(សៀមរាប)៖ ពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានរៀបចំនៅសាលមហោស្រព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រោមអធិបតីរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី, លោក ពិន ប្រាកដ អភិបាលរងខេត្ត, លោកសាស្ត្រចារ្យ យ៉ៃ ច័ន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងលោក លោកស្រី ជាមន្ត្រីរាជការ នៃមន្ទីរសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាព រួមនិងមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធផងដែរ។
សូមរំលឹកថា លោក តៃ គុយស៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត ដែលតែងតែខិតខំយកចិត្តទុកដាក់ខ្ពស់ ចំពោះ ការបំពេញតួនាទី ភារកិច្ចក្នុងការត្រួតពិនិត្យ ពិគ្រោះ ថែទាំ និងព្យបាលជំងឺជូនបងប្អូនប្រជាជន ដោយការគោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន និងផ្ដល់អនុសាសនស៍ ណែនាំអំពីរបៀបឆ្លង និងវិធានការការពារជំងឺឆ្លង COVID-19។
បើតាមការបូកសរុបរបស់អង្គសន្និបាទ បានឱ្យដឹងថា អង្គសន្និបាទ បានពិភាក្សាពីលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៩ បញ្ហាប្រឈម និងលើកទិសដៅការងារឆ្នាំ២០២០ លើចំណុច ១. កម្មវិធីសុខភាពបន្តពូជមាតា និងទារក, ២. កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង, ៣. កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង, ៤. ការពង្រឹងប្រព័ន្ធសុខាភិបាល។
ក្នុងនោះក៏មានការបង្ហាញលទ្ធផលរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧, ការបង្ហាញរបស់មន្ទីរពេទ្យកុមារអង្គរ, និងការបង្ហាញរបស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលចំណុចឱ្យមន្ទីរសុខាភិបាល ផងដែរ។
អ្វីដែលសំខាន់និងចំពោះមុខ អង្គសន្និបាទ បានលើកបង្ហាញពីជំងឺ COVID-19 និងវិធានការការពារ និងអំពីកិច្ចការរបស់ក្រុមការងារចត្តាឡីស័កខេត្តសៀមរាប និងបង្ហាញពីសភាពការណ៍ វិវត្តន៍របស់ជំងឺ COVID-19 ជំងឺនេះ វាឆ្លងរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីតំបន់មួយទៅតំបន់មួយ ពីគ្រឹះស្ថានសុខភាពសាធារណៈទៅទីប្រជុំជន មានដូចជាសាលារៀន វត្តអារ៉ាម ទីផ្សារជាដើម។ ហើយដើម្បីការពារកុំឱ្យឆ្លងយើងមានយុទ្ធសាស្ត្រ៥យ៉ាង ដូចជា៖
*១ ៖ ពេលក្អក ឬកណ្ដាស់ត្រូវយកកន្សែង/ក្រម៉ា ឬក្រដាស់បិទច្រមុះ និងមាត់ឱ្យជិត ហើយយកដាក់ក្នុងធុងសម្រាម បើគ្មានក្រដាស់, កន្សែង, ក្រម៉ាទេ ត្រូវយកកែងដៃខ្ទប់កុំឱ្យខ្ទាតទៅលើអ្នកដទៃ។ *២ ៖ ធ្វើការលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាម៊ូក្រូច អាកុកហ្ស៊ែល មុនពេលចាប់កាន់ចំណីអាហារបរិភោគ ឬនៅពេលដែលមានភាពកខ្វក់
*៣ ៖ ហាមមិនត្រូវយកដៃទៅប៉ះច្រមុះ មាត់ ឬភ្នែកឡើយ
*៤ ៖ ត្រូវនៅឆ្ងាយពីអ្នកដែលមានសង្ស័យ ឱ្យបាន១ម៉ែត្រកន្លះ មុនពេលចាប់កាន់ចំណីអាហារ ឬទឹកសំបោរ ហើរមកប៉ះយើង។
ក្នុងករណីមានរោគសញ្ញាក្ដៅខ្លួន ៣៨អង្សាសេ រួមជាមួយសញ្ញាក្អក, ហៀរសំបោរ, ហត់, ដង្ហើមខ្លី, ធ្លាប់បានទៅប្រទេសចិន ឬប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ឬអ្នកស្លាប់ដែលសង្ស័យថាមានជំងឺ COVID-19 ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ក្នុងកំឡុងពេល១៤ថ្ងៃមុន ត្រូវប្រញាប់រកសេវាព្យាបាល និងរាយការណ៍ទៅទូរស័ព្ទលេខ ១១៥ របស់នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង ក្រសួងសុខាភិបាល ភ្លាមដើម្បីរកការអន្តរាគមន៍ជាបន្ទាន់៕