(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានបញ្ជូនមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរបស់ខ្លួន មកកាន់កម្ពុជា ដើម្បីស្វែងយល់ផលប៉ះពាល់ នៃការខ្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ និងការព្យួរផ្នែកមួយចំនួន នៃការអនុគ្រោះពន្ធ EBA ដើម្បីពិនិត្យលទ្ធភាពក្នុងការគាំទ្រ របស់រដ្ឋាភិបាលចិនជួយដល់កម្ពុជា។
លោក យ៉ាង វ៉ីឈុន (Yang Weiqun) អគ្គនាយករងនៃអគ្គនាយកដ្ឋាន កិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញ បានចូលជួបមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ពីគោលបំណងរបស់ខ្លួនដឹកនាំគណៈប្រតិភូមកកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា លោក យ៉ាង វ៉ីឈុន បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកម្ពុជានាពេលនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគស្របតាមប្រសាសន៍ របស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងជំនួបពិភាក្សាការងារនៅទីក្រុងប៉េកាំង នៅថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅថា កម្ពុជា និងចិនជាមិត្តដែកថែក ដែលសហការគ្នា ដើម្បីកសាងអនាគតរួមគ្នា។
លោក យ៉ាង វ៉ីឈុន បានថ្លែងថា «ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណងសំខាន់ ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃកង្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់រោងចក្រកាត់ដេរ និងពីការព្យួរផ្នែកមួយ នៃការអនុគ្រោះពន្ធក្រោមក្របខណ្ឌ EBA ដល់រោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងលទ្ធភាពនៃការគាំទ្ររបស់រដ្ឋាភិបាលចិនដល់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់ទាំងនេះ ក៏ដូចជាក្នុងការលើកទឹកចិត្តដល់សហគ្រាសចិន ឲ្យមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជាបន្ថែមទៀត»។
លោក ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ ខណៈដែលប្រទេសចិនទាំងមូល កំពុងតែចាត់វិធានការតឹងរឹង ប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើមថ្មី Covid-19 និងបានជម្រាបជូនគណៈប្រតិភូ អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមសុខរួមទុក្ខជាមួយមិត្តចិន នៅគ្រប់កាលៈទេសៈ ដែលជាក់ស្តែងត្រូវបានសរបញ្ជាក់តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅ។
លោកបានជម្រាបជូន គណៈប្រតិភូអំពីការប៉ាន់ស្មាន នូវផលប៉ះពាល់ជាបន្ទាន់ ពីការខ្វះខាតវត្ថុធាតុដើម ដល់វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលមួយចំនួនធំ ជាការវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន និងផលប៉ះពាល់នាពេលអនាគតដ៏ខ្លី ពីការព្យួរផ្នែកមួយ នៃការអនុគ្រោះពន្ធក្រោមក្របខណ្ឌ EBA ដល់ វិស័យនានា។
លោកបានជម្រាបជូន គណៈប្រតិភូនូវវិធានការបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ទល់នឹងផលប៉ះពាល់ខាងលើ និងបានពាំនាំនូវសំណើរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីទៅរដ្ឋាភិបាលចិន មេត្តាជួយសម្រួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើម ដល់បណ្តារោងចក្រនៅកម្ពុជា, លើកទឹកចិត្ត ដល់អ្នកវិនិយោគចិន ឲ្យបន្តការបណ្តាក់ទុននៅកម្ពុជា, ជំរុញការបើកទីផ្សារចិនដល់ផលិតផលកម្ពុជា និងខិតខំបញ្ចប់ការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឲ្យបានឆាប់រហ័ស។
ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការ បន្តកិច្ចសហការគាំទ្រ ដល់ប្រតិបត្តិការរបស់សហគ្រាសចិននៅកម្ពុជា និងទាក់ទាញការវិនិយោគពីចិន មកកម្ពុជាបន្ថែមទៀត ក្នុងវិស័យនានា ជាពិសេស ក្នុងការផលិតវត្ថុធាតុដើម បម្រើឲ្យវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងក្នុងការត្រៀមលក្ខណៈទទួលយក សហគ្រាស ដែលធ្វើការបម្លាស់ទី ពីប្រទេសចិនមកកាន់កម្ពុជា៕