគណបក្សយុវជន UMNO នៃរដ្ឋ Johor ហើយនៅទីបំផុតក្នុងការបោះឆ្នោត សកលនៅឆ្នាំ១៩៨៦ លោកអាចដណ្តើមបានអសនៈមួយក្នុងសភារដ្ឋ Johor។
៥៖ ការឈានជើងចូលក្នុងជួរដ្ឋាភិបាលរបស់លោក Muhyiddin Yassin
* ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៩ លោក Muhyiddin កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា។
* ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៤ លោក Muhyiddin កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងស្រុក។
* ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ លោក Muhyiddin កាន់តំណែងជារដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្ម។
* ចាប់ពី២០០៨ ដល់ឆ្នាំ២០០៩ លោក Muhyiddin កាន់តំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម។
* លោក Muhyiddin ត្រូវបានអតីតរដ្ឋបាលលោក ណាជីប រ៉ាហ្សាក់ តែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំនៅឆ្នាំ២០០៩។
៦៖ ដំណើរនយោបាយចុងក្រោយ និងការក្លាយខ្លួនជានាយករដ្ឋមន្ត្រីរបស់លោក Muhyiddin Yassin
* នៅខែកក្កដា ឆ្នាំ២០១៦ លោក Muhyiddin បានចុះឈ្មោះបង្កើតគណបក្សថ្មីមួយ ដែលមានឈ្មោះថា ផាទី ព្រីប៊ូមិ បឺសាទូ ម៉ាឡេស៊ី (PPBM ឬ Bersatu) ជាមួយបណ្ឌិត មហាធៀ មហាំម៉ាត់ ដោយលោក Muhyiddin មានតំណែងប្រធាន ហើយលោក មហាធៀ ជាអគ្គលេខាធិការបក្ស។
* នៅក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៨ គណបក្ស Bersatu ទទួលបានអសនៈច្រើននៅក្នុងសភាជាតិ ហើយត្រូវរួមគ្នាជាមួយគណបក្ស PKR របស់លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim), គណបក្ស DAP និងគណបក្ស PAN សរុបចូលគ្នាបានចំនួន១២៩អសនៈ ដើម្បីបង្កើតចេញជារដ្ឋាភិបាលចំរុះ។
* លោក មហាធៀ ត្រូវបានគណបក្សចំរុះគាំទ្រធ្វើជានាយករដ្ឋមន្ត្រី។
* នៅក្នុងការបង្កើតបក្សចំរុះ Pakatan Harapan (PH) ដើម្បីគ្រប់គ្រងរដ្ឋាភិបាល លោក មហាធៀ បានសន្យាថា នឹងប្រគល់តំណែងនាយករដ្ឋមន្ត្រី ឲ្យលោក Anwar វិញមិនឲ្យលើសពីរឆ្នាំ។
* ភាពមិនច្បាស់លាស់កើតឡើងជាបន្តបន្ទាប់ ក្រោយលោក មហាធៀ ត្រូវបានគេមើលឃើញថា មិនមានចេតនាផ្ទេរតំណែងឲ្យលោក អាន់វ៉ា តាមការសន្យា។
* នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក មហាធៀ ដាក់ពាក្យលាលែងពីតំណែងនាយករដ្ឋមន្ត្រីដ៏គួរឲ្យភ្ញាក់ផ្អើល ថ្វាយព្រះមហាក្សត្រ ហើយលោកក៏លាលែងពីតំណែងអគ្គលេខាធិការបក្ស Bersatu ផងដែរ។
* ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ អាប់ឌុលឡាហ៍ បានសម្រេចព្រះទ័យយល់ព្រមតាមលិខិតលោក មហាធៀ តែទ្រង់បានស្នើលោកធ្វើជា នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ដើម្បីដឹកនាំប្រទេសរហូតដល់គណៈរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។
* លោក មហាធៀ និងលោក អាន់វ៉ា អះអាងរៀងៗខ្លួនអំពីលទ្ធភាពអាចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
* បុគ្គលបីរូបត្រូវបានគេមើលឃើញថា ជាជម្រើសល្អបំផុតសម្រាប់តំណែងនាយករដ្ឋមន្ត្រីមានដូចជា លោក Muhyiddin, លោក មហាធៀ និងលោក អាន់វ៉ា។
* នៅទីបំផុតលោក Muhyiddin Yassin ត្រូវបានព្រះមហាក្សត្រ សម្រេចព្រះទ័យជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី ដោយស្របទៅតាមរដ្ឋធម្មនុញ្ញមាត្រា៤០ និង៤៣ នៃសហព័ន្ធម៉ាឡេស៊ី។
គួរបញ្ជាក់ថា ការស្បថឡើងកាន់តំណែងរបស់លោក Muhyiddin Yassin នឹងត្រូវធ្វើឡើងនៅព្រះរាជវាំង អ៉ីស្តាណា ណេហ្គារ៉ា (Istana Negara) នៃទីក្រុងគូឡាឡាំពួ នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទីព្រឹក៕
ប្រភព៖ Wikipedia, Straits Times, CNA (ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០)