(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានលើកឡើងថា ស្ត្រីគ្រប់ជាន់ថ្នាក់ គឺជាមាតាដៃមួយពាន់ និងដៃមួយម៉ឺន ក្នុងកិច្ចការក្នុងគ្រួសារ និងជួយអភិវឌ្ឍសង្គមជាតិ ឲ្យមានការរីកចម្រើន។
ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី០៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោម ប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងបន្តថា រដ្ឋបាលខេត្ត មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺ ដោយសារពាក្យថា «អរគុណសន្តិភាព» ដែលនាំឲ្យនាវាកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ដោយសេដ្ឋកិច្ចជាតិក្នុងខេត្តត្បូងឃ្មុំ មានការកើនឡើងគួរឲ្យកត់សម្គាល់ តាមរយៈការជួយ ជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជាវិស័យឯកជន ក្នុងនោះ ទំនិញនាំចេញនាំចូលក៏មាន ការកើនឡើងផងដែរ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា តម្លៃនៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញ ឲ្យមានការចូលរួម គ្រប់ស្ថាប័ន រួមទាំងបុរសនិងស្ត្រី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់ សិទ្ធិស្ថានភាពជីវភាព ឋានៈតួនាទី របស់ស្ត្រី និងសុខុមាលភាពសង្គម ដើម្បី អភិវឌ្ឍធនធានមនុស្សប្រកបដោយ គុណភាពនិងប្រសិទ្ធភាព។
លោកថា ពិសេសជាងនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង និងបានចាត់ទុកសមភាពយេនឌ័រ និងការបង្កើនភាពអង់អាច ដល់ស្ត្រីជាការងារអាទិភាព ដែលត្រូវបន្តអនុវត្ត។
គួរបញ្ជាក់ថា ទិវាអន្តរជាតិនារី សម្រាប់រំលឹកពីការតស៊ូរបស់នារី ពលករទូទាំងសកលលោក ដើម្បីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តន៍ សិទ្ធិ ស្មើភាពគ្នារវាងបុរសនិងនារី ដោយភ្ជាប់ជាមួយពាក្យស្លោកថា «មួយថ្ងៃធ្វើការ៨ម៉ោង» «ធ្វើការស្មើគ្នាបៀវត្សស្មើគ្នា» និង «ការពារសុខភាពមាតានិងកុមារ»។
នាឱកាសនោះដែរ លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ក៏បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនដល់អង្គពិធី ឲ្យបានជ្រួតជ្រាតពីខ្លឹមសារដ៍មានអត្ថន័យផងដែរ៕