(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺននាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ និងវគ្គបំប៉នជំនាញទ័ពព្រៃជំនាន់ទី៦ របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ថា កម្លាំងប្រដាប់អាវុធត្រូវប្រកាន់ខ្ជាប់លើការសិក្សាយុទ្ធវិធី យុទ្ធសាស្ត្រ វិន័យ និងសណ្តាប់ធ្នាប់។
នៅក្នុងសុន្ទរកថាស្វាគមន៍បស់លោកឧត្តមសេនីយ៍ទោ ពេជ្រ សំអុន នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺន បានគូសបញ្ជាក់ថា អនុវត្តផែនការផែនការហ្វឹកហ្វឺនកងទ័ពជើងគោក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកបានដំណើរការបើកវគ្គហ្វឹកហ្វឺនចំនួន ២វគ្គ គឺវគ្គនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ និងវគ្គបំប៉នជំនាញទ័ពព្រៃជំនាន់ទី៦ ត្រូវបានបិទបញ្ចប់នាពេលនេះ ដោយបានឆ្លងកាត់ការសិក្សារៀនសូត្រអស់រយៈពេល ៩១ថ្ងៃ កន្លងងមក ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានមកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោកចំនួនសរុប ២២១នាក់។
សិក្សាលើខ្លឹមសារមេរៀនមានលំហាត់របៀប វិន័យច្បាប់យោធា បច្ចេកទេសអាវុធថ្មើរជើង ជំនាញវិស្វកម្ម ឋានលេខា យុទ្ធវិធីជំនាញទ័ពព្រៃ និងអប់រំចិត្តសាស្ត្រ។
ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ បំប៉នជំនាញទ័ពព្រៃជំនាន់ទី៦ នាឱកាសនោះ លោក ចាន់ នន់វិទ្យា ក្នុងនាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តប្រកបដោយការកែច្នៃ និងប្តេជ្ញាចិត្តខ្ពស់របស់ឧត្តមសេនីយ៍ទោ ឈុន ឆេង នាយរងសេនាធិការ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក ព្រមទាំងនាយករង នាយទាហាន នាយទាហានរង និងពលទាហានចំណុះមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក គ្រូយោធាចារ្យ សិក្ខាកាម និងបណ្តាជំនាញពាក់ព័ន្ធទាំងអស់ ដែលបានសហការជាធ្លុងមួយបានធ្វើឲ្យវគ្គនេះបញ្ចប់ទទួលលទ្ធផលល្អគួរជាទីគាប់ចិត្ត។
លោក ចាន់ នន់វិទ្យា បានគូសបញ្ជាក់ពីគោលបំណងសារៈសំខាន់ការហ្វឹកហ្វឺនបំប៉ននាយទាហានរងជាន់ខ្ពស់ និងតួនាទីភារកិច្ចជំនាញទ័ពព្រៃ សំដៅធ្វើឲ្យយោធិនគ្រប់រូបទទួលបាននូវចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបង្កើនដល់សមត្ថភាព គុណភាពជំនាញគ្រប់គ្រាន់ ក្នុងការដឹកនាំបញ្ជា ក៏ដូចជាកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ ដែលជាកត្តាចម្បងរបស់កងយោធពលខេមរភូមិន្ទ ក្នុងវិស័យការពារជាតិ និងរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ ហើយក៏ជាឱកាសមួយសម្រាប់កងទ័ពមានពេលវេលា ដើម្បីហ្វឹកហាត់នូវបណ្តាជំនាញផ្សេងៗ ដើម្បីបង្កើន និងពង្រឹងសមត្ថភាព។
លោក ចាន់ នន់វិទ្យា ក៏បានគូសបញ្ជាក់ពីតួនាទីរបស់កងយោធពលខេមរភូមិន្ទ ក្នុងនាមកម្លាំងប្រដាប់អាវុធត្រូវប្រកាន់ខ្ជាប់លើការសិក្សារៀនសូត្រនូវយុទ្ធវិធី និងយុទ្ធសាស្ត្រ វិន័យ សណ្តាប់ធ្នាប់ លក្ខន្តិកៈរបស់កងទ័ព មិនតែប៉ុណ្ណោះត្រូវប្រតិបត្តិខ្លួនឲ្យបានល្អ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងធ្វើខ្លួនឲ្យសាកសមជាកងទ័ពបម្រើប្រជាជន។
លោក ចាន់ នន់វិទ្យា សង្ឃឹមជឿជាក់ថាសិក្ខាកាមដែលបានបញ្ចប់ នាពេលនេះ វិលត្រលប់ទៅអង្គភាពខ្លួនវិញ ត្រូវយកចំណេះដឹងពីការសិក្សារៀនសូត្រទៅផ្សព្វផ្សាយបន្តដល់មិត្តរួមអង្គភាព និងបម្រើអង្គភាពឲ្យចំទិសដៅ និងមានប្រសិទ្ធខ្ពស់៕