(ភ្នំពេញ)៖ តំណាងរបស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានសម្តែងការមិនពេញចិត្តនោះឡើយចំពោះ សេចក្តីថ្លែងការរបស់គណៈប្រតិភូសហភាពអឺរ៉ុប លើស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និងបានចាត់ទុកសេចក្តីថ្លែងការណ៍នេះថា មានភាពភាពលម្អៀងក្រោមហេតុផលនយោបាយ និងមានស្តង់ដារពីរ។
គណៈប្រតិភូសហភាពអឺរ៉ុបតំណាងដោយប្រទេសអូស្ត្រាលី និងបារាំង ក្នុងកិច្ចប្រជុំលើកទី៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានលើកឡើង ពីឱនភាពមួយចំនួនលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិភាប្រជាធិបតេយ្យនៅកម្ពុជា។ គណៈប្រតិភូសហភាពអឺរ៉ុប បានអំពាវនាវជាថ្មីម្តងទៀត ឱ្យរាជរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ និងបើកលំហសេរីភាពនយោបាយ អង្គការសង្គមស៊ីវិល សេរីភាពសារព័ត៌មាន ព្រមទាំងដោះលែងសកម្មជនអតីតគណបក្សប្រឆាំងឱ្យមានសេរីភាពឡើងវិញ។
តបទៅនឹងការលើកឡើងនេះ លោក អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងបទអន្តរាគមន៍របស់ខ្លួននៅក្នុងកិច្ចប្រជុំលើកទី៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនាទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ថា ស្ថានភាពជាក់ស្តែងលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានបើកលំហយ៉ាងទូលំទូលាយ។
លោកបន្តថា នៅកម្ពុជា គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលគោរពច្បាប់អាចធ្វើប្រតិបត្តិការដោយសេរី លើកលែងតែស្ថាប័នប្រព្រឹត្តខុសច្បាប់ ដែលត្រូវហាមឃាត់។ លោក អាន សុខខឿន បានគូសបញ្ជាក់ថា ករណីនេះ ក៏ដូចគ្នាទៅនឹងប្រទេសដទៃទៀតដែលមានវត្តមាននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។
លោក អាន សុខខឿន បានសង្កត់ធ្ងន់ថា «បទល្មើស គឺជាបទល្មើស ហើយមិនអាចប្រើជាទឡ្ហីករណ៍សម្រាប់គោលបំណងផ្សេងណាមួយទៀតនោះឡើយ»។
តំណាងរបស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិរូបនេះ ក៏បានកត់សម្គាល់ដែរថា បណ្តាប្រទេសខ្លះមានកំណត់ត្រាមិនទាន់ល្អនៅឡើយលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា មានដូចជាការវាយប្រហារទៅលើសេរីភាពសារព័ត៌មាន ច្បាប់ប្រឆាំងនឹងការធ្វើបាតុកម្ម គោលនយោបាយរើសអើងជនអន្តោប្រវេសន៍ និងការមិនអត់ឱនចំពោះជនជាតិភាគតិច។
លោក អាន សុខខឿន បានគូសបញ្ជាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃការមិនធ្វើនយោបាយភាវូបនីយក្មបញ្ហាសិទ្ធិមនុស្ស។ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា លោក អាន សុខខឿន សង្ឃឹមថា បណ្តាប្រទេសដែលធ្វើរបាយការណ៍មិនល្អចំពោះកម្ពុជានេះ គួរជៀសវាងការប្រើប្រាស់សិទ្ធិមនុស្សជាឧបករណ៍នយោបាយ និអនុវត្តន៍ស្តងដារពីរ ប្រសិនបើចង់បង្កើតបរិយាកាសនៃទំនុកចិត្ត និងភាពជឿជាក់បានរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៕