(ភ្នំពេញ)៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះផ្តល់ស្នាមញញឹមដល់ក្មួយៗកុមារ នៅក្នុងសាលាបឋមសិក្សាភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមរយៈបេសកកម្មថ្មីគឺ TYDA ចុះតាមសាលារៀនដែលជាកម្មវិធីអប់រំសុខភាពកុមារទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញកុមារ។
លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ទទួលបន្ទុកបេសកកម្ម TYDA ចុះតាមសាលារៀន បានបញ្ជាក់ថា គោលបំណងនៃបេសកកម្មនេះ គឺជួយជំរុញសុខភាពមាត់ធ្មេញកុមារដោយប្រើប្រាស់វិធីសាមញ្ញៗ ដែលអាចការពារការឈឺចាប់ រោគពុកធ្មេញ និងការបង្ការរោគផ្សេងៗ តាមរយៈការអប់រំសុខភាពទូទៅដោយផ្ដោតលើអនាម័យ សុវត្ថិភាពអាហារក្នុងសាលានិងជំងឺរលាកផ្លូវដង្ហើម Covid 19 និងជំងឺមាត់ធ្មេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ដល់ដំបូន្មានល្អដល់ក្មួយៗ សិស្សានុសិស្សរស់នៅស្អាត ហូបស្អាត ផឹកស្អាតដើម្បីសុខភាពល្អហើយរៀនឲ្យបានពូកែ ដើម្បីក្លាយជាកូនល្អ សិស្សល្អមិត្តល្អនៅក្នុងសង្គម។
គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមការងារគ្រូពេទ្យសមាគមTYDA ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់ក្មួយនៅទីនេះ។
សូមបញ្ជាក់ថា នេះគឺជាបេសកកម្មថ្មីមួយទៀតរបស់សមាគម TYDA ចុះតាមសាលារៀន ដើម្បីអប់រំសុខភាពទូទៅ ជំងឺមាត់ធ្មេញ និងពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗសិស្សានុសិស្ស។ ជាក់ស្ដែងនៅថ្ងៃនេះ បានអប់រំសុខភាព និងព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗសិស្សានុសិស្សចំនួន ៤៩៦នាក់៕