(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីសមិទ្ធផលរបស់អាជ្ញាធរជាតិអប្សរារយៈពេល២៥ឆ្នាំកន្លងមក ឱ្យកាន់តែទូលំទូលាយថែមទៀត ក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូកសហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំការតាំងពិព័រណ៍សមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ជូនសិស្ស-និស្សិត ព្រះសង្ឃ និងសាធារណជនមកពីបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថាននានា នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ទន្ទឹមនឹងការរៀបចំតាំងពិព័រណ៍នេះ អាជ្ញាធរជាតិអប្សរាក៏នឹងរៀបចំធ្វើបាឋកថា ក្រោមប្រធានបទផ្សេងៗពាក់ព័ន្ធនឹងការងាររបស់អាជ្ញាធរជាតិអប្សរា ដើម្បីរំលេចពីសមិទ្ធផលសំខាន់ៗ របស់អាជ្ញាធរជាតិអប្សរាក្នុងការអភិរក្ស និងគ្រប់គ្រងប្រាសាទ ទឹក ព្រៃឈើ និងសហគមន៍ ក្នុងរមណីយដ្ឋានអង្គរ ដល់សិស្ស-និស្សិត ព្រះសង្ឃ ក៏ដូចជាសាធារណជនសិក្សាស្វែងយល់បន្ថែមផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាជាតិអប្សរា តំណាងលោស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «សមិទ្ធផល២៥ឆ្នាំមកនេះ គឺយើងអភិវឌ្ឍភ្ជាប់ជាមួយនឹងការអភិរក្សតំបន់អង្គររបស់យើង ឱ្យលាតសន្ធឹងដ៏រឹងមាំស្ថិតស្ថេរ រាប់ពាន់ឆ្នាំបន្ថែមទៀត, ការជួសជុលនូវប្រព័ន្ធគ្រប់គ្រងទឹកបន្ថែមទៀត ឱ្យកាន់តែល្អប្រសើរសម្រាប់ ទ្រទ្រង់ជុំវិញប្រាសាទ ជូយរំដោះទឹកជំនន់ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញអង្គរ រួមទាំងផ្លូវជាតិផងដែរ»។
ជាងនេះទៅទៀត «បច្ចុប្បន្ននេះ យើងកំពុងសាងសង់ផ្លូវថ្មី សម្រាប់តែជិះកង់ប៉ុណ្ណោះ ដែលមិនឋិតនៅលើផ្លូវរថយន្ដនោះទេ មានប្រវែង២៣គីឡូ ដែលនឹងបញ្ចប់ការសាងសង់នៅខែកក្កដាខាងមុខ។ ការសាងសង់នេះ គឺមានអត្ថប្រយោជន៍ច្រើន ដើម្បីការពារប្រាសាទឱ្យនៅគង់វង្ស មិនឱ្យមានខ្សែបំពុលពេលមេឃភ្លៀងធ្វើឱ្យមានជាតិអាស៊ីតច្រើន ឆាប់ខូតថ្មប្រាសាទ, ទាក់ទាញភ្ញៀវទេសចរណ៍ អាចដំណើរកំសាន្ដបានយូរ នៅតាមផ្ទះអ្នកភូមិ ដែលអាចបង្កើតជាមុខរបបនៅតាមផ្ទះបានយ៉ាងស្រួល លើសពីនោះ គឺសុវត្ថិភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋយើង ពិសេសកុមារជិះកង់ពីភូមិ ទៅសិក្សារៀនសូត្រ»។
តែទោះជាយ៉ាងណា នៅតែមានបញ្ហាមួយចំនួន ដែលត្រូវមានការចូលរួចចំណែកដ៏ធំបំផុតពីប្រជាពលរដ្ឋយើង ក្នុងការថែរក្សាតំបន់ប្រាសាទរបស់យើងទាំងអស់គ្នា ឱ្យស្ថិតនៅគង់វង្សរាប់ពានលានឆ្នាំតទៅទៀត ក្រៅពីបញ្ហាការផ្លាស់ប្ដូរអាកាសធាតុ, អាយុកាលនៃថ្មប្រាសាទ, ក្នុងនោះក៏មានភាពរញ៉េររញៃនៃអ្នកលក់ដូរ ដែលទាមទារឱ្យប្រជាពលរដ្ឋយើងយល់ និងអធ្យាស្រ័យគ្នា, ការសាងសង់ខុសច្បាប់, ការកាប់បំផ្លាញព្រៃឈី ដើម្បីយកដីលក់ ។ដូច្នេះ សូមចូលរួមថែរក្សាកេរ្ដិ៍តំណែលដូនតាយើង ដោយជួយផ្សព្វផ្សាយព័ត៌ល្អៗរបស់យើង, កុំសាងសង់ផ្ទះរបស់ខ្លួននៅក្នុងតំបន់អង្គរ និងសូមកុំទៅទិញដីក្នុងតំបន់នោះ»។ នេះ បើតាមការបញ្ជាក់របស់លោកបណ្ឌិត ហង់ ពៅ។
ជាមួយគ្នានោះ លោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន និងមូលនិធិផ្កាឈូក និងជាតំណាងក្រុមហ៊ុនអារ៉ាខាវ៉ា នៃគម្រោងលំនៅឋានអារ៉ាខាវ៉ា បានថ្លែងថា «ទោះសមិទ្ធផលដ៏ត្រចះត្រចង់ នៃសកម្មភាពចំនួន២៥ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា ឆ្នាំ១៩៩៥ ដល់ ឆ្នាំ២០២០ បន្តពីការតាំងពិព័រណ៍ប្រកបដោយជោគជ័យ នៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែកុម្ភៈ ថ្មីៗនេះហើយក្ដី ខ្ញុំសូមរៀបចំនៅរាជធានីភ្នំពេញបន្ថែម ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋយើង ពីការចូលរួមចំណែកការពារថែរក្សាទ្រព្យសម្បត្ដិរបស់ដូនតាយើង។ ហើយខ្ញុំនឹងរៀបចំ នៅឆ្នាំក្រោយៗទៀត និងឱ្យបានកាន់តែញឹមញាប់» ។
ការចូលរួមរៀបចំនេះ ជាឱកាសមួយជួយផ្សព្វផ្សាយនូវបេសកកម្មចម្បងៗរបស់អាជ្ញាធរជាតិអប្សរា ពីការធានាកិច្ចការពារ ការអភិរក្ស និងការលើកតម្លៃសម្បត្តិវប្បធម៌ធម្មជាតិនៅក្នុងតំបន់សៀមរាប-អង្គរ, បង្កើត និងដឹកនាំការអភិវឌ្ឍទេសចរណ៍វប្បធម៌នៃតំបន់សៀមរាប-អង្គរ និងដឹកនាំសកម្មភាពនៃការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។ សកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ប្រាកដណាស់ថា បានលើកស្ទួយនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល តាមរយៈការរៀបចំរមណីយដ្ឋានអង្គរ ឲ្យក្លាយទៅជាចំណុចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យមកទស្សនា និងនាំមកនូវចំណូលដល់ប្រជាជនកម្ពុជា។
ដូច្នេះ «ខ្ញុំសូមអំពាវនាវ ដល់ក្រុមហ៊ុន ឯកជនទាំងអស់ ចូលរួមចំណែក អភិវឌ្ឍ ភ្ជាប់ជាមួយនឹងការអភិរក្សចំពោះកេរ្ដិ៍ដំណែលដូនតាយើង ជាពិសេសជួយគាំទ្រ និងផ្សព្វផ្សាយបំផុសដល់ប្រជាពលរដ្ឋយើង ឱ្យមានការយល់ដឹង ពីការចូលរួមចំណែក ក្នុងការរក្សាការពារកេរ្ដិ៍ដំណែលដូនតាយើង»។
លោក អៀង សុធារ៉ា បន្ដថា ក្រុមហ៊ុនអារ៉ាខាវ៉ា កំពុងសាងសង់លំនៅឋានអារ៉ាខាវ៉ាក្នុងតម្លៃសមរម្យចំនួនប្រមាណជា៣,០០០ Units អាចលក់លំនៅឋានរបស់ខ្លួនបានដោយល្អ ក៏ព្រោះតែអតិថិជនរបស់ខ្លួន មានប្រាក់ចំណូលដែលបន្ទាប់ពីចំណាយប្រចាំថ្ងៃហើយ អាចនៅសល់ប្រាក់ខ្លះ ដើម្បីសន្សំទិញលំនៅឋាន។ ប្រាក់ចំណូលទាំងអស់នេះ គឺមួយចំណែក បានមកពីការចំណាយរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅតំបន់អង្គរនេះតែម្តង។ ដូច្នេះ បើមិនមានស្នាដៃដ៏ត្រចះត្រចង់ ដែលកើតចេញពីការបំពេញកិច្ចការដ៏លះបង់របស់អាជ្ញាធរជាតិអប្សរាទេ ក៏ក្រុមហ៊ុនជាច្រើននៅកម្ពុជានេះ មិនអាចរីកចម្រើនដូចសព្វថ្ងៃបានដែរ ជាពិសេសគឺក្រុមហ៊ុននេះតែម្តង។
ពិព័រណ៍២៥ឆ្នាំនៅទីក្រុងភ្នំពេញនេះ នឹងជួយលើកទឹកចិត្តប្រជាពលរដ្ឋយើង និងជាពិសេសវិស័យឯកជន ឲ្យនាំគ្នាចូលរួមចំណែកកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរា ទាំងក្នុងការគាំទ្រ ការថែរក្សា ការលើកទឹកចិត្ត ទាំងផ្នែកស្មារតីនិងថវិកា ដើម្បីឲ្យអាជ្ញាធរជាតិអប្សរា លោកអាចបន្តបំពេញកិច្ចការដោយមោទកភាព ថាកិច្ចការនេះ ពោរពេញទៅដោយការគាំទ្រពីប្រជាពលរដ្ឋខ្មែរ និងពីវិស័យឯកជន និងគ្រប់ស្ថាប័នទាំងអស់។ ជាពិសេស គឺការជួយផ្សព្វផ្សាយនូវសមិទ្ធផលនេះឲ្យបានទូលំទូលាយថែមទៀត ក្នុងចំណោមប្រជាពលរដ្ឋ ខ្មែរនិងប្រជាអន្តរជាតិ៕